ជាតិ
រដ្ឋមន្ត្រី​កសិកម្ម​៖ រដ្ឋ​នៅ​បន្ត​បាត់បង់​ដីព្រៃ ដោយសារ​អ្នកមានអំណាច​បំផុស​ឱ្យ​ពលរដ្ឋ​ទ​ន្ទ្រា​ញ និង​រំលោភ​កាន់កាប់
03, Mar 2020 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋ​នៅតែ​បន្ត​បាត់បង​ដីព្រៃ ដោយសារ​ការ​ទ​ន្ទ្រា​ញ និង​រំលោភ​កាន់កាប់​ពី​សំណាក់​ពលរដ្ឋ ក្រោម​ការ​បំផុសបំផុល​របស់​អ្នកមានអំណាច​។ បញ្ហា​បាត់បង​ដីព្រៃ​នេះ ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន លើកឡើង​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​២ នៃ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ដើម្បី​ទប់ស្កាត់ លុបបំបាត់ និង​បង្ក្រាប​ការកាប់ ឈូសឆាយ និង​ហ៊ុមព័ទ្ធ​ដីព្រៃ​ឈើ ដើម្បី​វាទ​យក​ដី​ធ្វើជា​កម្មសិទ្ធិ នៅ​ថ្ងៃទី​៣ មីនា​។​


 
​លោក វេ​ង សាខុន បាន​សង្កត់ធ្ងន់ថា ទោះបីជា​រដ្ឋាភិបាល បាន​ដាក់ចេញ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង​គោលនយោបាយ​ដីធ្លី​យ៉ាងណាក្តី ប៉ុន្តែ​បញ្ហា​រំលោភ​កាន់កាប់​ដីព្រៃ​ឈើ​របស់​រដ្ឋ នៅតែ​កើតមាន​ជា​បន្តបន្ទាប់​តាម​គ្រប់​រូបភាព​ផ្សេងៗ​រួមមាន ការកាប់​រាន​ដី​ព្រៃឈើ​ធ្វើ​កសិកម្ម ពាណិជ្ជកម្ម សង់​លំនៅឋាន​ជាដើម​។ ជាពិសេស​គឺ​ជន​មានអំណាច ដើរ​បំផុស​ចលនា​ប្រជាពលរដ្ឋ​ក្រីក្រ​ឱ្យ​កា​ប់ទ​ន្ទ្រា​ញ​ដី​ព្រៃឈើ​រួចហើយ ធ្វើលិខិត​ទិញ​លក់​-​ផ្ទេរកម្មសិទ្ធិ ដោយមាន​ការបញ្ជា​ក់ទ​ទួល​ស្គាល់​ពី​រដ្ឋអំណាច​។​
 
«​បញ្ហា​ទាំងអស់នេះ គឺជា​ចំណោទ​ធ្ងន់ធ្ងរ ស្មុគស្មាញ ប្រទាក់ក្រឡា​គ្នា ដែល​ធ្វើឱ្យ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​មានការ​បារម្ភ​ចំពោះ​ការបាត់បង់​ធនធាន​ដីព្រៃ​ឈើ​ជាតិ​យើង​នាពេល​អនាគត​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម​។​
 
​កន្លងមក​ក្រសួងបរិស្ថាន ក៏​ធ្លាប់​លើកឡើង​ពី​បញ្ហា​កាន់កាប់​រាន​ដីព្រៃ​ខុសច្បាប់​ដែរ​។ លោក នេត្រ ភក្ត្រា ធ្លាប់បាន​បញ្ជាក់ថា ជនខិលខូច​មួយចំនួន បាន​ប្រើ​យុទ្ធសាស្ត្រ​ថ្មី ទាញយក​ប្រយោជន៍​ពី​សំណុំរឿង​ដីធ្លី​នេះ តាមរយៈ «​យុទ្ធសាស្ត្រ​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​»​។ ត្រង់ចំណុច​នេះ​លោក នេត្រ ភក្ត្រា ចង់​សង្កត់ធ្ងន់ថា នៅពេលដែល​ក្រុម​ជនខិលខូច ទិញ​ដី​ពី​ពលរដ្ឋ​យកមក​កាន់កាប់​ហើយ ប៉ុន្តែ​ដី​ទាំងនោះ ត្រូវបាន​រដ្ឋ​រឹបអូស​វិញ ដោយសារ​ជា​សម្បត្តិ​រដ្ឋ ឬ​ស្ថិតនៅក្នុង​តំបន់​ការពារ​នោះ វា​ក៏​កើត​មានរឿង​ទំនាស់​ដីធ្លី​ជាមួយ​រដ្ឋ​តែម្ដង​។ ក្នុងករណី​ទំនាស់​នេះ ពួកគេ​អាច​ទទួលបាន​ដី ឬ​លុយ ដោយ​រដ្ឋ​ត្រូវ​ចេញ​សំណង ទោះបីជា​ពួកគេ​ចាញ់​-​ឈ្នះក្តី​។​
 
​រដ្ឋលេខា​ក្រសួងបរិស្ថាន​រូបនេះ ក៏​ហាម​ពលរដ្ឋ​ទៅ​ទិញ​ដី ឬ​ឈូសឆាយដី​យក​ធ្វើជា​កម្មសិទ្ធិ នៅក្នុង​តំបន់ហាមឃាត់​របស់រ​ដ្ឋ ដែល​នាំ​តែមាន​បញ្ហា​ខាតបង់​នោះទេ ព្រោះ​ក្រសួង​មិន​ទទួលស្គាល់​លិខិត​កម្មសិទ្ធិ​ដីធ្លី​នេះឡើយ​។   
 
«​ក្រសួងបរិស្ថាន សូម​គូសបញ្ជាក់​ជាថ្មី​ថា គ្មាន​ជនណាម្នាក់​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី ទិញ​ឬ​លក់​ដីធ្លី​នៅក្នុង​ឧទ្យាន​ជាតិ តំបន់ការពារធម្មជាតិ និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​នៅតាម​បណ្ដា​ខេត្ត​នានា​បានឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក នេត្រ ភក្ត្រា ។​
 
​កន្លងមក​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ ក៏បាន​ចាប់ខ្លួន​ខិលខូច​ដែល​ប្រព្រឹត្ត​បទល្មើស​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់​ជាច្រើន​ករណី បញ្ជូន​តុលាការ ដើម្បី​ចាត់វិធានការ​តាមច្បាប់​ផងដែរ​។ បទល្មើស​ដីធ្លី​នេះ ភាគច្រើន​កើតឡើង​នៅក្នុង​ខេត្ត​ព្រះសីហនុ ព្រះវិហារ កំពង់ធំ បាត់ដំបង ពោធិ៍សាត់ និង​កំពង់ស្ពឺ​ជាដើម​។ នេះ​បើតាម​រដ្ឋលេខា​ក្រសួងបរិស្ថាន​៕

Tag:
 វេ​ង សាខុន​
  កសិកម្ម​
  ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com