ពពាយជាបន្លែមួយប្រភេទដែលមានរសជាតិឆ្ងាញ់អាចយកមកចម្អិនធ្វើម្ហូបបាន ឬទទួលទានទាំងឆៅបែបបន្លែអន្លក់ ហើយសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ បើទោះជាភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងធ្លាប់ទទួលទានបន្លែនេះ ប៉ុន្តែប្រហែលមិនចាប់អារម្មណ៍គិតដល់ទេថា ពពាយអាចផ្ដល់អត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើលជាច្រើនចំពោះសុខភាពរាងកាយនិងសម្រស់បាន!
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការទទួលទានបន្លែពពាយ ៖
១. ធ្វើឱ្យប្រព័ន្ធរំលាយអាហារកាន់តែមានលក្ខណៈប្រសើរឡើង
នេះក៏ព្រោះតែពពាយជាប្រភពដ៏ប្រសើរនៃជាតិសរសៃ។ ជាតិសរសៃដែលមានប្រសិទ្ធិភាពជួយសម្អាតកំទេចកំទីអាហារដែលជាប់គាំង ឬទាក់ក្នុងពោះវៀនធំ។ វាក៏ជួយសម្របសម្រួលដំណើរការនៃប្រព័ន្ធរំលាយអាហារនិងទប់ស្កាត់បញ្ហាទល់លាមកគួរឱ្យកត់សម្គាល់។
២. ពង្រឹងសុខភាពភ្នែក
ពពាយក៏មានផ្ទុកវីតាមីន A ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់រក្សាសុខភាពភ្នែកល្អប្រសើរ។ ដូច្នេះក្រៅពីការ៉ុត អ្នកក៏គួររួមបញ្ចូលពពាយក្នុងរបបអាហារប្រចាំថ្ងៃផងដែរ។
៣. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
បរិមាណនៃវីតាមីន C ក្នុងពពាយនឹងជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយគួរឱ្យកត់សម្គាល់។ វីតាមីន C រំញោចការផលិតកោសិកាឈាមសដែលប្រយុទ្ធប្រឆាំងជំងឺឆ្លង។ ប្រសិនបើអ្នកឧស្សាហ៍ផ្ដាសាយ ឬងាយឆ្លងជំងឺ ចូរបង្កើនការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C។
៤. សុខភាពសាច់ដុំ
ពពាយជាប្រភពដ៏ល្អនៃប្រូតេអ៊ីនដែលចាំបាច់សម្រាប់រក្សាភាពរឹងមាំនិងការលូតលាស់នៃសាច់ដុំ។ ដូច្នេះប្រសិនបើអ្នកចង់ឱ្យសាច់ដុំរឹងមាំនិងធំជាងមុន ចូរកុំស្ទាក់ស្ទើនឹងរួមបញ្ចូលពពាយក្នុងរបបអាហារប្រចាំថ្ងៃ។
៥. ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ
ពពាយជាប្រភពសម្បូរបែបនៃជាតិ Folate ដែលចាំបាច់សម្រាប់ដំណើរការសំយោគ DNA និងការបែងចែកកោសិកា។ ចំពោះស្ត្រីការទទួលទានជាតិ Folate គ្រប់គ្រាន់កំឡុងពេលមានផ្ទៃពោះអាចជួយទប់ស្កាត់បញ្ហាខូចខាតសរសៃប្រសាទនៃទារកទើបនឹងកើត។
៦. កាត់បន្ថយការរលាកក្នុងរាងកាយ
ពពាយមានផ្ទុកជាតិខ្លាញ់ល្អដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយទប់ស្កាត់ហានិភ័យនៃជំងឺជាច្រើនរួមទាំងជំងឺបេះដូង ហើមរលាកសន្លាក់ និងមហារីក។
៧. កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង
មួយក្នុងចំណោមសារធាតុចិញ្ចឹមជាច្រើនដែលមានផ្ទុកក្នុងពពាយ គឺកាល់ស្យូម។ ហើយភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាកាល់ស្យូមសំខាន់យ៉ាងណាចំពោះសុខភាពឆ្អឹងនិងធ្មេញ។ ការរក្សាបានសុខភាពឆ្អឹងរឹងមាំនឹងជួយឱ្យអ្នកចៀសផុតហានិភ័យនៃជំងឺពុកឆ្អឹង។
៨. ទប់ស្កាត់ភាពចាស់មុនអាយុ
ពពាយ មានផ្ទុកសម្បូរទៅដោយវីតាមីន C និងវីតាមីន A។ វីតាមីនទាំងពីរនេះដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ ហើយក៏ជួយទប់ស្កាត់សញ្ញានៃភាពចាស់មុនអាយុដូចជាស្នាមជ្រីវជ្រួញ និងស្នាមខ្សែលើស្បែកផងដែរ។
៩. រក្សាភាពបត់បែននៃស្បែក
សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលមានវត្តមានក្នុងពពាយជួយធានាដល់ការរក្សាបាននូវភាពបន់បែនតឹងណែននៃស្បែកនិងថែមទាំងធ្វើឱ្យស្បែកមើលទៅក្មេងជាងវ័យទៀតផង៕
ត្រួតពិនិត្យដោយ www.health.com.kh