ពីនេះ ពីនោះ
ភាសា​បារាំង​កំពុង​និយាយថា “Au revoir” (Good-bye) ពី​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​!
04, Mar 2020 , 9:52 am        
រូបភាព
​ភ្នំពេញ​៖ ប្រទេស​កម្ពុជា​ធ្លាប់​ស្ថិតនៅក្រោម​អាណានិគមនិយម​បារាំង​៩០​ឆ្នាំ ពោលគឺ​ពី​ឆ្នាំ​១៨៦៣​ដល់​១៩៥៣​។ ទាំង​នៅក្រោម​អាណានិគម និង​ក្រោយ​អាណានិគម​បារាំង​, ប្រទេស​កម្ពុជា ជាពិសេស បញ្ញវន្ត​ខ្មែរ​មួយ​ភាគ​ធំ​នៅតែ​បន្ត​ប្រើប្រាស់​ភាសា​បារាំង​ដូចជា​ភាសាផ្លូវការ​រហូតមក​ដល់​ទសវត្សរ៍​៩០​។ ប៉ុន្តែ​ចាប់ពី​ដើមឆ្នាំ​២០០០​មក វត្តមាន​ភាសា​បារាំង​នៅ​កម្ពុជា​បាន​ថយឥទ្ធិពល​បន្តិច​ម្តងៗ និង​បង្កអោយមាន​សំណួរ​ជាច្រើន​ចោទសួរ​ឡើង​ថា តើ​វត្តមាន​ភាសា​បារាំង​អាច​បាត់បង់​ចេញពី​ប្រទេស​កម្ពុជា​ដែរឬទេ​?

 
​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​កម្ពុជា​ដែលមាន​វ័យ​ចំណាស់​ភាគច្រើន​ចេះ​ភាសា​បារាំង​យ៉ាង​ស្ទាត់ជំនាញ​។ ភាសា​បារាំង​នៅ​បន្ត​មាន​ឥទ្ធិពល​នៅក្នុង​សង្គម​ខ្មែរ​រហូតដល់​ទសវត្ស​រ៍​ឆ្នាំ​៩០ ទាំង​ការប្រើប្រាស់​ផ្លូវការ និង​មិន​ផ្លូវការ​។ ប៉ុន្តែ​ចាប់ពី​ដើមឆ្នាំ​២០០០​មក ការប្រើប្រាស់​ភាសា​បារាំង​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការថយចុះ​គួរអោយកត់សម្គាល់​។ ម្យ៉ាងទៀត ធនធានមនុស្ស​វ័យ​ចំណាស់​ដែល​ចេះ​ភាសា​បារាំង ក៏​ចេះតែ​លាចាក​លោក​ជា​បន្តបន្ទាប់​ដោយសារតែ​វ័យ​ជរា​របស់​ពួកគេ​។ 
 
​តើ​អ្វីខ្លះ​ជា​មូលហេតុ​ចម្បង​នៃ​ការថយចុះ​នៃ​ភាសា​ដ៏​ល្អ​ផូរផង់​មួយ​នេះ​? 
 
