ជាតិ
សង្គមជាតិ
សម្តេច ស ខេង ៖​មន្ត្រី​ទាំងអស់​មិនត្រូវ​ធ្វើខ្លួន​ជា​«​មន្ត្រី​ឱកាសនិយម​» រហូត​ភ្លេច​កំណើត​ឡើយ​
04, Mar 2020 , 8:19 pm        
រូបភាព
សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល  នៅ​ថ្ងៃទី​៤​មីនា ឆ្នាំ​២០២០ នៅ​សាលា​ខេត្តកណ្ដាល​។ រូបថត​៖ ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច ស ខេង​៕
សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល នៅ​ថ្ងៃទី​៤​មីនា ឆ្នាំ​២០២០ នៅ​សាលា​ខេត្តកណ្ដាល​។ រូបថត​៖ ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច ស ខេង​៕
​ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើ​ដល់​មន្ត្រី​គ្រប់​ថ្នាក់​ត្រូវ​គិត​ប្រយោជន៍​ជាតិ​ជាធំ ហើយ​មិនត្រូវ​ធ្វើខ្លួន​ឱ្យទៅជា «​មន្ត្រី​ឱកាសនិយម​»​ឡើយ​។ សម្ដេច​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តកណ្ដាល នៅ​ថ្ងៃទី​៤​មីនា ឆ្នាំ​២០២០​។ 


 
​រដ្ឋមន្ត្រី​មហាផ្ទៃ បាន​ពន្យល់ថា មន្ត្រី​ឱកាសនិយម​ក៏​តែងតែ​ស្រែក ឬ​និយាយ​មិន​ដាច់​ពី​មាត់​អំពី​ឧ​ត្ត​ម​គតិ​ជាតិ និង​ពលរដ្ឋ ប៉ុន្តែ​ដល់ពេល​បាន​តំណែង​ឬ​តួនាទី មន្ត្រី​ទាំងនោះ​ប្រើ​តួនាទី​និង​អំណាច ដើម្បី​ទាញយក​ផលប្រយោជន៍​ខ្លួនឯង​។ បើតាម​អនុប្រធាន​គណៈបក្ស​ប្រជាជន​រូបនេះ មន្ត្រី​ឱកាសនិយម គឺ​មិនដែល​បំពេញ​តួនាទី​របស់ខ្លួន​សម្រាប់​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ឡើយ​។ 
 
 
«​មន្ត្រី​របស់​យើង​ថ្នាក់​ណាក៏ដោយ ខ្ញុំ​ស្នើ​ត្រូវ​រៀបចំរ​ប្រៀប​ម៉េច​ដើម្បី​ក្លាយខ្លួនជា​មន្ត្រី​ដែលមាន​ឧ​ត្ត​ម​គតិ​ជាតិ និង​ប្រជាពលរដ្ឋ ហើយ មិនត្រូវ​រៀបចំ​ទុកដាក់​ខ្លួន​យើង ទៅជា​មន្ត្រី​ឱកាសនិយម ទេ​។ (​រដ្ឋាភិបាល​)​ឱ្យធ្វើជា​ប្រធាន​នេះ ប្រធាន​នោះ  គាត់​អត់​គិត​ធ្វើ​ការងារ​ហ្នឹង​ប៉ុន្មាន​ទេ គិតតែ​ដើររក​ស៊ី [​អាហ្នឹង​ហើយ គេ​ហៅថា មន្ត្រី​ឱកាសនិយម​]​។ អញ​យក​អំណាច និង​តួនាទី​ហ្នឹង ដើម្បី​ទៅរក​ប្រយោជន៍​សម្រាប់​ខ្លួន​»​។ នេះ​ជាការ​បញ្ជាក​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ។​
 
​សម្ដេច ស ខេង ស្នើ​មន្ត្រី​ខ្លួន គិត​ប្រយោជន៍​ជាតិ ជាង​ផលចំណេញ​។ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​បន្ថែមថា​៖«​លើកកម្ពស់​មន្ត្រីរាជកា​រ​របស់​យើង​លើក​ឧ​ត្ត​ម​គតិ​ប្រជាជន ហើយ​រក្សា​ខ្ជាប់​នូវ​ឧ​ត្ត​ម​គតិ​នេះ ដោយ​មិន​បណ្ដោយ​ខ្លួន​ទៅជា​ជន​ឱកាសនិយម ដែល​ភ្លេច​កំណើត​។ អ្នកខ្លះ​ភ្លេច​កំណើត​ក៏មានដែរ (​ធ្លាប់​)​មាន​»​។​
 
​សម្ដេច ស ខេង បាន​ក្រើនរំឭក​ជាថ្មី​ឱ្យ​មន្ត្រី​ទាំងអស់ ចុះ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​យកចិត្តទុកដាក់ និង​ផ្ដល់​ផលប្រយោជន៍​ពិតប្រាកដ​ដល់​ពួកគេ ដោយ​មិនត្រូវ​ធ្វើឱ្យ​ពលរដ្ឋ​អាក់អន់ចិត្ត ដល់​ការដឹកនាំ​របស់​រដ្ឋាភិបាល​នោះទេ​។​
 
​បើតាម​សម្ដេច ស ខេង ពេលវេលា​នេះ គឺជា​ពេលវេលា​ដែល​រដ្ឋាភិបាល ក៏ដូចជា​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ត្រូវ​ខំប្រឹង​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ឱ្យទាន់​សភាពការណ៍ ស្របតាម​ការជឿទុកចិត្ត​របស់​ប្រជាពលរដ្ឋ​មកលើ​រដ្ឋាភិបាល​៕ 

Tag:
 មន្ត្រី​ឱកាសនិយម​
  ស ខេង​
© រក្សាសិទ្ធិដោយ thmeythmey.com