COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង ប្រកាសសង្គ្រាម​ប្រឆាំង COVID-19 ខណៈ​ករណី​ឆ្លង​កើន​ជិត​ដល់​៥០០០
03, Mar 2020 , 2:14 pm        
រូបភាព
យោធាកូរ៉េខាងត្បូងបាញ់ថ្នាំសម្លាប់វីរុសក្នុងទីក្រុង Daegu ។ រូបភាព Xinhua
យោធាកូរ៉េខាងត្បូងបាញ់ថ្នាំសម្លាប់វីរុសក្នុងទីក្រុង Daegu ។ រូបភាព Xinhua
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​៣ ខែមីនា បានប្រកាស​សង្គ្រាម​ប្រឆាំង​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ថ្មី (COVID-19) ដែល​កំពុង​រាលដាល​ខ្លាំង​នៅ​កូរ៉េខាងត្បូង​។ លោក មូ​ន បានប្រកាស​ឲ្យ​ស្ថាប័ន​រដ្ឋាភិបាល​ទាំងអស់​ត្រូវ​ស្ថិតក្នុង​ការប្រុងប្រយ័ត្ន​២៤​ម៉ោង ខណៈ​ករណី​ឆ្លង​នៅ​កូរ៉េខាងត្បូង​បន្ត​កើនឡើង​រៀងរាល់ថ្ងៃ​។ ដើម្បី​ទប់ទល់​វីរុស​ប្រភេទ​ថ្មី មេដឹកនាំ​កូរ៉េខាងត្បូង ក៏បាន​បញ្ចេញ​កញ្ចប់​ទឹកប្រាក់​២៥​ពាន់​លាន​ដុល្លារ​ផងដែរ​។​

 
​គិត​ត្រឹម​ថ្ងៃទី​៣ ខែមីនា កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង COVID-19 ចំនួន​៤៨១២ ដោយ​កើន​បន្ថែម​៦០០​នាក់ ប្រៀបធៀប​ថ្ងៃទី​២ ខែមីនា​។ តួលេខ​នេះ ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​ក្លាយជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ​បំផុត​ក្រៅពី​ទឹកដី​ចិន​។ ចំណែក​អ្នកស្លាប់​វិញ​មាន​ចំនួន​៣៤​នាក់​។ 
 
​ទីក្រុង Daegu នៅតែ​ជា​តំបន់​ក្តៅ​បំផុត ដែលមាន​អ្នកជំងឺ COVID-19 ច្រើនជាងគេ​។ ប្រភព​ចម្លង​ដំបូង​បំផុត​គឺ ព្រះវិហារ Shincheonji ដែលមាន​សមាជិក​ជាង​២០​ម៉ឺន​នាក់​ឯណោះ​។ ចំណែក​ករណី​ផ្សេងទៀត ត្រូវបាន​គេ​រកឃើញ​មាននៅ​ក្នុង​ខេត្ត North Gyeongsang​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​ហៅ​ស្ថានភាព​នេះ ជាការ​ធ្វើសង្គ្រាម​មួយ​។ 
 
​នា​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្ងៃទី​៣ ខែមីនា លោក មូ​ន និយាយថា កូរ៉េខាងត្បូង បានចាប់ផ្ដើម​ធ្វើសង្គ្រាម​ប្រឆាំង COVID-19 ស្របពេល​ស្ថានការណ៍​នៅ Daegu និង​ខេត្ត​ក្បែរ​ខាង North Gyeongsang កំពុង​ប្រឈម​មុខការ​រាតត្បាត​របស់​វីរុស​នេះ​។ លោក​ក៏បាន​បញ្ជា​ឲ្យ​ស្ថាប័នរដ្ឋ​ទាំងអស់​ត្រៀមខ្លួន​២៤​ម៉ោង​លើ​២៤​ម៉ោង ព្រោះ​ស្ថានការណ៍​តម្រូវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​សហការគ្នា​គ្រប់ពេលវេលា ដើម្បី​ត្រៀម​ទប់ទល់​នឹង COVID-19 ។​
 
​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​ចំនួន​ករណី​ឆ្លង COVID-19 ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​កូរ៉េខាងត្បូង ព្រោះ​រោងចក្រ​ជាច្រើន ត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន ឯ​ក្រុមហ៊ុន​នានា ក៏ត្រូវ​ផ្អាក​ដំណើរ​មួយផ្នែកធំ​ផងដែរ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក មូ​ន ក៏​ប្រកាស​បញ្ចេញ​ប្រាក់​៣០​ទ្រី​លាន​វ៉ុ​ន ដែល​ស្មើនឹង​២៥​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ទប់ទល់​វិបត្តិ ហើយ​កំពុង​សុំ​ការអនុម័ត​ថវិកា​បន្ថែម​ពី​សភាជាតិ​ផងដែរ​។ នេះ​បើតាម Yonhap ។​
 
​អំឡុង​កិច្ចប្រជុំ​ដដែល លោក មូ​ន ក៏បាន​សុំទោស​ប្រជាជន​ចំពោះ​ការខ្វះខាត​ម៉ាស់​ការពារ​។ លោក​បានទទួល​ស្គាល់​កំ​ហុ​ស និង​បរាជ័យ​របស់​រដ្ឋាភិបាល​ដែល​មិនអាច​ផ្គត់​ផ្គង​សម្ភារ​ចាំបាច់​ឲ្យ​ប្រជាជន និង​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​បន្ទាន់​។ ការផ្ទុះ​ឡើង​វីរុស​ប្រភេទ​ថ្មី​នៅ​កូរ៉េខាងត្បូង ធ្វើ​ឲ្យ​ការតម្រូវ​ការ​ម៉ាស​កើនឡើង​ខ្លាំង​រហូត​ដាច់​ស្តុក ខណៈ​ការផ្គត់ផ្គង់ ត្រូវបាន​មើលឃើញថា យឺតយ៉ាវ​៕

Tag:
 ​កូរ៉េខាងត្បូង​
  COVID-19
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com