COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ ម្ចាស់​ក្លិប Inter រិះគន់​មេ Serie A ដែល​ផ្អាក​ប្រកួត​ទល់ Juventus
04, Mar 2020 , 7:39 pm        
រូបភាព
​កីឡាបាល់ទាត់រ​អ៊ីតាលី​កំពុង​ច្របូកច្របល់​ដោយសារ​ការផ្ទុះ​ឡើង​នៃ​វីរុស​ដ៏​កាច​សាហាវ COVID-19 ក្នុងប្រទេស​នេះ ខណៈ​ក្រុម Inter Milan ក៏ត្រូវ​បាន​គេ​បំភ្លេចចោល ក្រោយ​អាក់ខាន​ជាច្រើន​ប្រកួត ជាពិសេស​ជំនួប​សំខាន់​ទល់នឹង​ក្រុម​យក្ស Juventus​។​


 
​លោក Steven Zhang ប្រធាន​ក្លិប Inter Milan ចាប់ផ្តើម​រិះគន់​លោក Paolo Dal Pino ប្រធាន​ក្របខណ្ឌ Serie A ឥត​សំចៃមាត់ ជុំវិញ​ការដោះស្រាយ​របស់លោក​ចំពោះ​វិបត្ដិ​មេរោគ​ឆ្លង​ដែល​កើតមាន​ដំបូង​នៅ​ទឹកដី​ចិន រហូត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​បាល់ទាត់​អ៊ីតាលី​។​
 
​ការប្រកួត​ក្នុង​ក្របខណ្ឌ Serie A មួយចំនួន​រាប់បញ្ចូល​ទាំង​ជំនួប​ដ៏​ធំ​រវាង Inter ទល់នឹង Juventus ផង សុទ្ធតែ​ត្រូវបាន​ពន្យារពេល ក្រោយ​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុង Milan មួយ​នេះ លេង​ដោយ​បិទទ្វារ​កីឡដ្ឋាន​រួចមកហើយ​សម្រាប់​ពាន Europa League​។ ការពន្យារពេល​ប្រកួត Derby រវាង Inter និង Juventus បានធ្វើ​ឲ្យ​លោក Zhang មិន​ពេញចិត្ត​ឡើយ​។​
 
​លោក Zhang ដែលជា​អ្នកជំនួញ​ជនជាតិ​ចិន បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Instagram របស់ខ្លួន​ដោយ​សំដៅទៅ​ប្រធាន Serie A ថា​៖«​ការប្រកួត​តាម​កាលវិភាគ និង​ចាត់ទុក​សុខភាព​សាធារណៈ​ជាការ​ពិចារណា​លំដាប់​ទី​២​។ អ្នក​និយាយ​អំពី​ភាពជា​អ្នកលេង​កីឡា និង​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌​។ តើ​យើង​មិន​ការពារ​កីឡាករ ឬ​គ្រូបង្វឹក​របស់​យើង​ទេ​ឬ ដែល​ឲ្យ​គាត់​លេង​មិន​ឈប់ឈរ​នោះ​?»​។​
 
​អ្នកជំនួញ​វ័យ​២៩​ឆ្នាំ​រូបនេះ ចង់​ឲ្យ​លោក Dal Pino ទទួលខុសត្រូវ​ចំពោះ​ការអាក់ខាន​ប្រកួត​របស់​ក្រុម​មួយចំនួន​នៅ​លី​គ​កំពូល​អ៊ីតាលី ខណៈ​ក្រុមខ្លះ​អាច​លេង​ធម្មតា អំឡុងពេល COVID-19 កំពុង​រាលដាល​ខ្លាំង​នៅ​អ៊ីតាលី​។​
 
«​មែនហើយ​ខ្ញុំ​កំពុងនិយាយ​ទៅកាន់​អ្នក [Dal Pino]​។ ប្រធាន Serie A ដល់ពេល​ដែល​អ្នក​ត្រូវ​ក្រោកឈរឡើង​ហើយ​ទទួលខុសត្រូវ​! នេះ​ជា​អ្វីដែល​ត្រូវធ្វើ​នៅ​ឆ្នាំ ២០២០!»​។ នេះ​ជាការ​បន្ថែម​របស់លោក Zhang​។​
 
​ជុំវិញ​ករណី​នេះដែរ នាយក​ប្រតិបត្តិ​ក្លិប Inter លោក Beppe Marotta ក៏បាន​រិះគន់​ការគ្រប់គ្រង​លី​គ ដោយ​លើកឡើងថា​រដូវ​កាល​នេះ​ទំនងជា​មិនអាច​បញ្ចប់​ឡើយ​ដោយសារ​មាន​ភាពរអាក់រអួល​ក្នុង​ការលើក​ពេល​ប្រកួត ដោយ​បារម្ភ​ពី COVID-19 នោះ​។​
 
​អ៊ីតាលី​មាន​តួលេខ​អ្នកស្លាប់​ដោយសារ​កូ​រ៉ូ​ណាវី​រុស (COVID-19) យ៉ា​ច្រើន​រហូតដល់​ចំនួន​៧៩​នាក់ និង​ឆ្លង​ជាង​២៥០២​នាក់ ហើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៤ ខែមីនា ដែលជា​ចំនួន​លើសគេ​ក្នុង​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​៕

Tag:
 COVID-19
  Steven Zhang
  Inter Milan
  Paolo Dal Pino
© រក្សាសិទ្ធិដោយ thmeythmey.com