​មាន​មូលហេតុ​ជាច្រើន​ដែល​ជំ​រុញអោយ​វត្តមាន​ភាសា​បារាំង​បាត់បង់​ពី​ប្រទេស​កម្ពុជា​បន្តិច​ម្តងៗ និង​អាច​ឈានទៅ​ការបាត់បង់​នាពេល​អនាគត​ប្រសិនបើ​អ្នក​និយាយ​ភាសា​បារាំង​មិន​នាំគ្នា​សង្គ្រោះ​ទេនោះ​។ មូលហេតុ​ចម្បងៗ​ដែល​នាំ​ឲ្យ​ភាសា​នេះ​ធ្លាក់ចុះ​ជារួម​មាន​៖ ទីមួយ គឺ​ដោយសារ វត្តមាន​សាលា​ភាសា​បារាំង​មិនមាន​ចំនួន​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។ ទី​ពីរ ថ្លៃបង់​សាលា​បារាំង​មាន​កម្រិត​ខ្ពស់ជាង​សាលា​អង់គ្លេស​(​និយាយ​ពីសា​លា​អង់គ្លេស​ធម្មតា​ទូទៅ​)​។ ទី​បី ចរន្ត​សកល​ភា​រូបនីយកម្ម មានន័យថា កម្ពុជា​គឺជា​សមាជិក​អាស៊ាន​។ អាស៊ាន គឺ​ប្រើប្រាស់​ភាសា​អង់គ្លេស​ជា​ផ្លូវការ​។ ក្នុងចំណោម​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស ក្នុងនោះ មាន​ប្រទេស​ចំនួន​៤​សិង្ហ​បុរី ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ​បាន​ប្រើប្រាស់​ភាសា​អង់គ្លេស​ស្ទើរតែ​ជា​ផ្លូវការ​ទៅហើយ​។ ក្នុង​សមាគម​អាស៊ាន​ដដែល ប្រទេស​ឡាវ កម្ពុជា និង​វៀតណាម គឺ​សមាជិក​នៃ​សមាគមន​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​ជាង​៥០​ប្រទេស​នៅលើ​ពិភពលោក​។ បើទោះបីជា​យ៉ាងនេះ​ក្តី ក៏​ពលរដ្ឋ​ដែល​ចេះ​ភាសា​ន​បារាំង​នៅក្នុង​ប្រទេស​ទាំងបី​នេះ មាន​ចំនួន​តិចតួច​ដែរ​។ 
 
​ទី​៤ គឺ​លំហូរ​ចូល​នៃ​ភាសា​អង់គ្លេស ភាសា​ចិន ភាសា​កូរ៉េ និង​ភាសា​ថៃ​ជាដើម​។ គួររម្លឹកថា កាលពី​ក្នុង​ទសវត្សរ៍​ឆ្នាំ​៨០ កម្មវិធីសិក្សា​រដ្ឋ​តម្រូវអោយមាន​ភាសា​វៀត​ណា​ម និង​ភាសា​រុស្ស៊ី​។ ក្រោយ​ទសវត្សរ៍​៩០ ភាសា​បារាំង និង​ភាសា​អង់គ្លេស​ត្រូវបាន​បើកចំហ​រទាំង​នៅក្នុង​កម្មវិធីសិក្សា​រប​ស់រ​ដ្ឋ និង​ទាំង​នៅតាម​សាលា​ឯកជន​នានា​។ ទី​៥ គឺ​ឥទ្ធិ​លំហូរ​ពាណិជ្ជកម្ម និង​វិនិយោគ​។ អ្នកវិនិយោគ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​សុទ្ធតែ​ប្រើប្រាស់​ភាសា​អង់គ្លេស ឬ​ចិន​ជា​គោល​។ ពេលខ្លះ សូម្បីតែ​ជនជាតិ​បារាំង ឬ​អ្នក​និយាយ​ភាសា​បារាំង​ក៏ដោយ​ក៏ត្រូវ​បង្ខំចិត្ត​ប្រើប្រាស់​ភាសា​អង់គ្លេស​ជា​ផ្លូវការ​ក្នុង​ទំនាក់ទំនង​ជំនួញ​ដែរ​។ 
 
​ទី​៦ គឺ ដោយសារតែ​ឥទ្ធិពល​នយោបាយ វប្បធម៌ និង​សេដ្ឋកិច្ច​ពី​បណ្តា​ប្រទេស​និយាយ​ភាសា​អង់គ្លេស គួបផ្សំ​នឹង​វត្តមាន​សាលា​បារាំង​មាន​ចំនួន​តិចតួច និង​ថ្លៃ​ទៀតផង​នោះ ភាសា​បារាំង​បានត្រឹមតែ​មាន​វត្តមាន​ក្រៅផ្លូវការ​ប៉ុណ្ណោះ​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​យុវជន​ខ្មែរ​ស្ទើរតែ​ជាង​៩០​ភាគរយ​ទៅហើយ​បាននាំគ្នា​រៀន​ភាសា​អង់គ្លេស ឬ​ភាសា​ចិន ដោយ​បំ​ភេ្ល​ច​ចោល​ភាសា​បារាំង​។ កាលពី​អតីតកាល​និស្សិត​តែងតែ​ជ្រើសរើស​រៀន​ភាសា​អង់គ្លេស បូក​និង​ភាសា​បារាំង​។ ប៉ុន្តែ​ឥឡូវនេះ និស្សិត ឬ​អ្នកជំនួញ​ជ្រើសរើស​រៀន​ភាសា​អង់គ្លេស បូក​នឹង​ភាសា​ចិន​វិញ​។​
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ សូម្បីតែ​អ្នកចេះ​ភាសា​បារាំង​ក៏ត្រូវ​បង្ខំចិត្ត​រៀន​ភាសា​អង់គ្លេស​បន្ថែមទៀត​ដែរ បើ​មិន​ដូច្នោះ​ទេ ពួកគេ​ត្រូវ​ប្រឈម​នឹង​ការលំបាក​ក្នុង​ទំនាក់​ទំនងជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​។ ក្រុមហ៊ុន​បារាំង​ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ត្រូវ​បង្ខំចិត្ត​ជ្រើសរើស​បុគ្គលិក​ដែល​ចេះ​ភាសា​អង់គ្លេស​តែម្តង​ដោយ​មិនចាំបាច់​ចេះ​ភាសា​បារាំង​។​
 
