កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ធ្លាក់​ពី FA Cup ក្នុង​បរាជ័យ​៣​លើក​ជាប់​គ្នា ក្រោយ Klopp ទទួល​សំបុត្រ​ពី​ក្មេង​ម្នាក់​
04, Mar 2020 , 11:57 am        
រូបភាព
Liverpool បាន​ធ្លាក់​ចេញពី​ពានរង្វាន់ FA Cup ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់ Chelsea ក្នុង​លទ្ធផល ២-០​។ នេះ​ជា​បរាជ័យ​លើក​ទី​៣​ជាប់​គ្នា​របស់​ក្រុម​រហស្សនាម​ហង្ស​ក្រហម ចាប់តាំងពី​អ្នកគាំទ្រ​ក្រុម Manchester United វ័យ​១០​ឆ្នាំ​ម្នាក់ បាន​សរសេរ​សំបុត្រ​ស្នើ​ឲ្យ​លោក Jurgen Klopp បញ្ចប់​ការ​ឈ្នះ​របស់​ក្រុម​លោក​។​


 
​ជំនួប​នៅ​កីឡដ្ឋាន Stamford Bridge នៅ​រាត្រី​ថ្ងៃទី​៣ ខែមីនា ខ្សែបម្រើ Willian និង Ross Barkley ស៊ុត​បញ្ចូល​ទី​ម្នាក់​១​គ្រាប់​ដើម្បី​នាំ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Frank Lampard ឈានទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ FA Cup រដូវ​កាល​២០១៩-២០​នេះ​។​
 
​ជ័យជម្នះ​នេះ ជា​ជោគជ័យ​សម្រាប់​ក្រុម Chelsea ដ្បិត​ពួកគេ​អស់​ឱកាស​ប្រជែង​ពាន​ក្នុងស្រុក Premier League ក៏ដូចជា​ពាន Champions League ក្រោយ​ចាញ់ Bayern Munich នៅ​ជើង​ទី​១ ក្នុង​ដី​ខ្លួនឯង​ដល់​ទៅ ៣-០​។​
 
​ដោយឡែក Liverpool វិញ​ក្នុងចំណោម​៤​ប្រកួត​ចុងក្រោយ​ពួកគេ​លេង​ចាញ់​ដល់​ទៅ​៣​លើក ដែលជា​បរាជ័យ​គួរកត់សម្គាល់ ខណៈដែល​ពួកគេ​បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន​ចាប់តាំងពី​ផ្តើម​រដូវ​កាល​ថ្មី​មក​។ ក្នុង​ក្របខណ្ឌ Premier League ចំនួន​២៧​ប្រកួត ក្រុម​លោក Klopp មិន​ស្គាល់​ចាញ់​ឡើយ ដោយ​ក្នុងនោះ​ឈ្នះ​២៦ និង​ស្មើ​១​។ 
 
​រឿង​នឹកស្មាន​មិន​ដល់​បានកើត​ឡើងលើ​ម្ចាស់​ការពារ​ជើងឯក​ពាន​កំពូល​អឺរ៉ុប​មួយ​នេះ​។ ក្មេងប្រុស​ម្នាក់​ឈ្មោះ Daragh Curley ដែល​អះអាងថា​ខ្លួន​ជា​អ្នកគាំទ្រ​ក្រុម Man Utd បាន​សរសេរ​សំបុត្រ​ផ្ញើរ​ទៅ​លោក Klopp ដោយ​ស្នើ​អ្នកចាត់ការ​រូបនេះ​ដឹកនាំ​ឲ្យ Liverpool ចាញ់​។​
 
«Liverpool ឈ្នះ​ការប្រកួត​ច្រើនពេក​ហើយ​។ ដូច្នេះ​ជំនួប​ក្រោយៗ​របស់ Liverpool សូម​ធ្វើ​ឲ្យ​ពួកគេ​ចាញ់​។ អ្នក​គួរតែ ឲ្យ​ក្រុម​ផ្សេងៗ​រក​គ្រាប់ និង​ពិន្ទុ​បាន​ខ្លះ​ផង​។ ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាច​បញ្ចុះបញ្ចូល​អ្នក​មិន​ឲ្យ​ឈ្នះ​លី​គ ឬ​ការប្រកួត​ណា​ទៀតឡើយ​»​។ នេះ​ជា​សំណេរ​ដែល​ក្មេងប្រុស Daragh Curley សរសេរ​ទៅកាន់​លោក Klopp​។​
 
 
​ក្រោយ​រឿងនេះ​កើតឡើង Liverpool ពិតជា​ប្រកួត​ចាញ់​ជា​បន្តបន្ទាប់ ពោលគឺ​បរាជ័យ ៣​លើក​ជាប់​គ្នា ក្នុងនោះ​ចាញ់ Atletico Madrid ១-០ នៅ​ក្របខណ្ឌ​អឺរ៉ុប​ជើង​ទី​១ មុន​ចាញ់ Watford ដល់​ទៅ ៣-០ នៃ​ជំនួប​ក្នុង​លី​គ​សប្តាហ៍​ទី​២៨ ដែលជា​ការបញ្ចប់​ភាពមិន​ចាញ់​សោះ​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ និង​ចាញ់ Chelsea នៅ FA Cup៕

Tag:
 FA Cup
  Liverpool
  Jurgen Klopp
  Daragh Curley
© រក្សាសិទ្ធិដោយ thmeythmey.com