កីឡាជាតិ
ជាតិ
​ក្រសួង​ការងារ​លើក​ពាន​យុវជន​អន្តរក្រសួង​-​ស្ថាប័ន ដែលមាន​ការវាយតម្លៃ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​
03, Mar 2020 , 5:40 pm        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​គ្រង​ជើងឯក​ក្នុង​ការប្រកួត​ពានរង្វាន់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​ក្រោយ​យកឈ្នះ​ក្រុម​ក្រសួងសុខាភិបាល ៥-៣ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោក សុខ សប្បាយ​ណា ប្រធាន​គណៈកម្មការ​រៀប​ចំ​ពានរង្វាន់​នេះ សុទ្ធតែ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរការ​នៃ​ការរៀបចំ​នៅ​ឆ្នាំនេះ​ថា បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ទោះបី​មាន​ចំណុច​ខ្វះខាត​មួយចំនួន​ក៏ដោយ​។

 
​ក្រោយ​ដំណើរ​ការប្រកួត​អស់​រយៈពេល​ជាង​ពីរ​ខែ​ពានរង្វាន់​បាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​បានបញ្ចប់​ការប្រកួត​ជា​ស្ថាពរ​កាលពី​ថ្ងៃទី​១ មីនា ឆ្នាំ​២០២០​។ ក្រុម​ការពារ​តំណែង​ជើងឯក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បន្ត​គ្រង​ជើងឯក​សាជាថ្មី ក្រោយ​វាយបក​យកឈ្នះ​ក្រុម​ក្រសួងសុខាភិបាល​ក្នុង​លទ្ធផល ៥-៣ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ 
 
​នា​ការប្រកួត​ដ៏​ស្វិតស្វាញ​នៅ​កីឡដ្ឋាន Premium Sport Club ក្រុម​ក្រសួងសុខាភិបាល ដែលជា​ម្ចាស់​ជើងឯក​ឆ្នាំ​២០១៧ បាន​នាំមុខ​ក្រុម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​លទ្ធផល ២-១ នៅ​តង់​ទី​១ ដែលមាន​រយៈពេល​៣៥​នាទី​។ ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៣-៣ នៅ​តង់​ទី​២ ដែល​តម្រូវ​ឲ្យ​អាជ្ញាកណ្តាល​ត្រូវ​បន្ថែម​១០​នាទី​ពីរដង​។ 


លោក ហ៊ុន ម៉ានី ថ្លែងក្នុងពិធីបិទ 
 
​នៅក្នុង​វគ្គ​នេះដែរ កីឡាករ​របស់​ក្រុម​ក្រសួង​ការងារ​សម្រេចបាន​២​គ្រាប់​បន្ថែម ដើម្បី​នាំ​ជ័យជម្នះ ៥-៣ លើ​ក្រសួងសុខាភិបាល​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​ក្រសួង​ការងារ​គ្រង​ជើងឯក​ពានរង្វាន់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​ពីរ​ឆ្នាំ​ជាប់​គ្នា​។ ជាមួយគ្នានេះ​ក្រុម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​ក្រុម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ៤-០​។  
 
​ទាំង​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោក សុខ សប្បាយ​ណា ប្រធាន​គណៈកម្មការ​រៀប​ចំ​ពានរង្វាន់​ខាងលើ​សុទ្ធតែ​វាយតម្លៃថា ការប្រកួត​ឆ្នាំនេះ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ប្រកបដោយ​ភាពយុត្តិធម៌​។ ជាពិសេស​ឆ្នាំនេះ​ការប្រកួត​មាន​ភាព​ទាក់ទាញ និង​ប្រកួតប្រជែង​ខ្លាំង​បើ​ធៀប​នឹង​ឆ្នាំមុនៗ​។ 
 
​ប៉ុន្តែ​លោក សុខ សប្បាយ​ណា ដែលជា​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ផង​នោះ​សង្កេតឃើញថា ការប្រកួត​ឆ្នាំនេះ​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន ដែល​ត្រូវ​កែតម្រូវ​បន្ថែម​នៅ​ឆ្នាំក្រោយ​។ លោក​បានលើកឡើង​ដូច្នេះ​ថា​៖«​ខ្ញុំ​ទទួលស្គាល់ថា ការប្រកួត​នេះ​មិនបាន​ប្រព្រឹត្តទៅ​ល្អឥតខ្ចោះ ដោយ​ពុំមាន​ចំណុច​ខ្វះខាត​នោះទេ​។ តែ​យ៉ាងណា​ក្រុមការងារ​ពាក់ព័ន្ធ​បាន​ខិតខំ​យកចិត្តទុកដាក់​ដោះស្រាយ​និង​សម្របសម្រួល​ក្នុង​ស្មារតី​យោគយល់ អធ្យាស្រ័យ សាមគ្គីភាព ដើម្បី​អភិវឌ្ឍន៍​នៅ​ឆ្នាំក្រោយៗ​ទៀត​»​។ 


 
​សម្រាប់​លោក ហ៊ុន ម៉ា​នី ពានរង្វាន់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន មិន​គ្រាន់តែ​ជាទី​លាន​ប្រកួតប្រជែង​បាល់ទាត់​ប៉ុណ្ណោះ​ទេ តែ​វា​ជា​វេទិកា​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​យុវជន មន្ត្រីរាជការ ដែល​មកពី​តាម​ក្រសួង​ស្ថាប័ន​នានា​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​។ លើសពីនេះ វា​ជាការ​រួមចំណែក​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា ក៏ដូចជា​បំផុស​ចលនា​កីឡា​នៅតាម​ស្ថាប័នរដ្ឋ​ឲ្យ​កាន់តែ​មាន​ភាព​ផុសផុល​ថែមទៀត​។ 
 
​បើ​មើ​លពី​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ គឺធ្វើឡើង​ដើម្បី​បំផុស​ចលនា​កីឡា នៅតាម​ស្ថាប័នរដ្ឋ ក៏ដូចជា​រួមចំណែក​ផ្សព្វផ្សាយ និង​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។ ការផ្តល់​ឱកាស​លេង​កីឡា និង​ឲ្យ​យុវជន ដែល​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ​ផ្សេងៗ​គ្នា​បាន​ស្គាល់គ្នា ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះដែរ​។ 
 
​ពានរង្វាន់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​លើក​ទី​៧​បានចាប់ផ្តើម​ប្រកួត​តាំងពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩ ដោយមាន​ក្រុម​មកពី​ក្រសួង​ស្ថាប័នរដ្ឋ​និង​ឯកជន​ចំនួន​៣១​ក្រុម​ចូលរួម​៕ 





Tag:
 ពាន​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​
  ហ៊ុន ម៉ា​នី​
  សុខ សប្បាយ​ណា​
© រក្សាសិទ្ធិដោយ thmeythmey.com