COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ ជប៉ុន នឹង​ខាត​រាប់ពាន់​លាន​ដុល្លារ បើសិន​លុប​កីឡា​អូឡាំពិក​តូ​ក្យូ ២០២០
04, Mar 2020 , 10:19 pm        
រូបភាព
​រដ្ឋមន្ត្រី​កីឡា​អូឡាំពិក​ជប៉ុន នៅ​ថ្ងៃទី​៣ ខែមីនា អះអាងថា​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ (IOC) អាច​អនុញ្ញាត​ឲ្យ​ពន្យារពេល​ការប្រកួត​រហូតដល់​ដំណាច់​ឆ្នាំនេះ ជុំវិញ​វិបត្តិ COVID-19​។ ស្របពេល​មានការ​បារម្ភ​អំពី​ការ​ផ្ទុះឡើង​នៃ​វីរុស​ដ៏​កាច​សាហាវ​នេះ IOC ក៏​អាច​នឹងត្រូវ​បង្ខំចិត្ត លុបចោល​ព្រឹត្តិ​កាណ៍​កីឡា​លំដាប់​ពិភពលោក​ឆ្នាំ​២០២០​នេះ​តែម្តង​។​


 
​ឆ្លើយតប​នឹង​សំណួរ​នៅក្នុង​សភា​ជប៉ុន​លោកស្រី Seiko Hashimoto រដ្ឋមន្ត្រី​កីឡា​អូឡាំពិក​ជប៉ុន ថា​កិច្ចសន្យា​នៃ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ជាមួយ IOC បាន​តម្រូវ​ឲ្យ​មានការ​ប្រកួត​នៅក្នុង​ឆ្នាំ ២០២០ នេះ​។ ប៉ុន្តែ​ក៏​អាចមាន​ករណី​ពិសេស ដោយ​អនុញ្ញាត​ឲ្យ​មានការ​ពន្យារពេល​ប្រកួត​ផងដែរ​។​
 
​ក្រោម​កិច្ចព្រមព្រៀង​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ សិទ្ធិ​ក្នុងការ​លុបចោល​កម្មវិធី​កីឡា​នេះ​វិញ គឺ​មានតែ​ស្ថាប័ន IOC មួយ​ប៉ុណ្ណោះ​។ លោក Thomas Bach ប្រធាន IOC កាលពី​សប្តាហ៍​មុន​បាន​និយាយថា​ការរៀបចំ​របស់លោក គឺមាន​ការប្តេជ្ញាចិត្ត​ក្នុងការ​ដំណើរការ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​តាម​កាលវិភាគ​បើ​ទោះ​មាន​ការរីក​រាលដាល​នៃ COVID-19 ក្តី​។​
 
​ស្របពេល​គ្នា​នេះ​អ្នកស្រី Hashimoto ក៏បាន​អះអាង​ដែលថា រដ្ឋាភិបាល​ជប៉ុន និង​ក្រុង​តូ​ក្យូ​នៅតែ​ប្តេជ្ញាចិត្ត​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ​តាម​ការគ្រោងទុក ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៤ ខែកក្កដា រហូត​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០​។​
 
«​យើង​កំពុង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​ធានាថា​ព្រឹត្តិការណ៍​កីឡា​នឹង​ដំណើរការ​ទៅតាម​ការគ្រោងទុក​។ អ្នកស្រី Hashimoto ប្រាប់​សភា​ដូច្នេះ​។ ប្រសិនបើ COVID-19 រាលដាល​ខ្លាំង​រហូត​ត្រូវ​បង្ខំចិត្ត​បញ្ឈប់​ព្រឹត្តិការណ៍​កីឡា​នេះ​មែន​នោះ នឹងធ្វើ​ឲ្យ​ជប៉ុន​មានការ​ខាតបង់​ចំណាយ​យ៉ាងច្រើន​។​
 
​ថវិកា​ចុងក្រោយ​ដែល​ជប៉ុន​ត្រៀម​ដំណើរការ​អូឡាំពិក​រដូវក្តៅ​មាន​ចំនួន ១២,៥១​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ប្រាក់​ជាង​១​ពាន់​លា​ដុល្លារ​ដើម្បី​សាងសង់​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក និង​២៨០​លាន​ដុល្លារ​សម្រាប់​ការចំណាយ​នៅ​ប៉ា​រ៉ា​ឡាំ​ពិ​ក ២០២០​ផង​។​
 
​គិត​មកដល់ពេលនេះ មាន​ព្រឹត្តិការណ៍​កីឡា​ល្បីៗ​ជាច្រើន ត្រូវបាន​លុបចោល និង​ព្យា​រ​ពេល​ប្រកួត​ដោយសារ​បារម្ភ​ពី​ការឆ្លង​នៃ​ជំងឺ COVID-19 ដែល​ក្នុងនោះ​មាន​ដូច​កីឡាបាល់ទាត់ កម្មវិធី​ប្រណាំង​រថយន្ត Formula One នៅក្នុង​ទីលាន​ប្រទេស​ចិន​រដូវ​កាល​នេះ​។​
 
​ករណី​ស្លាប់​ដោយ COVID-19 នៅក្នុង​ប្រទេស​ជប៉ុន​មាន​ចំនួន​៦​នាក់ និង​ឆ្លង​មាន​លើសពី​១០០០​នាក់ បូករួម​ទាំង​ករណី​លើក​ប៉ាល់ Diamond Princess ផង​៕

Tag:
 COVID-19
  IOC
  កីឡា​អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com