អន្តរជាតិ
ពលរដ្ឋនៅចិនជាង១០នាក់ បែរជាឆ្លង COVID-19 ពីប្រទេសផ្សេងទៅវិញ សិស្សចិនម្នាក់ កំពុងរៀនតាមប្រព័ន្ធអនឡាញ បន្ទាប់ពីចិនបានបិទសាលារៀន ដើម្បីទប់ស្កាត់ករណីឆ្លងCOVID-19។ រូបភាព៖ Reuters
× ករណីជនជាតិចិនឆ្លង COVID-19 ពីប្រទេសផ្សេង បានឡើងដល់១៣ហើយ បន្ទាប់ពីនាថ្ងៃទី៣ ខែមីនានេះ អាជ្ញាធរសុខាភិបាលក្រុង Qingtian ខេត្តZhejiang ប្រទេសចិន បានរកឃើញជនជាតិចិនឆ្លងCOVID-19 ពីបរទេសចំនួន ៧ករណីទៀត។ ៧ករណីចុងក្រោយនេះ ត្រូវបានបានគេអះអាងថា គឺឆ្លងមកពីអ៊ីតាលីដែលជាប្រទេសមានករណីឆ្លងច្រើននៅអឺរ៉ុប។
បន្ទាប់ពីផ្ទុះឡើងនៅចិននាចុងឆ្នាំ២០១៩ COVID-19 បានរីកសាយភាយចេញពីក្រុងវូហាន ខេត្តហ៊ូប៉ី ទៅតំបន់ផ្សេងៗរបស់ចិន និងទៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។ ប៉ុន្តែមួយរយៈពេលចុងក្រោយ ចិនកំពុងបារម្ភពីករណីនាំចូលវីរុសនេះពីប្រទេសក្រៅទៅវិញ។
នៅថ្ងៃទី៣ ខែមីនា អាជ្ញាធរសុខាភិបាលក្រុងQingtian បានរាយការណ៍ថា ខ្លួនរកឃើញជនជាតិចិនចំនួន ៧នាក់បានឆ្លងCOVID-19 ពីអ៊ីតាលី។ ក្នុងចំណោម ៧ករណីនេះ ៦ករណីគឺបានហោះចេញពីអ៊ីតាលី មកក្រុងសៀងហៃ មុនពេលមកដល់ក្រុង Qingtian ចំណែកមួយករណីទៀត បានហោះពីអាល្លឺម៉ង់ មកក្រុងសៀងហៃ មុនពេលមកដល់ក្រុង Qingtian។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បើតាមការបញ្ជាក់របស់រដ្ឋាភិបាលក្រុង Qingtian ជំងឺទាំង ៧ករណីនេះ គឺទំនងជាឆ្លងមកពីប្រភពតែមួយ ព្រោះអ្នកទាំង៧ មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺផ្ទុក COVID-19 នៅក្នុងភោជនីយដ្ឋានមួយក្នុងក្រុង Bergamo អ៊ីតាលី។ ជាមួយគ្នានេះ ចិនក៏រកឃើញករណីជនជាតិខ្លួន៤នាក់មានផ្ទុកវីរុសនេះ ក្រោយធ្វើដំណើរពីទឹកដីអ៊ីរ៉ង់ និងកូរ៉េខាងត្បូងផងដែរ ខណៈមានការឆ្លងមួយករណី កើតលើជនជាតិខ្លួនដែលធ្វើដំណើរពីទឹកដីអង់គ្លេស។
រដ្ឋាភិបាលខេត្ត Zhejiang បានអំពាវនាវឲ្យពលរដ្ឋចិនទាំងអស់ ដែលមានវត្តមាននៅបរទេសឲ្យស្នាក់នៅផ្ទះ និងការបន្ថយការធ្វើដំណើរកម្សាន្តទៅកន្លែងផ្សេងៗ ដើម្បីការពារករណីឆ្លងកូរ៉ូណាវីរុស ព្រោះដំណើរកម្សាន្ត គឺជាវិធីឆ្លងជំងឺដ៏ងាយស្រួលបំផុត ឯការស្នាក់នៅផ្ទះ គឺជាវិធីការពារដ៏ល្អបំផុត។ យ៉ាងណាក៏ដោយរដ្ឋាភិបាលខេត្ត មិនបានបញ្ជាក់ពីប្រទេសណាមួយច្បាស់លាស់ឡើយ ប៉ុន្តែទំនងជាចង់សំដៅដល់អ៊ីតាលី កូរ៉េខាងត្បូង និងអ៊ីរ៉ង់ ដែលកំពុងតែត្រូវបានអុកឡុកដោយ COVID-19 ខ្លាំង។
ដោយឡែកខេត្ត Guangdong វិញ អាជ្ញាធរនឹងស្នើឲ្យអ្នកដំណើរមកពីប្រទេសដែលកំពុងផ្ទុះCOVID-19 ទាំងអស់ ដាក់ចត្តាឡីស័កខ្លួនឯងរយៈពេល ១៤ថ្ងៃ។ ប៉ុន្តែអាជ្ញាធរខេត្ត Guangdong មិនបានបញ្ជាក់ពីប្រទេសណាមួយឡើយ។ ចាប់តាំងពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា មានអ្នកដំណើរមកពីបរទេសចំនួន ១៤៩៦នាក់ បានមកដល់ខេត្ត Guangdong ប៉ុន្តែមិនត្រូវបានគេរកឃើញមានផ្ទុក COVID-19 ឡើយ៕
Tag:
ចិន
អ៊ីតាលី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com