ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​រំលង​! គន្លឹះ​ងាយៗ​កាត់បន្ថយ​ស្ករ ឬ​អាហារ​ផ្អែមៗ​ចេញពី​របប​អាហារ​ក្មេង​
04, Mar 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពិតណាស់​ក្មេងៗ​ភាគច្រើន​ចូលចិត្ត​ទទួលទាន​អាហារ​និង​ភេសជ្ជៈ​ផ្អែមៗ​ដែល​នេះ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​ពួកគេ​។ ការទទួល​ទាន​ស្ករ​ច្រើន​មិន​ត្រឹមតែ​បង្កបញ្ហា​ពុក​ធ្មេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​និង​ធាត់​ជ្រុល​ផងដែរ​។


 
​ដូច្នេះ​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​កាត់បន្ថយ​ស្ករ​ពី​ក្នុង​របប​អាហារ​ក្មេង ៖
 
១. កាត់បន្ថយ​ភេសជ្ជៈ​ផ្អែមៗ​

​ក្មេងៗ​ចូលចិត្ត​ភេសជ្ជៈ​កំប៉ុង ទឹក​ផ្លែឈើ​ដប និង​ភេសជ្ជៈ​ផ្អែមៗ​ផ្សេងទៀត​ដែលមាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​។ ដូច្នេះ​ចូរ​ព្យាយាម​កាត់បន្ថយ​ភេសជ្ជៈ​ទាំងនេះ​ដោយ​ឱ្យ​ពួកគេ​ទទួលទាន​ផ្លែឈើ ឬ​ទឹក​ផ្លែឈើ​ដែល​ច្របាច់​កិន​ស្រស់ៗ​ជំនួស​វិញ​។ ទឹក​ធម្មតា​និង​ទឹកដោះគោ​ក៏​ជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ប្រសើរ​សម្រាប់​សុខភាព​ក្មេង​ផងដែរ​។​
 
២. កាត់បន្ថយ​ការទទួល​ទាន​អាហារ​នៅក្រៅ​
 
​ការ​ទទួលទាន​នៅក្រៅ​អាចជា​ទម្លាប់​មួយ​ពិសេស​នៅពេល​អ្នក​រវល់ ឬ​ទិញ​អាហារ​ពី​ខាងក្រៅ​មក​ទទួលទាន​។ ទោះជា​យ៉ាងណា​ភាគច្រើន​នៃ​អាហារ​ខាងក្រៅ គឺមាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​ចម្អិន​អាហារ​ដោយ​ខ្លួនឯង​នៅផ្ទះ​ជំនួស​វិញ​។ ការធ្វើ​បែបនេះ​នឹង​ជួយ​ឱ្យ​អ្នក​អាច​គ្រប់គ្រង​លើ​គ្រឿងផ្សំ​ដែល​ប្រើប្រាស់​បាន​យ៉ាង​ងាយ​។​
 
៣. ជ្រើសរើស​យ៉ា​អួរ​ជា​អាហារសម្រន់​

​វិធី​ដ៏​ងាយ​បំផុត​មួយទៀត​ដើម្បី​កាត់បន្ថយ​បរិមាណ​ស្ករ​ពីរ​បប​អាហារ​កូន​របស់​អ្នក គឺ​ឱ្យ​ពួកគេ​ទទួលទាន​យ៉ា​អួរ​ជា​អាហារសម្រន់​។ ទោះជា​យ៉ាងណា​ចូរ​ជ្រើសរើស​យ៉ា​អួរ​ដែលមាន​ជាតិ​ស្ករ​ទាប​។​
 
៤. អប់រំ​ពួកគេ​
 
​វា​ក៏​ជា​គំនិត​ដ៏​ប្រសើរ​បំផុត​មួយ​ដែល​ក្នុង​ការអប់រំ​និង​ប្រាប់​ក្មេងៗ​ពី​ផលប៉ះពាល់​នៃ​ការ​ទទួលទាន​អាហារ​និង​ភេសជ្ជៈ​ផ្អែម​ច្រើន​។​
 
៥. រួមបញ្ចូល​បន្លែ​និង​ផ្លែឈើ​កាន់តែច្រើន​

​ចូរ​ព្យាយាម​រួមបញ្ចូល​បន្លែ​និង​ផ្លែឈើ​ឱ្យ​ច្រើនជាង​មុន​ក្នុង​របប​អាហារ​។ ហើយ​វា​មិន​ត្រឹមតែ​កូន​របស់​អ្នក​ប៉ុណ្ណោះ​ទេ​ដែល​ទទួលទាន ប៉ុន្តែ​អ្នក​ក៏​គួរ​ញ៉ាំ​ដូចគ្នា​។ ដឹង​ទេ​ថា​អ្នក គឺជា​គំរូ​ដល់​កូន​សម្រាប់​គ្រប់​រឿង​សូម្បីតែ​ទម្លាប់​នៃ​ការទទួល​ទាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com