COVID-19
អន្តរជាតិ
COVID-19៖ ករណីឆ្លងនៅកូរ៉េខាងត្បូងឡើងលើស៥០០០, អ្នកស្លាប់មាន៣៣នាក់ រូបភាព Xinhua
× ចំនួនអ្នកឆ្លងជំងឺរលាកសួតធ្ងន់ធ្ងរបង្កដោយកូរ៉ូណាវីរុស (COVID-19) នៅកូរ៉េខាងត្បូង បានកើនលើស៥ពាន់នាក់ហើយ។ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី៤ ខែមីនា បានប្រកាសពីករណីឆ្លង ចំនួន៥១៦ទៀត ដែលធ្វើឲ្យតួលេខករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់៥៣២៨ ។ ចំណែកអ្នកស្លាប់វិញមានចំនួន៣២នាក់។
ទីក្រុង Daegu និងខេត្ត North Gyeongsang នៅតែជាតំបន់ក្ដៅដែលកូរ៉េខាងត្បូងបន្តរកឃើញករណីឆ្លង COVID-19 ច្រើនករណីរៀងរាល់ថ្ងៃ។ ក្នុងចំណោមករណីឆ្លងទាំងអស់៥១៦ ដែលត្រូវបានប្រកាសដោយមជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង (KCDC) នៅថ្ងៃទី៤ ខែមីនា មាន៤០៥ករណីរកឃើញនៅ Daegu និង៨៩ទៀតនៅខេត្ត North Gyeongsang ហើយករណីសេសសល់ រកឃើញនៅតាមខេត្តនានា។
បើគិតពីករណីឆ្លងសរុប៥២៣៨វិញ ករណីឆ្លងនៅទីក្រុង Daegu មានចំណែកដល់ទៅ៦០ភាគរយឯណោះ។ ទីភ្នាក់ងារព័ត៌មាន Yonhap ផ្សាយថា ករណីឆ្លងប្រមាណ២៣០០នៅទីក្រុង Daegu មានទំនាក់ទំនងជាវិហារ Shincheonji ។ ចំណែកមនុស្សប្រមាណ១១០០០នាក់ ដែលចេញចូលវិហារ ក៏ត្រូវបានធ្វើតេស្តរកវីរុស ហើយលទ្ធផលបង្ហាញថា មនុស្ស១៣០០នាក់ បានឆ្លងវីរុសដែលបង្កទៅជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។
ដោយឡែក គិតត្រឹមថ្ងៃទី៤ ខែមីនា ករណីស្លាប់នៅកូរ៉េខាងត្បូងមានចំនួន៣៣នាក់ ហើយភាគច្រើនជាជនចាស់ជរា និងមានជំងឺប្រចាំកាយស្រាប់។ នេះបើតាមការបញ្ជាក់របស់ KCDC ។
នៅថ្ងៃទី៣ ខែមីនាម្សិលមិញ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានប្រកាសធ្វើសង្គ្រាមប្រឆាំង COVID-19 ហើយបានបញ្ជាឲ្យសា្ថប័នរដ្ឋទាំងអស់ប្រុងជើងការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីដោះស្រាយបញ្ហាក្នុងស្រុក។ ទីក្រុង Daegu ដែលមានប្រជាជន២,៥លាននាក់ ជាចំណុចយកចិត្តទុកខ្លាំងបំផុតរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ព្រោះតែករណីឆ្លងក្នុងសហគមន៍នៅទីក្រុងនេះឡើងដល់កម្រិតអាសន្ន៕
Tag:
COVID-19
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com