​វេជ្ជបញ្ជា​គ្រូពេទ្យ​ដែល​កាលពី​ពេលមុន​ត្រូវបាន​វេជ្ជបណ្ឌិត​សរសេរ​ជា​ភាសា​បារាំង​ស្ទើរតែ​ទាំងអស់ តែ​នាពេល​បច្ចុប្បន្ននេះ ទាំង​ថ្នាំ ទាំង​វេជ្ជបញ្ជា​ត្រូវបាន​គេ​សរសេរ​ជា​ភាសា​អង់គ្លេស​វិញ​។ ទាក់ទង​នឹង​ការធ្លាក់ចុះ​នៃ​ការប្រើប្រាស់​ភាសា​បារាំង​នៅក្នុង​ប្រទេស​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អត្ថាធិប្បាយ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​ថា ការប្រើប្រាស់​ភាសា​បារាំង​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង គឺ​ដោយសារ​រដ្ឋាភិបាល​បារាំង​ផ្ទាល់​មិន​យកចិត្ត​ទុក​លើ​ការប្រើប្រាស់​បារាំង​ក្នុង​វិស័យ​អប់រំ​ជាមួយ​កម្ពុជា ដោយ​គេ​ភ្ជាប់​បញ្ហា​ទៅនឹង​រឿង​នយោបាយ​នៅ​ឆ្នាំ​១៩៨២ ហើយ​ស្របពេល​នឹង​ចរន្ត​នៃ​ការប្រើប្រាស់​ភាសា​អង់គ្លេស​ជាស​កល​បានកើត​ឡើង​។ សម្តេច​បាន​បន្ថែមទៀត​ថា​៖«​សូម្បីតែ​មេដឹកនាំ​បារាំង​ខ្លួនឯង​ក៏​និយាយ​ភាសា​អង់គ្លេស​ដែរ​នៅពេល​បច្ចុប្បន្ននេះ​។ អ្នករៀន​ភាសា​បារាំង​តិចជាង​ភាសា​ចិន​ទៅទៀត​។ ភាសា​បារាំង​ត្រូវ​ពង្រីក​ឥទ្ធិពល​របស់​វា តែ​មិន​អ៊ីចឹង​ទេ វា​បែរជា​ពង្រួម​ឥទ្ធិពល​របស់​វា​ទៅវិញ​នៅ​កម្ពុជា​»​។ 
 
​សរុបសេចក្តី​មក ភាសា​បារាំង​នៅ​បន្ត​មាន​រូបភាព និង​មានជីវិត​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ពិតមែន​។ ប៉ុន្តែ​វត្តមាន តម្លៃ និង​ឥទ្ធិពល​របស់​វា បាន និង​កំពុង​ងាក​ឆ្ងាយ​ចេញពី​សង្គម​ខ្មែរ​បន្តិច​ម្តងៗ ហើយ​វា​អាចឈាន​ទៅរក​ការបាត់បង់​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជាពុំខាន​ពី​ប្រទេស​កម្ពុជា​នាពេល​អនាគត​។ 
 
​លា​ហើយ​ភាសា​បារាំង​៕ 

Tag:
 ​ភាសា​បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com