មូលហេតុ​ដែល​នាំ​ឲ្យ​បុគ្គលិក ឬ​មន្ត្រី​ដើរ​ចេញពី​ស្ថាប័ន​មួយ​…!
ពីនេះ ពីនោះ / មិនយល់...!
មូលហេតុ​ដែល​នាំ​ឲ្យ​បុគ្គលិក ឬ​មន្ត្រី​ដើរ​ចេញពី​ស្ថាប័ន​មួយ​…!
04, Mar 2020 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​ជីវិត​ជា​និស្សិត ប្រឈម​នឹង​ការលំបាក​ម្យ៉ាង​។ តែ​ជីវិត​ក្នុង​ពិភព​ការងារ​វិញ អាច​ប្រឈម​នឹង​ការលំបាក​បែប​ផ្សេង​ទៅវិញ​។ តើ​អ្វី​ទៅជា​ភាពស្មុគស្មាញ​នៅក្នុង​ជីវិត​ការងារ​?
​រឿង​ប្រាក់ខែ ជា​អ្វីដែល មន្ត្រី បុគ្គលិក​-​កម្មករ ទូទៅ​ប្រាថ្នា​ចង់បាន​ច្រើន​។ នេះ គឺជា​កង្វល់​ទី​១​។ គ្មាន​ប្រាក់ខែ​សមរម្យ មន្ត្រី កម្មករ​-​បុគ្គលិក អាច​ដើរ​ចេញពី​ស្ថាប័ន​។ បន្ទាប់មក បរិយាកាស​ការងារ​នៅក្នុង​ស្ថាប័ន​។

 
​ត្រង់ចំណុច​បរិយាកាស​ការងារ​នេះ គេ​ចោទ​ជា​សំណួរ​ថា តើ​ការគ្រប់គ្រង​ល្អ​ឬទេ​? តើ​មាន​បង្កើត​បក្សពួកនិយម​ច្រើន​ជ្រុល​ហួសហេតុ​ពេក​ឬទេ​? តើ​មេ​«​ត្រចៀកស​»​ឬទេ​? តើ​មេដឹកនាំ​មាន​សុភ​វិនិច្ឆ័យ​ត្រឹមត្រូវ​ឬទេ​? តើ​ការគ្រប់គ្រង​ធ្វើឡើង​តាមរបៀប​គ្រួសារ ឬ​របៀប​ក្រុមហ៊ុន​ពិតប្រាកដ​? តើ​សម្តីសំដៅ​មេដឹកនាំ មាន​សីលធម៌​ល្អ​ឬទេ​? តើ​មានការ​បៀតបៀន​កេរ​ខ្មាស​ឬទេ​? តើ​មេដឹកនាំ​មាន​គោលការណ៍​ពិតប្រាកដ​ឬទេ​? ឬក៏​ដឹកនាំ​តាម​អារម្មណ៍​? បើ​របៀប​ដឹកនាំ​មិនល្អ ហើយ​មេដឹកនាំ​ខ្វះ​លក្ខណៈសម្បត្តិ​មួយចំនួន​ទៀតផង​នោះ មន្ត្រី បុគ្គលិក​-​កម្មករ​ដែលមាន​សតិ​សម្បជញ្ញៈ ពិតជា​ដើរចេញ​ជាក់​ជាពុំខាន​។ 
 
​ចំណុច​បន្ទាប់​ដែល​ជំរុញ​ឲ្យ មន្ត្រី បុគ្គលិក​-​កម្មករ​ដើរចេញ​ពី​ស្ថាប័ន​ដែរនោះ គឺ​កង្វះខាត​ការបណ្តុះបណ្តាល​ជំនាញ មានន័យថា មន្ត្រី បុគ្គលិក​-​កម្មករ​ដែល​ធ្វើការ​ដដែលៗ ចេះ​ដដែលៗ គ្មាន​រីកចម្រើន​ចំណេះ​ទៅមុខ ពួកគេ​អាច​សុំ​ឈប់​ពី​ការងារ​។ ចំណុច​មួយទៀត គឺ​ការតែងតាំង មន្ត្រី បុគ្គលិក​-​កម្មករ ដោយ​ផ្អែកលើ​បក្សពួកនិយម​ជ្រុល​ពេក ពោល គឺ​មិន​ផ្អែកលើ​គោលការណ៍​សមត្ថភាព ចំណេះដឹង និង​ភាព​ប៉ិនប្រសប់ និង​ចំណុច​ចុងក្រោយ គឺ​មេដឹកនាំ​ខ្វះ​សមត្ថភាព​។ មេដឹកនាំ​ខ្សោយ​ផ្នែក​ចំណេះដឹង ដូច្នេះ​មន្ត្រី បុគ្គលិក​-​កម្មករ​នៅ​ខាងក្រោម​បង្គាប់​អាច​សុំ​ឈប់​ធ្វើការ​ជាមួយ ពីព្រោះ គេ​គិតថា​«​មេ​»​មិនអាច​ធ្វើ​ឲ្យ​កូនចៅ​រីកចម្រើន​បានឡើយ​។ 
 
​គ្រប់​ចំណុច​រៀបរាប់​ខាងលើ​មើលទៅ​ហាក់បីដូចជា​កំហុស​របស់​ស្ថាប័ន​។ តែ​ពេលខ្លះ ការដើរ​ចេញពី​ស្ថាប័ន កើតចេញ​មកពី​កំហុស​របស់​មន្ត្រី បុគ្គលិក​-​កម្មករ​ខ្លួនឯង​។ មន្ត្រី បុគ្គលិក​-​កម្មករ​ខ្លះ ខ្ជិល​ធ្វើការ គិតតែ​ពី​ចាក់​ចូ​ច​គេ បង្កជម្លោះ​ផ្ទៃក្នុង​។ មនុស្ស​ប្រភេទ​នេះ ត្រូវបាន​គេ​ហៅថា ជា​«​បុគ្គលិក ដង្កូវ​» ពោល គឺ​មិនមែន​«​បុគ្គលិក​សត្វ​ព្រាប​»​ទេ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com