កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ UEFA ថា Euro 2020 ដំណើរការ​ឬ​អត់ សម្រេច​លើ​ម្ចាស់ផ្ទះ និង WHO
03, Mar 2020 , 12:08 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) ថា​ការសម្រេចចិត្ត​លុបចោល​ការប្រកួត​រួម​ជម្រុះ (play-off) និង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ លើ​បញ្ហា​កូ​រ៉ូ​ណាវី​រុស (COVID-19) ស្ថិត​លើ​រដ្ឋាភិបាល និង​អាជ្ញាធរ​សុខាភិបាល មិនមែនជា​ដែល​សមត្ថកិច្ច​របស់​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ទៀតឡើយ​។​


 
​នាយក​ប្រតិបត្តិ UEFA បាន​ជួបប្រជុំគ្នា​នៅ​ថ្ងៃទី​២ ខែមីនា ដើម្បី​ពិភាក្សា​ជុំវិញ​ករណី​រាលដាល​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ខណៈដែល​គេ​មើលឃើញថា​ព្រឹត្តិការណ៍​កីឡា​នៅ​ទូទាំង​ពិភពលោក​ទំនង​នឹងត្រូវ​លុបចោល​ទាំងអស់​។​
 
COVID-19 បាន​បង្ខំ​ឲ្យ​ព្រឹត្តិការណ៍​កីឡា​មួយចំនួន​ត្រូវ​ផ្អាក និង​ពន្យារពេល​រួចទៅហើយ​។ តួ​យ៉ាងដូច​ក្នុងករណី​នៅ​អ៊ីតាលី នា​ការប្រកួត​បាល់ទាត់​ក្នុង​ក្របខណ្ឌ Serie A ជាច្រើន​គូ​ត្រូវបាន​ផ្អាក ដូចជា​ជំនួប​រវាង Juventus និង Inter Milan កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។ Inter ក៏ត្រូវ​បាន​លេង​ទល់នឹង​ក្រុម Ludogorets ដោយ​បិទទ្វារ​កីឡដ្ឋាន San Siro ផងដែរ​ក្នុង​ពានរង្វាន់ Europa League​។​
 
«​យើង​មាន​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ ហើយ​ការសម្រេច​បែបណា​ស្ថិតក្នុង​ដៃ​អាជ្ញាធរ​មូលដ្ឋាន យើង​នឹង​ដោះស្រាយ និង​ធ្វើតាម​អ្វីដែល​ពួកគេ​ប្រាប់​យើង​»​។ អ្នកនាំពាក្យ​របស់ UEFA បាន​និយាយ​បែបនេះ​។​
 
​អ្នកនាំពាក្យ​ខាងលើ​បន្ថែមថា ការសម្រេច​ផ្អាក​ការប្រកួត​ណាមួយ​ដោយសារ​ក្តីបារម្ភ​ពី COVID-19 គឺ​ស្ថិតក្នុង​ដៃ​របស់​អ្នកជំនាញ ជាមួយ​រដ្ឋាភិបាល​តាម​តំបន់​សម្រាប់​ស្ថានភាព​ដ៏​លំបាក​នេះ ពោលគឺ​មិនមែនជា​ដែន​សមត្ថកិច្ច​របស់​ភា​គី​គ្រប់គ្រង​កីឡាបាល់ទាត់​នោះទេ​។​
 
​លើកលែងតែ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​នៅ​តំបន់​អឺរ៉ុប​ដែល​បាន​កៅអី​សម្រាប់​ព្រឹត្តិការណ៍ Euro 2020 រួចហើយ ក្រុម​ដែល​ត្រូវ​លេង​វគ្គ play-off ចំនួន​៨​គូ​គឺ​គ្រោង​នឹង​បង្ហាញខ្លួន​នៅ​ចុងខែ​មីនា​នេះ ដើម្បី​យក​៤​ក្រុម​ទៅ​បំពេញបន្ថែម​បង្គ្រប់​២៤​ក្រុម​ទៅលេង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ខែមិថុនា ឆ្នាំ​២០២០​។ យ៉ាងណាក៏ដោយ​ការប្រកួត play-off ប្រហែលជា​ត្រូវ​ពន្យារពេល​ដោយសារ COVID-19​។​
 
​ក្រៅពី​ការប្រកួត​ក្របខណ្ឌ​អឺរ៉ុប ជំនួប​ប្រកួត​វគ្គ​ជម្រុះ World Cup ជុំ​ទី​២ តំបន់​អាស៊ី ដែល​នឹងធ្វើ​នៅ​ស្របពេល​គ្នា​នេះ ក៏​នឹង​អាច​ផ្អាក​ដែរ រួមទាំង​ការប្រកួត​មិត្តភាព​អន្តរជាតិ​ផ្សេងៗ​នៅ​ជុំវិញ​ពិភពលោក​៕

Tag:
 COVID-19
  Euro 2020
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com