កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ Man City, Leicester ឡើងទៅវគ្គបន្ត ឯ Spurs ធ្លាក់ដោយសារក្រុមបាតតារាង Norwich
× Manchester City និង Leicester City សុទ្ធតែទទួលជ័យជម្នះរៀងខ្លួនដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup។ ចំណែក Tottenham Hotspur បានធ្លាក់ចេញពីពាននេះត្រឹមវគ្គ១៦ក្រុម ក្រោយចាញ់ក្រុម Norwich City ដោយការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ។
ខ្សែប្រយុទ្ធ Sergio Aguero ជាអ្នកសម្រេចគ្រាប់បាល់ជ័យជម្នះឲ្យក្រុមមេឃខៀវដើម្បីយកឈ្នះ Sheffield Wednesday ក្នុងលទ្ធផល ១-០ នាជំនួបវគ្គ១៦ក្រុម នៅរាត្រីថ្ងៃទី៤ ខែមីនា។ លទ្ធផល ១-០ គ្រប់គ្រាន់ក្នុងការជួយក្រុមលោក Pep Guardiola ដែលជាម្ចាស់ការពារតំណែងជើងឯក បន្តទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។
ខ្សែការពារ Ricardo Pereira ស៊ុតបញ្ចូលទី១គ្រាប់នៅចុងម៉ោងនាទី៨២ ដើម្បីជួយ Leicester យកឈ្នះ Birmingham City ១-០ នាកីឡដ្ឋាន King Power។ ជ័យជម្នះនេះ បាននាំក្រុមរហស្សនាមកញ្ជ្រោងឡើងទៅវគ្គ៨ក្រុមនៃពានរង្វាន់ FA Cup រដូវកាល២០១៩-២០នេះ។
ដោយឡែក Spurs ឯណោះវិញ ទទួលបានត្រឹមខកចិត្តប៉ុណ្ណោះ បន្ទាប់ពីធ្លាក់ចេញពី FA Cup នេះត្រឹមវគ្គ១៦ក្រុម ក្រោយចាញ់ Norwich City ដែលជាក្រុមនៅបាតតារាង Premier League ដោយការទាត់បាល់កាត់សេចក្តីប៉េណាល់ទី។ ក្រោយប្រកួតស្មើគ្នា ១-១ ក្នុងម៉ោងផ្លូវការ ក្រុមទាំងពីរត្រូវបន្តដល់វគ្គប៉េណាល់ទី ដោយ Spurs ចាញ់ Norwich ក្នុងលទ្ធផល ៣-២។
ក្រុមដែលត្រូវប៉ះគ្នានៅវគ្គ៨ក្រុមចុងក្រោយ FA Cup រួមមាន, Leicester City Vs Chelsea, Sheffield United Vs Arsenal, Newcastle United Vs Man City, Norwich City ត្រូវជួប Man Utd ឬ Derby County ខណៈដែលក្រុមទាំងពីរត្រូវប្រជែងគ្នានៅរាត្រីថ្ងៃទី៥ ខែមីនានេះ វេលាម៉ោង ២:៤៥នាទី [ម៉ោងនៅកម្ពុជា]៕
© រក្សាសិទ្ធិដោយ thmeythmey.com