កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ លោក Solskjaer បារម្ភពី COVID-19 បើត្រូវលេងជាមួយ Inter
× លោក Ole Gunnar Solskjaer សារភាពថាក្រុម Manchester United មានការព្រួយបារម្ភខ្លាំងពីជំងឺកូរ៉ូណាវីរុស (COVID-19) ប្រសិនបើក្រុមលោកត្រូវប៉ះ Inter Milan ក្នុងក្របខណ្ឌ UEFA Europa League នៅវគ្គបន្តបន្ទាប់ណាមួយ។
ក្រុមបិសាចក្រហមបានឈានទៅវគ្គ១/៨ផ្តាច់ព្រ័ត្រនៃក្របខណ្ឌលំដាប់ទី២អឺរ៉ុប ក្រោយយកឈ្នះ Club Brugge ដោយលទ្ធផលទាំងពីរជើង ៦-១ ក្នុងវគ្គ៣២ក្រុម។ ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Solskjaer នឹងត្រូវបន្តជួយក្រុម LASK របស់អូទ្រីសនៅវគ្គ១/៨ផ្តាច់ព្រ័ត្រ ខណៈក្រុមពីអ៊ីតាលី Inter Milan ត្រូវជួប Getafe របស់អេស្ប៉ាញ។ ប្រសិនបើ Man Utd និង Inter ឆ្លងផុតវគ្គនេះ ក្រុមទាំងពីរមានភាគរយច្រើនក្នុងការប៉ះគ្នានៅវគ្គបន្ទាប់។
គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៣ ខែមីនានេះ អ៊ីតាលីមានតួលេខអ្នកស្លាប់ដោយសារកូរ៉ូណាវីរុស (COVID-19) ចំនួន៥២នាក់ និងឆ្លងជាង២០០០នាក់ ដែលជាចំនួនច្រើនបំផុតនៅតំបន់អឺរ៉ុប។
ក្រុង Milan ប្រទេសអ៊ីតាលីដែលជាទឹកដីរបស់ក្រុម Inter Milan ធ្លាប់មានអ្នកឆ្លង COVID-19 រួចមកហើយ ក្រោយទៅទស្សនាការប្រកួតក្របខណ្ឌ Champions League ក្នុងកីឡដ្ឋាន San Siro កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ។ ដោយឡែក ក្រុមដែលដឹកនាំដោយលោក Antonio Conte ខ្លួនឯងក៏ត្រូវលេងដោយគ្មានអ្នកគាំទ្រពេលស្វាគមន៍ក្រុម Ludogorets ដែរ។
នៅពេលសួរអំពីការគំរាមកំហែងនៃវីរុសដ៏កាចសាហាវនេះ Solskjaer ឆ្លើយថា៖«ខ្ញុំគិតថាពិភពលោកទាំងមូលត្រូវដឹងអំពីវីរុសនេះ។ អ្នកអាចមើលឃើញអ្វីដែលបានកើតឡើងក្នុងការប្រកួតនៅប្រទេសអ៊ីតាលី ហើយខ្ញុំគិតថានោះជាការព្រួយបារម្ភសម្រាប់កីឡាកររបស់ខ្ញុំ និងអ្នករាល់គ្នា»។
អ្នកចាត់ការសញ្ជាតិន័រវែស វ័យ៤៧ឆ្នាំបន្ថែមទៀតថា បើទោះជាយ៉ាងណាក៏ដោយក្រុម Man Utd ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជុំវិញករណីមេរោគឆ្លង COVID-19 នេះ ប្រសិនបើក្រុមលោកពិតជាត្រូវជួប Inter នៅវគ្គបន្តបន្ទាប់មែននោះ។
ជំនួបជើងទី១ វគ្គ១៦ក្រុមចុងក្រោយ Europa League នឹងត្រូវធ្វើឡើងនៅរាត្រីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០៕
Tag:
UEFA Europa League
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com