ជាតិ
សម្ដេច ស ខេង ៖ យើងមិនត្រូវគិតថា អត់មានបក្សប្រឆាំង ហើយជិះសេះលែងដៃទេ
× ភ្នំពេញ៖ សម្ដេច ស ខេង ក្រើនរំឭកជាថ្មីឱ្យមន្ត្រីទាំងអស់ ចុះបម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ និងផ្ដល់ផលប្រយោជន៍ពិតប្រាកដដល់ពួកគេ ដោយមិនត្រូវធ្វើឱ្យពលរដ្ឋអាក់អន់ចិត្ត ដល់ការដឹកនាំរបស់រដ្ឋាភិបាលនោះទេ។
ពីពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៤ មីនានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានសង្កត់ធ្ងន់ថា ពេលវេលានេះ គឺជាពេលវេលាដែលរដ្ឋាភិបាល ក៏ដូចជាមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវខំប្រឹងដោះស្រាយបញ្ហាប្រជាពលរដ្ឋឱ្យទាន់សភាពការណ៍ ស្របតាមការជឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរដ្ឋាភិបាល។
«យើងមិនត្រូវភ្លេចទេ ថាឥឡូវហ្នឹងវា អត់មានបក្សប្រឆាំង(គណបក្សសង្គ្រោះជាតិ) អត់មានអី យើងជិះសេះលែងដៃ អាហ្នឹងទស្សនបែបនេះខុស»។ នេះជាការរំឭករបស់សម្ដេច ស ខេង ដែលប្រាប់ឱ្យមន្ត្រីថ្នាក់ក្រោមជាតិ ហ៊ានសម្រេចចិត្តបំពេញការងារដោយភាពជឿជាក់ និងច្បាស់លាស់ ក្នុងការបម្រើប្រយោជន៍ពលរដ្ឋ ដោយមិនចាំបាច់រង់ចាំការសម្រេចចិត្តពីថ្នាក់ជាតិ និងរដ្ឋាភិបាលឡើយ។
រដ្ឋាភិបាលបានធ្វើកំណែទម្រង់រដ្ឋបាល ដោយបានផ្ទេរអំណាចឱ្យថ្នាក់ក្រោមជាតិ ដើម្បីឱ្យពួកគេហ៊ានសម្រេចចិត្តធ្វើអ្វីមួយដោយខ្លួនឯង។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយដូច្នេះថា៖«ឥឡូវនេះកំណែទម្រង់នេះគឺថា រដ្ឋាភិបាលតាំងចិត្ត(ដោះស្រាយគ្រប់បញ្ហាពលរដ្ឋ)ហើយ ហើយសុំឱ្យថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិតាំងចិត្តដូចគ្នា កាលណាធ្វើបាន គឺរដ្ឋាភិបាលមានទឹកចិត្ត»។
មន្ត្រីទាំងអស់ត្រូវមានឆន្ទៈ និងឧត្តមគតិជាតិ ដោះស្រាយបញ្ហាពលរដ្ឋ និងនៅជិតពួកគេជានិច្ច។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង៕
© រក្សាសិទ្ធិដោយ thmeythmey.com