អន្តរជាតិ
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថ្មី Muhyiddin ទាត់ចោល​ការចោទប្រកាន់​ថា លោក​ជា​ជន​ក្បត់
03, Mar 2020 , 9:39 pm        
រូបភាព
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទើបតែងតាំងថ្មី លោក Muhyiddin Yassin  (Xinhua)
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទើបតែងតាំងថ្មី លោក Muhyiddin Yassin (Xinhua)
ដោយ:
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទើប​តែងតាំង​ថ្មី លោក Muhyiddin Yassin បាន​ចេញមុខ​បដិសេធ​ការចោទប្រកាន់ថា លោក​គឺជា​ជន​ក្បត់​។ លោក បកស្រាយ​ថា លោក​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជំនួស​លោក មហា​ធៀ មហាម៉ាត់ នេះ ក្នុង​គោលដៅ​ស្ដារ​ស្ថានការណ៍​នយោបាយ ខណៈ​គ្មាន​បេក្ខភាព​នយោបាយ​ណា​ដទៃទៀត​មាន​សំឡេងគាំទ្រ​ភាគច្រើន​ក្នុង​សភា​។

 
​ក្នុង​សុន្ទរកថា​ដំបូងបង្អស់​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ទី​៨​របស់​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ចន្ទ ទី​២ ខែមីនា លោក Muhyiddin Yassin គូសបញ្ជាក់ថា​៖«​ខ្ញុំ ដឹងថា មនុស្ស​ជាច្រើន ខឹងសម្បារ​នឹង​ខ្ញុំ​»​។ តាមរយៈ​កញ្ចក់​ទូរទស្សន៍ លោក សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​មិនមែនជា​ជន​ក្បត់​ឡើយ​។ [...] ខ្ញុំ​កាន់តំណែង​នេះ គឺ​ដើម្បី​ជួយសង្គ្រោះ​ប្រទេស​ពី​ភាពមិនច្បាស់លាស់​នយោបាយ​ដែល​កំពុង​បន្ត​»​។ 
 
​ក្នុង​សន្ទរកថា​ដដែល​នេះ លោក Muhyiddin បាន​ពន្យល់ថា លោក​ពុំ​ធ្លាប់​មានសង្ឃឹម​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ឡើយ​។ តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក Muhyiddin អះអាង​ទៀតថា ឱកាស​នេះ​បាន​កើតឡើង​នៅពេល​បេក្ខភាព​នាយករដ្ឋមន្ត្រី​ទាំងពីរ បរាជ័យ​ក្នុងការ​ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន​ក្នុង​សភា ហើយ​ឈ្មោះ​លោក ត្រូវបានតែងតាំង​ដោយ​សមាជិកសភា​បក្ស Bersatu និង​មេដឹកនាំ​បក្សនយោបាយ​ផ្សេងទៀត ដែល​ជឿជាក់ថា​លោក​មាន​សំឡេងគាំទ្រ​ភាគច្រើន​។ 
 
«​ខ្ញុំ​បាន​ចំណាយ​គិត​យ៉ាង​ម៉ត់ចត់ មុនពេល​សម្រេចចិត្ត​។ តើ​ជម្រើស​អ្វីដែល​ខ្ញុំ​មាន​? បន្ត​គាំទ្រ​លោក​បណ្ឌិត មហា​ធៀ ដែល​ពុំមាន​សំឡេង​ភាគច្រើន ឬ​ព្រម​ទទួលយក​ការតែងតាំង​ជា​នាយករដ្ឋមន្ត្រី​?» លោក Muhyiddin និយាយ​ដូច្នេះ ដោយ​បន្តទៀតថា ប្រសិនបើ​លោក បន្ត​គាំទ្រ​លោក មហា​ធៀ វិបត្តិ​នយោបាយ នឹង​បន្ត​អូសបន្លាយ​យូរ​ទៀត ហើយ​វា​ក៏មាន​ឱកាស​ដែល​សភា​នឹងត្រូវ​រំលាយចោល និង​ការបោះឆ្នោត​ទូទៅ​មួយ​នឹងត្រូវ​រៀបចំ​ធ្វើឡើង​ផងដែរ​។ 
 
​ទន្ទឹមនឹង​ការបកស្រាយ​របស់​ជំហរ​របស់លោក នាយករដ្ឋមន្ត្រី Muhyiddin ក៏បាន​សន្យា​កសាង​រដ្ឋាភិបាល​ស្អាតស្អំ​មួយ ដែលមាន​សេចក្តីថ្លៃថ្នូរ និង​គ្មាន​អំពើពុករលួយ​។ ត្រង់នេះ លោក ប្តេជ្ញា​តែងតាំង​សមាជិក​គណៈរដ្ឋមន្ត្រី​ដែលជា​មនុស្ស​ស្អាតស្អំ​, មាន​សមត្ថភាព​និង​សេចក្តី​ថ្លែ​ថ្នូរ​។  
 
«​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​លោក ក៏​នឹង​ផ្ដោត​សំខាន់​លើ​កិច្ចប្រឹងប្រែង​ជំរុញ​អភិបាលកិច្ច​ល្អ និង​សេចក្តីថ្លៃថ្នូរ​ផងដែរ​។ ទាំងនេះ​គឺ​រាប់បញ្ចូល ការទប់ស្កាត់​អំពើពុករលួយ និង​បំពាន​អំណាច ដោយ​ពង្រឹង​ការអនុវត្ត​ច្បាប់​ជាដើម​»​។ នាយករដ្ឋមន្ត្រី​វ័យ ៧២​ឆ្នាំ​រូបនេះ បញ្ជាក់​បែបនេះ ដោយ​បង្កើត​ពាក្យស្លោក​មួយ​ថា​៖«​រួមគ្នា​កសាង និង​ស្តារ​ប្រទេស​យើង​ជាថ្មី​ឲ្យ​បាន​ភ្លឺស្វាង​ជាមួយ​ខ្ញុំ​»​។​
 
​សូមបញ្ជាក់ថា លោក Muhyiddin បាន​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃអាទិត្យ ទី​១ ខែមីនា ក្រោយពី​ការតស៊ូ​អំណាច​មួយ​សប្តាហ៍​ពេញ​ក្នុងប្រទេស​នេះ ដែល​បង្កឡើង​ដោយ​ការប្រកាស​លាលែង​តំណែង​ដ៏​ភ្ញាក់ផ្អើល​ពី​សំណាក់​នាយករដ្ឋមន្ត្រី​ទី ៧ លោក មហា​ធៀ មហាម៉ាត់ ៕

Tag:
 ម៉ាឡេស៊ី​
  Muhyiddin Yassin
© រក្សាសិទ្ធិដោយ thmeythmey.com