ជាតិ
សម្ដេច ហ៊ុន សែន ឲ្យ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ រួមគ្នា​ទប់ស្កាត់​ការបំពានច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​
03, Mar 2020 , 9:02 pm        
រូបភាព
​ភ្នំពេញ​៖  សម្ដេច ហ៊ុន សែន បាន​ប្រាប់​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បន្ត​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ទប់ស្កាត់​ការបំពានច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​។ ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​ដូច្នេះ ធ្វើឡើង​ក្នុងពេល​សម្តេច​ចូលរួម​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២២ រសៀល​ថ្ងៃទី​០៣ មីនា​,​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ឆ្នាំ​ទី​៦ និង​ពិធី​ជួបជុំ​សំណេះសំណាល​ពិសា​បាយ​សាមគ្គី​ជាមួយ​សិល្បករ សិល្បការិនី​នា​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​។


 
​ក្រៅពី​ណែនាំ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​សម្ដេចនាយក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​សិល្បករ សិល្បការិនី និង​អ្នកនិពន្ធ​ស្នាដៃ​នានា បញ្ឈប់​ការរំលោភបំពាន​ច្បាប់ ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​នេះដែរ​។ ការយក​ស្នាដៃ​ចម្រៀង ភាពយន្ត រូបភាព អក្សរសាស្ត្រ អក្សរ​សិ​ល្បិ៍ និង​ស្នាដៃ​វប្បធម៌​ដទៃៗ​ទៀត ទាំង​ស្នាដៃ​ដែលមាន​មរតកសាសន៍ និង​គ្មាន​មរតកសាសន៍​មក​ផលិត​ឡើងវិញ ដោយ​ពុំបាន​សុំ​ការអនុញ្ញាត​ពី​ម្ចាស់​សិទ្ធិ ឬ​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ គឺជា​ការបំពានច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​។ នេះ​បើតាម​ប្រមុខ​រដ្ឋាភិបាល​៕
 
 

Tag:
 វប្បធម៌​
 សិទ្ធិ​អ្នកនិពន្ធ​
 ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com