COVID-19
អន្តរជាតិ
COVID-19៖ ស្លាប់​ជាង​៣២០០​នាក់ និង​រាលដាល​ដល់​ជិត​៨០​ប្រទេស​
04, Mar 2020 , 12:18 pm        
រូបភាព
ដោយ: រួបរួម
គិត​ត្រឹម​វេលា​ថ្ងៃត្រង់ ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០​នេះ អ្នកស្លាប់​ដោយសារ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​៣២០៣​នាក់ ដែល​ក្នុងនោះ ចិន​បន្ថែម​៣៨​នាក់ និង​កូរ៉េខាងត្បូង​ថែម​១​នាក់ បើ​ប្រៀបធៀប​កាលពី​ម្សិលមិញ​។ ប្រទេស​ចំនួន​៧៧​ហើយ ដែលមាន​ករណី​ឆ្លង​។​



​អ្នកជំងឺ​សរុប​មាន​ជាង​៩៣០០០​ករណី​ដែល​ក្នុងនោះ មាន​ជាង​៨០០០០​ករណី​នៅ​ចិន ដោយ​រាប់បញ្ចូល​ទាំង​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់​។ កូរ៉េខាងត្បូង​មាន​ជាង​៥៣០០​ករណី អ៊ីតាលី​ជាង​២៥០០​ករណី អ៊ីរ៉ង់​ជាង​២៣០០​ករណី នាវា Diamond Princess ជាង​៧០០​ករណី និង​ជប៉ុន​ជិត​៣០០​ករណី​។​

​ប្រទេស​ដែល​ឆ្លង​ពី​ជាង​១០០ ទៅ​២០០​ករណី មាន បារាំង អាល្លឺម៉ង់ អេ​ស្ប៉ា​ញ សហរដ្ឋអាមេរិក និង​សិង្ហ​បុរី ខណៈ​ស្វី​ស កូ​វ៉ែត និង​ចក្រភព​អង់គ្លេស មាន​ជាង​៥០​ករណី​រៀងៗ​ខ្លួន​។ ប្រទេស​ចំនួន​២០ មាន​ករណី​ឆ្លង​ពី​ជាង​១០ ទៅ​ក្រោម​៥០​ករណី រីឯ​៤៥​ប្រទេស​ទៀត មាន​ក្រោម​១០​ករណី​។​

​ចិន​មាន​អ្នកស្លាប់​ចំនួន​២៨៨៤​នាក់ ដោយ​ភាគច្រើនបំផុត​នៅ​ខេត្ត​ហ៊ូ​ប៉ី ជាពិសេស​ក្រុង​វូ​ហាន​ដែល​ផ្ទុះ​ករណី​ដំបូង ហុងកុង​មាន​២​ករណី និង​តៃវ៉ាន់​១​ករណី​។ ករណី​ស្លាប់​ក្រៅប្រទេស​ចិន មាន​ជាង​២២០​នាក់ ដោយ​អ៊ីតាលី មាន​៧៩​នាក់ អ៊ីរ៉ង់​៧៧​នាក់ កូរ៉េខាងត្បូង​៣៣​នាក់​។​

​ជប៉ុន និង​ករណី​នាវា Diamond Princess មាន​ករណី​ស្លាប់​៦​ករណី​រៀងៗ​ខ្លួន ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក​មាន​៩​នាក់ បារាំង​៤​នាក់ រីឯ អេ​ស្ប៉ា​ញ ថៃ អូស្ត្រាលី សាំង​ម៉ា​រ៉ាំ​ង និង​ហ្វីលីពីន មាន​១​ករណី​រៀងៗ​ខ្លួន​។

​បច្ចុប្បន្ន​អ្នកជំងឺ​ដែល​សះស្បើយ​មាន​ជាង​៥០ ០០០​នាក់​។ វៀតណាម កម្ពុជា ណេ​ប៉ាល់ និង​ស្រីលង្កា មិនទាន់មាន​ករណី​ឆ្លង​ទៀតឡើយ ក្រោយ​ព្យាបាល​សះស្បើយ​អ្នកជំងឺ​កន្លងមក រួមទាំង​ហ្វីលីពីន ដែលមាន​អ្នកស្លាប់​១​នាក់ តែ​សះស្បើយ​២​នាក់​៕

 



© រក្សាសិទ្ធិដោយ thmeythmey.com