COVID-19
ជាតិ
រដ្ឋមន្ត្រី ជំរុញឲ្យប្រតិបត្តិករ រួមគ្នាប្រយុទ្ធនឹងវិបត្តិខ្វះភ្ញៀវទេសចរ ដោយសារ COVID-19
× សៀមរាប៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបើកកិច្ចប្រជុំជាមួយក្រុមប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ដែលកំពុងជួបបញ្ហាគ្មានភ្ញៀវក្រោយផ្ទុះឡើងនូវជំងឺ COVID-19។ រដ្ឋមន្ត្រីទេសចរណ៍បានផ្តល់អនុសាសន៍ច្រើនចំណុចដែលរដ្ឋាភិបាលបានដាក់ចេញដើម្បីដោះស្រាយបញ្ហាក្នុងកាលៈទេសៈនេះ ក្នុងនោះមានការលើកលែងពន្ធសម្រាប់វិស័យសណ្ឋាគារ និងផ្ទះសំណាក់ជាដើម។ អ្វីដែលលោករដ្ឋមន្ត្រីទេសចរណ៍ចង់បាននៅពេលនេះ គឺចង់ឃើញប្រតិបត្តិករទេសចរណ៍ឬអ្នកពាក់ព័ន្ធ ប្រយុទ្ធតទល់នឹងវិបត្តិទាំងអស់គ្នា និងធ្វើឲ្យស្ថានការណ៍ល្អប្រសើរឡើងវិញ។
កិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តវិធានការចាំបាច់ និងគម្រោងព្រឹត្តិការណ៍សំខាន់ៗ ដើម្បីជួយខេត្តសៀមរាបក្នុងវិបត្តិនៃជំងឺ កូវីត ១៩ នាល្ងាចថ្ងៃទី២ មីនា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានជជែក និងប្រកាសដាក់នូវវិធានការមួយចំនួន។ វិធានការទាំងនោះរួមមាន ការបើកវគ្គបណ្ដុះបណ្ដាលដល់និយោជិតដែលបាត់បង់ការងារអំឡុងពេលសណ្ឋាគារ ផ្ទះសំណាក់ ទីភ្នាក់ងារទេសចរណ៍ បិទទ្វារឬផ្អាកអាជីវកម្មជាដើម។ តាមលោករដ្ឋមន្ត្រី និយោជិតទាំងនោះ ដែលរាប់ទាំងមគ្គុទ្ទេសក៍ទេសចរណ៍ផង នឹងទទួលបានការបណ្ដុះបណ្ដាលលើមុខជំនាញបន្ថែម ហើយអំឡុងពេលនោះពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភសមរម្យពីរាជរដ្ឋាភិបាល។ បន្ថែមពីនេះ មានកម្មវិធី ព្រឹត្តិការណ៍ ឬកិច្ចប្រជុំជាច្រើន គ្រោងរៀបចំនត្រូវនៅខេត្តសៀមរាប ដើម្បីទប់ទល់នឹងស្ថានការណ៍នេះ ដោយធានាថាអាចទ្រទ្រង់វិស័យទេសចរណ៍ឲ្យដំណើរការធម្មតា។
លោក ថោង ខុន បានបង្ហើបពីលទ្ធភាពដែលក្រសួងនឹងរៀបចំឲ្យភ្ញៀវទេសចរជាតិគាំទ្រសេវាមគ្គុទ្ទេសក៍ពេលមកដើរកម្សាន្តប្រាសាទផងដែរ។ លោករដ្ឋមន្ដ្រីបញ្ជាក់យ៉ាងដូច្នេះថា៖« កន្លងមក ទេសចរជាតិគាត់មកអង្គរ ថតតែរូបទេ...ឥឡូវខ្ញុំឲ្យជំនាញសិក្សាជាមួយបងប្អូនទាំងអស់ ព្រោះយើងមានបណ្ណលក់ទស្សនកិច្ចក្នុងស្រុកដែរ ជាមួយសេវាពាក់ព័ន្ធទាំងអស់ ចឹងអាចបញ្ចូលសេវាមគ្គុទ្ទេសក៍ អ៊ីចឹងមគ្គុទ្ទេសក៍យើងដែលកន្លងមកដើរភ្ញៀវបរទេស ឥឡូវនេះត្រូវដើរភ្ញៀវខ្មែរ តិចអត់ចេះនិយាយខ្មែរ...»។
រដ្ឋមន្ត្រីទេសចរណ៍ចង់ឲ្យសាធារណជន ជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលថាខេត្តសៀមរាបមានអ្នកឆ្លងជំងឺ កូវីត ១៩ផងដែរ។ សម្រាប់លោក ថោង ខុន ព័ត៌មានក្លែងក្លាយជះឥទ្ធិពលមិនត្រឹមសម្រាប់បុគ្គលទេ តែសម្រាប់សង្គមជាតិទាំងមូល។ ក្នុងកាលៈទេសៈនេះ រដ្ឋមន្ត្រីទេសចរណ៍ ចង់ឃើញផ្នែកពាក់ព័ន្ធទាំងអស់ ពិសេសប្រតិបត្តិករត្រូវធ្វើការជាមួយគ្នា និងដោះស្រាយបញ្ហារួមគ្នា។ លោករដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះថា៖« យើងគិតថា យើងធ្វើការដោយស្មោះត្រង់ជាមួយគ្នា ក្នុងដំណាក់កាលដែលប្រទេសជាតិជួបការលំបាក យើងត្រូវរួមគ្នា អង្គុយជាមួយគ្នា និយាយជាមួយគ្នាដោយស្មោះត្រង់ ហើយប្រយុទ្ធតទល់នឹងវិបត្តិនេះ»៕
Tag:
ទេសចរណ៍
ថោង ខុន
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com