កីឡាជាតិ
ជាតិ
ក្រោយ​ករណី​កីឡាករ​ឡាវ FFC ប្រាប់​មន្ត្រី និង​កីឡាករ​ឲ្យ​ឆ្ងាយ​ពី​ទង្វើ​ដែល​នាំ​ជាតិ​អាប់ឱន​
04, Mar 2020 , 9:59 pm        
រូបភាព
លោក សៅ សុខា ប្រធាន FFC និងលោក Keisuke Honda អ្នកចាត់ការទូទៅជម្រើសជាតិ នាជំនួបពិភាក្សាកន្លងមក។ រូបថត ឯកសារ FFC
លោក សៅ សុខា ប្រធាន FFC និងលោក Keisuke Honda អ្នកចាត់ការទូទៅជម្រើសជាតិ នាជំនួបពិភាក្សាកន្លងមក។ រូបថត ឯកសារ FFC
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានបង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ចំណាត់ការ​របស់​ស​ហ័​ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ដែល​ដាក់ពិន័យ​កីឡាករ​ឡាវ​ចំនួន​២​រូប ក្រោយ​រកឃើញថា​មាន​ជាប់​ពាក់ព័ន្ធ​ការកំណត់​លទ្ធផល​ប្រកួត​ទុក​មុន​។ FFC ផ្តែផ្តាំ​មន្ត្រី និង​កីឡាករ​កម្ពុជា​ទាំងអស់ ត្រូវ​គេច​ឆ្ងាយ​ពី​ទង្វើ​ដែល​នាំ​ឲ្យ​អាប់ឱន​ដល់​មុខមាត់​ជាតិ​បែបនេះ​។​


 
​សមាជិក​ក្រុម​ជម្រើសជាតិ​ឡាវ​ចំនួន​ពីររូប រួមមាន​កីឡាករ Khampheng Sayavutthi និង Lembo Saysana AFC ពិន័យ​មិន​ឲ្យ​មាន​សកម្មភាព​ក្នុង​កីឡាបាល់ទាត់​អស់​មួយជីវិត​។
Khampheng វ័យ​៣៣​ឆ្នាំ ដែល​លេង​ឲ្យ​ក្លិប Rangsit United F.C លី​គ​លំដាប់​ទី​៤​ថៃ និង Lembo វ័យ​២៥​ឆ្នាំ កីឡាករ​របស់​ក្រុម Electricite du Laos លី​គ​កំពូល​ឡាវ ត្រូវបាន​រកឃើញថា​បាន​ប្រព្រឹត្ត​បទល្មើស​តាម​មាត្រា ៦៦.១ នៃ​ក្រម​វិន័យ និង​ក្រមសីលធម៌​របស់ AFC នៅ​ឆ្នាំ​២០១៨​។​
 
​លើសពីនេះ​ទៀត​នោះ អ្នក​ទាំងពីរ ក៏​រកឃើញថា​មាន​កំហុស​ក្នុងការ​ឃុបឃិត​គ្នា​ដើម្បី​រៀបចំ​លទ្ធផល​ទុក​មុន នា​ការប្រកួត​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​ឡាវ ទល់នឹង​ហុងកុង កាលពី​ថ្ងៃទី​៥ ខែតុលា​ឆ្នាំ ២០១៧ ផង​។ កាលនោះ​ហុងកុង​ឈ្នះ​ឡាវ​ក្នុង​លទ្ធផល ៤-០​។​
 
​ស្របតាម​វិធានការ​តឹងរ៉ឹង​របស់ AFC បែបនេះ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ FFC ដែលជា​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ប្រយុទ្ធប្រឆាំង​ចំពោះ​អំពើពុករលួយ​ក្នុង​វិស័យ​កីឡាបាល់ទាត់ ជាពិសេស​ការកំណត់​ល​ទ្ធ​ផល​ប្រកួត​ទុកជាមុន​។​
 
FFC ក៏បាន​គាំទ្រ​ចំពោះ AFC ដែល​ដាក់ពិន័យ​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​ឡាវ​ទាំង​២​រូបនេះ និង​ថែមទាំង​ឆ្លៀត​ផ្ញើ​សារ​ដល់​មន្ត្រី និង​កីឡាករ​កម្ពុជា​ឲ្យ​ចៀស​ឆ្ងាយ​ពី​សកម្មភាព​ខុសច្បាប់​ខាងលើនេះ​ផងដែរ​៕

Tag:
 FFC
  AFC
  ឡាវ​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com