COVID-19
អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី ព្រមានអ្នកស្តុកម៉ាស់ទុកលក់ក្នុងតម្លៃថ្លៃ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ។ រូបភាព៖ Reuters
× ប្រមុខរដ្ឋឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃទី៣ ខែមីនា បានបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចចុះបង្ក្រាបរាល់ឈ្មួញ ឬអ្នកលក់ទាំងអស់ណា ដែលស្តុកម៉ាស់ទុកលក់ក្នុងតម្លៃថ្លៃ។ ការចេញបញ្ជារបស់ប្រធានាធិបតីបែបនេះ ធ្វើឡើងបន្ទាប់ពីឥណ្ឌូណេស៊ីរកឃើញ COVID-19 ពីរករណីដំបូងបង្អស់នៅក្នុងប្រទេស។
បន្ទាប់ពីឥណ្ឌូណេស៊ីរកឃើញអ្នកផ្ទុក COVID-19 ចំនួនពីរករណីដំបូង ប្រជាជនជាច្រើនបានសម្រុកទៅផ្សារ ដើម្បីទិញឥវ៉ាន់ស្តុកទុក។ ការណ៍នេះ វាបានធ្វើឲ្យទំនិញជាច្រើន ត្រូវគេទិញស្ទើរតែទាំងអស់។ ក្នុងមុនទំនិញទាំងនោះ ម៉ាស់ និងទឹកលាងដៃ ត្រូវបានលក់អស់គ្មានសល់។
ពាក់ព័ន្ធនឹងបញ្ហានេះ មានឈ្មួញ ឬអ្នកលក់ខ្លះ មានស្តុកម៉ាស់លក់ ក្នុងគោលបំណងទទួលបានតម្លៃថ្លៃ។ ក្នុងថ្ងៃធម្មតា ម៉ាស់ប្រភេទ N95 តម្លៃ២៥ដុល្លារប៉ុណ្ណោះ រហូតដល់ឥណ្ឌូណេស៊ីរកឃើញ COVID-19 តម្លៃម៉ាស់បានកើនឡើងរហូតដល់ជាង ១០០ដុល្លារឯណោះ។ ចំណែកម៉ាស់ធម្មតា គឺកើនដល់ ២៨ដុល្លារ ក្នុងមួយប្រអប់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Globe។
ដើម្បីទប់ស្កាត់ការទាញយកប្រយោជន៍ក្នុងពេលខ្វះខាតបែបនេះ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានបញ្ជាឲ្យអគ្គស្នងការនគរបាលជាតិ លោក Idham Azis ចាត់វិធានការដោះស្រាយបញ្ហានេះ។ «ខ្ញុំបានបញ្ជាឲ្យមេប៉ូលីសជាតិចាត់វិធានការជាបន្ទាប់មួយ ដើម្បីទប់ស្កាត់ក្រុមមនុស្ស ដែលមិនទទួលខុសត្រូវ ហ៊ានទាញយកប្រយោជន៍ តាមរយៈការស្តុកម៉ាស់ទុក និងលក់ចេញក្នុងតម្លៃថ្លៃ»។ នេះជាសម្ដីលោក វីដូដូ ។
ក្នុងន័យនេះ លោក វីដូដូ បានអំពាវនាវអ្នកស្តុកម៉ាស់លក់ក្នុងតម្លៃថ្លៃ មានការប្រុងប្រយ័ត្នជាងមុន បន្ទាប់ពីការព្រមាននេះ។ តាមច្បាប់របស់ឥណ្ឌូណេស៊ី រាល់អ្នកជំនួញទាំងឡាយណា ដែលស្តុកផលិតផលទុក ក្នុងពេលមានតម្រូវការ ឬពេលខ្វះខាត ដើម្បីទុកលក់ក្នុងតម្លៃថ្លៃ នឹងត្រូវជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ជាង ៣៥ម៉ឺនដុល្លារ។
សូមបញ្ជាក់ថា នាថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ប៉ូលិសក្រុងហ្សាការតា បានចុះទៅបង្ក្រាបទីតាំងផលិតម៉ាស់ខុសច្បាប់មួយកន្លែងនាសង្កាត់ Cilincing ទីក្រុងហ្សាការតា ដោយចាប់បានជនសង្ស័យយ៉ាងហោចណាស់ ១០នាក់ និងម៉ាស់ប្រមាណជា ៣០ម៉ឺនសន្លឹក។ តាមការត្រួតពិនិត្យមើលម៉ាស់ទាំងនោះ គឺខ្វះស្តង់ដារសុខាភិបាល និងផលិតឡើងមិនត្រឹមត្រូវ៕
Tag:
ឥណ្ឌូណេស៊ី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com