COVID-19
អន្តរជាតិ
COVID-19៖ អេ​ស្ប៉ា​ញ អ៊ីរ៉ាក់ និង​អូស្ត្រាលី មាន​ករណី​ស្លាប់​ទី​ពីរ​រៀងៗ​ខ្លួន​
05, Mar 2020 , 11:07 am        
រូបភាព
កន្លែងពិនិត្យកំដៅនៅ​ក្រុង Arbil នៃតំបន់ស្វយ័ត Iraqi Kurdish។ រូបថត AFP
កន្លែងពិនិត្យកំដៅនៅ​ក្រុង Arbil នៃតំបន់ស្វយ័ត Iraqi Kurdish។ រូបថត AFP
​អេ​ស្ប៉ា​ញ អ៊ីរ៉ាក់ និង​អូស្ត្រាលី នៅតែ​បន្ត​រកឃើញ​អ្នកស្លាប់​ដោយសារ COVID-19 នៅក្នុង​ប្រទេស​។ គិត​ត្រឹម​ថ្ងៃទី​៥ ខែមីនា​នេះ ប្រទេស​ទាំងបី​នេះ មាន​ករណី​ស្លាប់​សរុប ២​ករណី​ដូចគ្នា ខណៈពេល​អេ​ស្ប៉ា​ញ​មាន​អ្នក​ឆ្លង​សរុប ២២៨​ករណី អូស្ត្រាលី​មាន ៥០​ករណី និង​អ៊ីរ៉ាក់​មាន ៣៥​ករណី​។


 
​ក្រៅពី​អុកឡុក​នៅក្នុង​ប្រទេស​ចិន COVID-19 បាន​រីក​សាយភាយ​ទៅ​បរទេស​ជា​បន្តបន្ទាប់​។ ក្នុងនោះ អេ​ស្ប៉ា​ញ អ៊ីរ៉ាក់ អូស្ត្រាលី ក៏បាន​ទទួលរង​ផលប៉ះពាល់​ដែរ​។ អេ​ស្ប៉ា​ញ​បាន​ករណី​ស្លាប់​ទី​២ នៅក្នុង​តំបន់​ស្វយ័ត Basque នា​ថ្ងៃទី​៤ ខែមីនា បន្ទាប់ពី​ទើបតែ​រកឃើញ​ករណី​ស្លាប់​ដំបូង​នៅ Valencia​។ បើតាម​ការអះអាង​រប​ស់​នាយកដ្ឋាន​សុខាភិបាល​តំបន់ Basque ករណី​ស្លាប់​ទី​២​នេះ គឺ​កើត​បុរស​វ័យ ៨២​ឆ្នាំ​ម្នាក់ ដែលមាន​ជំងឺ​រ៉ាំរ៉ៃ​។ នៅ​អេ​ស្ប៉ា​ញ អ្នក​ផ្ទុក COVID-19 ចំនួន ២២៨​ករណី​។​
 
​ចំណែក​នៅ​អូស្ត្រាលី​ឯណោះ​វិញ អាជ្ញាធរ​សុខាភិបាល​រកឃើញ​ករ​ណី​ស្លាប់​ទី​ពីរ​ផងដែរ​។ សម្រាប់​ករណី​ស្លាប់​ចុងក្រោយ​នេះ គឺជា​លោកយាយ​វ័យ ៩៥​ឆ្នាំ​ម្នាក់ ដែល​បានទទួល​មរណភាព​ដោយសារ COVID-19 នា​មន្ទីរពេទ្យ​មួយកន្លែង​ក្នុង​ក្រុង Sydney នា​វេលាយប់​ថ្ងៃទី​៣ មីនា​។ 
 
​ក្រៅពី​អេ​ស្ប៉ា​ញ និង​អូស្ត្រាលី នៅ​អ៊ីរ៉ាក់​ឯណោះ​វិញ ត្រូវបាន​គេ​រាយការណ៍​ថា​មាន​ករណី​ស្លាប់​ទី​២ បន្ទាប់ពី​ទើបតែ​រកឃើញ​ករណី​ស្លាប់​លើកដំបូង​។ ករណី​ទី​ពីរ​នេះ គឺជា​បុរស​វ័យ ៦៥​ឆ្នាំ​ម្នាក់ ដែល​រស់នៅក្នុង​ទីក្រុង​បា​ក់ដាដ បានទទួល​មរណភាព នា​ថ្ងៃទី​៤ ខែមីនា​។ ជាមួយគ្នានេះដែរ អាជ្ញាធរ​សុខាភិបាល​ក៏បាន​រកឃើញ​អ្នក​ឆ្លង COVID-19 ចំនួន​បី​ករណី​បន្ថែមទៀត នា​ថ្ងៃទី​៤ ខែមីនា​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ចំនួន​សរុប​នៅក្នុង​ប្រទេស​បាន​កើន​ដល់ ៣៥​ករណី​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៥ ខែមីនា COVID-19 បាន​ឆ្លង​ដល់ ៨៥​ប្រទេស​ហើយ​។ ក្នុងនោះ​អ្នក​ឆ្លង​បាន​កើន​ដល់​ចំនួន​ជាង ៩៥០០០​ករណី និង​អ្នកស្លាប់ ៣២៨៥​ករណី ខណៈពេល​អ្នកជា​សះស្បើយ​មាន​ចំនួន​ជាង ៥៣០០០​ករណី​៕ 

Tag:
 អេ​ស្ប៉ា​ញ​
  អ៊ីរ៉ាក់​
  អូស្ត្រាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com