COVID-19
អន្តរជាតិ
អាជ្ញាធរ​ថៃ ចុះបង្ក្រាប​ទីតាំង​កែច្នៃ​ម៉ាស់​ប្រើប្រាស់​ឡើងវិញ​
04, Mar 2020 , 8:59 am        
រូបភាព
​ទីតាំង​កែច្នៃ​ម៉ាស់​មួយកន្លែង​នៅក្នុង​ប្រទេស​ថៃ នា​ថ្ងៃទី​២ ខែមីនា ត្រូវបាន​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​។ ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង ដើម្បី​ការពារ​សុខភាព​សាធារណៈ និង​អ្នកប្រើប្រាស់​ពី​ម៉ាស់​កែច្នៃ​បែបនេះ​។​


 
​ទីតាំង​កែច្នៃ​ម៉ាស់​មួយ​ទឹក​មួយកន្លែង នៅក្នុង​ឃុំ Nongsuong ស្រុក Wihandaeng ខេត្ត​Saraburi ត្រូវបាន​អភិបាលស្រុក និង​មន្ត្រីប៉ូលិស ចុះទៅ​បង្ក្រាប បន្ទាប់ពី​រកឃើញថា វា​ជាទី​តាំង​កែច្នៃ​ម៉ាស់​ខុសច្បាប់​។  បើតាម​ការអះអាង​រប​ស់​អភិបាលស្រុក លោក Somsak Kaewsena ប៉ូលិស​បាន​រកឃើញ​មនុស្ស​ចំនួន ៦​នាក់ កំពុង​អ៊ុត​ម៉ាស់ និង​រៀបចំ​ម៉ាស់​ដាក់​ក្នុង​ប្រអប់ មុនពេល​បិទ​ប្រអប់​ទាំងនោះ​ឲ្យ​ដូច​ថ្មី​។ 
 
​បើតាម​ការអះអាង​ប្រាប់​ប៉ូលិស​របស់​កម្មករ ១​នាក់ លោក​បានទទួល​ម៉ាស់​មួយ​ទឹក​ទាំងនេះ ពី​ឈ្មួញ​ម្នាក់ ហើយ​លោក​ក៏​មិនដឹង​ពី​ប្រភពដើម​នៃ​ម៉ាស់​នេះឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Nation​។ ចំណែក​តម្លៃ​វិញ ម៉ាស់​មួយ​សន្លឹក ទីតាំង​កែច្នៃ​ម៉ាស់​ទទួលបាន ១​បាត​។ តាម​ការបញ្ជាក់​របស់​លោក​អភិបាលស្រុក ទីតាំង​នេះ អាច​កែច្នៃ​ម៉ាស់​ឡើងវិញ​ក្នុង​មួយថ្ងៃ បាន​ដល់​ទៅ ៣០០ ទៅ ៤០០​សន្លឹក​ឯណោះ​។​
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប៉ូលិស​បាន​រឹបអូស​យក​ម៉ាស់​ទាំងអស់ និង​បញ្ជូន​ម៉ាស់​មួយចំនួន​ទៅ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ស៊ើបអង្កេត ថា​តើ​ម៉ាស់​មួយ​ទឹក​ទាំងអស់នេះ​មាន​ប្រភព​មកពីណា​។ ចំណែក​ទីតាំង​មួយ​នេះ ក៏ត្រូវ​បាន​លោក​អភិបាលស្រុក ទាក់ទង​ឲ្យ​ការិយាល័យ​សុខាភិបាល​សាធារណៈ​ស្រុក​Wihandaeng ឲ្យ​ដាក់​ពាក្យបណ្តឹង​ផងដែរ ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាជន និង​អ្នកប្រើប្រាស់​ម៉ាស់​ច្នៃ​ប្រើប្រាស់​ឡើងវិញ​នេះ​។ 
 
​សូមបញ្ជាក់ថា ចាប់តាំងពី​ផ្ទុះ​COVID-19 ក្នុង​រយៈពេល ២​ខែ​កន្លងមកនេះ ម៉ាស់ គឺមាន​តម្រូវការ​យ៉ាងច្រើន​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​។ មាន​ឈ្មួញ​ខ្លះ​បាន​ទិញ​ម៉ាស់​ទុក និង​លក់​ចេញ​ក្នុងតម្លៃ​ខ្ពស់ ខណៈពេល​រោងចក្រ​ផលិត​ម៉ាស់​នៅក្នុង​ប្រទេស​ចិន​មួយចំនួន ទើបបាន​ចាប់ផ្តើម​ចង្វាក់​ផលិតកម្ម​របស់ខ្លួន ប៉ុណ្ណោះ​៕ 

Tag:
 ថៃ​
  ម៉ាស់​
© រក្សាសិទ្ធិដោយ thmeythmey.com