ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ានី ស្នើឲ្យយុវជនថ្លឹងថ្លែងទង្វើរបស់ខ្លួន ដែលអាចសម្លាប់ ឬលើកស្ទួយវប្បធម៌ជាតិ លោក ហ៊ុន ម៉ានី(កណ្តាល) នាពេលចូលរួមទិវាវប្បធម៌ជាតិ លើកទី២២ នាថ្ងៃទី៣ មីនា ឆ្នាំ២០២០ នៅសាលសន្និសីទកោះពេជ្រ។
× ភ្នំពេញ៖ ៣មីនា ឆ្នាំ២០២០ ជាទិវាវប្បធម៌ជាតិ លើកទី២២។ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានស្នើឲ្យយុវជនថ្លឹងថ្លែងអំពីទង្វើរបស់ខ្លួន និងបែងចែកឲ្យបានច្បាស់រវាងវប្បធម៌ជាតិ និងវប្បធម៌បរទេស ដើម្បីចៀសវាងការភ្លេច ឬបាត់បង់អ្វីជាមរតកខ្លួនឯង។
នៅថ្ងៃទិវាវប្បធម៌ជាតិ លើកទី២២ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងជាសំណួរថា «តើយុវជនដើម្បីវប្បធម៌ជាតិ» ជាអ្វី? សម្រាប់លោក ហ៊ុន ម៉ានី ផ្ទាល់ យុវជនដើម្បីវប្បធម៌ជាតិ គឺជាការចេះថ្លឹងថ្លែងរវាងទង្វើផ្ទាល់ខ្លួន និងផលជះនៃទង្វើនោះ ចំពោះសិល្បៈវប្បធម៌ជាតិខ្លួន។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏បានស្នើឲ្យយុវជនស្វែងយល់ពីទង្វើរបស់ខ្លួន និងបែងចែកអ្វីជាវប្បធម៌បរទេស ដើម្បីចៀសវាងការភ្លេច ឬបាត់បង់អ្វីជាមរតកខ្លួនឯង។
លោក ហ៊ុន ម៉ានី បន្ថែមថា៖ «ក្នុងនាមជាប្រជាជាតិខ្មែរ យើងអាចចូលរួមអភិរក្សវប្បធម៌ ក្នុងទម្រង់ផ្សេងៗគ្នា តាមលទ្ធភាពដែលយើងមាន។ យើងទាំងអស់គ្នា ជាអ្នកបន្តវេនក្នុងការថែរក្សា និងលើកតម្កើងវប្បធម៌របស់យើង។ ដូចនេះសូមយុវជនទាំងអស់ ស្វែងយល់ឲ្យច្បាស់នូវអ្វីដែលជាទង្វើរបស់ខ្លួន ហើយអ្វីដែលជាវប្បធម៌បរទេស ដើម្បីចៀសវាងការភ្លេច ឬបាត់បង់អ្វីដែលជាមរតកខ្លួនឯង»។
លោក ហ៊ុន ម៉ានី បន្តថា ការចេះថ្លឹងថ្លែង ពិចារណាចំពោះសកម្មភាព ឬកាយវិការរបស់ខ្លួនជាលក្ខណៈបុគ្គល ជាការចូលរួមចំណែកក្នុងរក្សាតម្លៃនៃវប្បធម៌ ព្រោះភាពអន់ថយនៃសីលធម៌ និងគុណធម៌សង្គមស្តែងចេញពីទង្វើបុគ្គល នឹងប៉ះពាល់និរន្តភាពនៃវប្បធម៌។
ក្រៅពីស្នើឲ្យទៅយុវជនពិចារណាពីសកម្មភាពរបស់ខ្លួន ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ក៏បានលើកឡើង ពីចំណាត់ការរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក ចំពោះសកម្មភាពណាដែលធ្វើឲ្យអាប់ឱនដល់វប្បធម៌ជាតិ។ សម្រាប់លោក ហ៊ុន ម៉ានី ចំណាត់ការទាំងនោះ គឺជាការដាស់តឿន អ្នកដែលកំពុងប្រព្រឹត្តទង្វើមិនសមរម្យដើម្បីប្រយោជន៍ខ្លួន ឲ្យភ្ញាក់រឭកថា សកម្មភាពរបស់ពួកគេប្រាសចាកសីលធម៌ នៃការរស់នៅក្នុងសង្គមខ្មែរ និងអាចឈានដល់ការបាត់អត្តសញ្ញាណជាតិថែមទៀត៕
Tag:
ហ៊ុន ម៉ានី
វប្បធម៌
យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com