ភ្នំពេញ៖ មន្ត្រីជំនាញ បានពិន័យយានយន្តលើ្មសច្បាប់ជាង៣ម៉ឺនគ្រឿង ក្នុងរង្វង់ទឹកប្រាក់ជាង៥១លានរៀល (ជាង១ម៉ឺនដុល្លារ) នៅខែមករា ឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលផ្សព្វផ្សាយនៅថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២០។
លោកស្រី មឹន ម៉ាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការពិន័យនេះ ធ្វើឡើងក្រោយក្រុមការងារ បានត្រួតពិនិត្យយានយន្តសរុបជាង១សែនគ្រឿង ក្នុងនោះមានម៉ូតូជាង៦ម៉ឺនគ្រឿង ដោយបានរកឃើញយានយន្តល្មើសជាង៣ម៉ឺនគ្រឿង។
ដោយឡែកក្រុមការងារល្បាតចរាចរណ៍ នៅតាមផ្លូវជាតិលេខ៤ លេខ៥ និងលេខ៦ ត្រួតពិនិត្យលើរថយន្តជាង ១៣,០០០គ្រឿង ដោយរកឃើញរថយន្តល្មើស និងពិន័យតាមច្បាប់បានជាង ៦0,000គ្រឿង។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានពិនិត្យ និងពិន័យអ្នកបើកបរយានយន្តទាំងស្ថានភាពស្រវឹង ៦00 គ្រឿង ,យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ជាង១២,000គ្រឿង និងធ្វើតេស្តរកសារធាតុញៀនលើអ្នកបើកបរ និងព្រូឡាន២៤នាក់ ហើយរកឃើញមានផ្ទុក៨នាក់ផង។ នេះបើតាម លោកស្រី មាណវី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ទាក់ទងនឹងបញ្ហាចរាចរណ៍នេះ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យមន្ត្រីនគរបាលចរាចរណ៍ទាំងអស់ បន្តអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដោយគ្មានការយោគយល់ ឬខ្លាចរអាអ្នកធំមានអំណាចណា ដែលប្រព្រឹត្តខុសច្បាប់ឡើយ។
ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែមករា ឆ្នាំ២០២០ នៅថ្ងៃទី២៧ កុម្ភៈនេះ សម្ដេច ស ខេង បាននិយាយដូច្នេះថា៖«មនុស្សគ្រប់គ្នាមានភាពស្មើគ្នាចំពោះមុខច្បាប់» គឺច្បាប់មិនសម្រាប់អ្នកតូច មិនសម្រាប់អ្នកធំឡើយ ឱ្យតែខុសច្បាប់ត្រូវតែទទួលខុសត្រូវការពិន័យ និងការផ្ដន្ទាទោស ហើយយើងជាអ្នកអនុវត្ត ក៏ត្រូវប្រកាន់ឥរិយាបថឱ្យបានសមរម្យ ជានគរបាលដែរ។ ឧទាហរណ៍ត្រូវតែលើកដៃគោរពប្រជាពលរដ្ឋជាមុនជានិច្ច មុនពេលណែនាំពលរដ្ឋពីការអនុវត្តច្បាប់»។
បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បញ្ជាឱ្យមន្ត្រីអនុវត្តច្បាប់ ពង្រាយកម្លាំងត្រួតពិនិត្យរកបទល្មើសចរាចរណ៍នៅពេលយប់ផងដែរ ខណៈពលរដ្ឋប្រព្រឹត្តផ្ទុយច្បាប់ច្រើន។ «អ្នកដំណើរបច្ចុប្បន្ននេះ ខ្លាចនគរបាលណាស់។ ជាក់ស្ដែងពេលថ្ងៃមាននគរបាលធ្វើការងារច្រើន ពួកគាត់បានពាក់មួកសុវត្ថិភាព និងគោរពច្បាប់បានច្រើន ប៉ុន្តែពេលយប់មិនសូវមានកម្លាំងនគរបាលចរាចរណ៍ឈរជើង គាត់បែរជាបំពានច្បាប់ច្រើនទៅវិញ ពិសេសមិនពាក់មួកសុវត្ថិភាពតែម្ដង ។ ដូច្នេះសម្ដេចណែនាំឱ្យបង្កើនការដាក់ពង្រាយកម្លាំងចរាចរណ៍ត្រួតពិនិត្យពេលយប់»។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង ដែលជំរុញឱ្យអាជ្ញាធរបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ និងត្រួតពិនិត្យអ្នកបើកបររថយន្តធុនធំរកសារធាតុញៀនថែមទៀត ។
នៅខែមករា ដើមឆ្នាំ២០២០នេះ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៣៥៨លើក ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ២០៦នាក់ និងរបួសចំនួន៥៥៨នាក់។ តួលេខគ្រោះថ្នាក់នេះ បានកើនឡើង២៧លើក ស្មើនឹង៨ភាគរយ បើធៀបនឹងឆ្នាំរយៈពេលដូចគ្នានៅឆ្នាំ២០១៩។ ចំណែកចំនួនអ្នកស្លាប់កើនឡើង៥៨នាក់ និងរបួសក៏កើនឡើង៤១នាក់ដែរ។ នេះបើតាមរបាយការណ៍ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែមករា ឆ្នាំ២០២០ ។
មូលហេតុគ្រោះថ្នាក់ បណ្តាលមកពីការបើកបរលើសល្បឿនកំណត់ ៤១ភាគរយ, មិនគោរពសិទ្ធិ ២២ភាគរយ ,មិនប្រកាន់ស្តាំ ១០ភាគរយ,វ៉ាជែង ១១ភាគរយ ,បត់ ៧ភាគរយ ,ស្រវឹង ៦ភាគរយ និងកត្តាយានយន្ត ៣ភាគរយ។ ភូមិសាស្ត្រមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខែមករានេះច្រើនជាងគេនោះ គឺរាជធានីភ្នំពេញ មានចំនួន៣៤នាក់, ខេត្តព្រះសីហនុ ចំនួន១៩នាក់, ខេត្តកំពង់ស្ពឺ ចំនួន១៥នាក់ និងតាមបណ្ដាខេត្តផ្សេងៗទៀត ។ នេះបើតាមលោកស្រី មាណវី ដែលបានអានរបាយការណ៍ការងារចរាចរណ៍ផ្លូវគោក ៕