COVID-19
អន្តរជាតិ
COVID-19៖ សរុប​ករណី​ឆ្លង​នៅ​កូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ កើន​លើស​១​ម៉ឺន​, ស្លាប់​២៣៤
05, Mar 2020 , 12:20 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​កូរ៉េខាងត្បូង អ៊ីតាលី និង​អ៊ីរ៉ង់ សុទ្ធតែ​បាន​រាយការណ៍​ពី​កើនឡើង​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) បន្ថែមទៀត​។ តួលេខ​សរុប​ករណី​ឆ្លង COVID-19 នៅ​ប្រទេស​ទាំងបី​នេះ បាន​ឡើង​លើស​មួយ​ម៉ឺន​ករណី​ហើយ ខណៈ​អ្នក​ស្លាប់មាន​ចំនួន​២៣៤​នាក់​។ កូរ៉េខាងត្បូង នៅតែ​ជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ​បន្ទាប់ពី​ចិន ឯ​អ៊ីតាលី​វិញ​នៅ​បន្ត​ស្ថិតនៅ​លេខ​ពីរ​លើ​ចំនួន​អ្នកស្លាប់​ច្រើន​ដដែល​។​



​នៅ​កូរ៉េខាងត្បូង ករណី​ឆ្លង COVID-19 ទាំងអស់​មាន​ចំនួន​៥៧៦៦ ដែល​ភាគច្រើន​មាននៅ​ទីក្រុង Daegu និង​ខេត្ត North Gyeongsang ។ នៅ​ថ្ងៃទី​៥ ខែមីនា​នេះ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង​បានប្រកាស​ពី​ករណី​ឆ្លង​ចំនួន​៤៣៨​នាក់ ដែលជា​តួលេខ​ទាប​ជាងគេ​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ ដោយសារ​មានការ​រាយ​កាណ៍​ពី​ករណី​ស្លាប់​បីនាក់​ទៀត តួលេខ​អ្នកស្លាប់​ទាំងអស់​នៅ​កូរ៉េខាងត្បូង​មាន​ចំនួន​៣៥​នាក់​ហើយ​។

​បើតាម​សារព័ត៌មាន BNO News គិត​ត្រឹម​ថ្ងៃទី​៥ ខែមីនា ករណី​ឆ្លង​នៅ​អ៊ីតាលី មាន​ចំនួន​៣០៨៩ និង​ស្លាប់​១០៧​នាក់​។ អ៊ីតាលី ត្រូវបាន​ចាត់ទុកជា​ប្រភព​ចម្លង​ធំជាងគេ​នៅ​អឺរ៉ុប ព្រោះ​ករណី​ឆ្លង​ថ្មីៗ​នៅ​ប្រទេស​ជាច្រើន​នៃ​តំបន់​អឺរ៉ុប សុទ្ធ​តែមាន​ប្រភពពី​អ៊ីតាលី​ទាំងអស់​។ អំឡុងពេល​ដូចគ្នានេះ នៅ​អ៊ីរ៉ង់​វិញ ករណី​ឆ្លង​សរុប​មាន​២៩២២​នាក់ និង​ស្លាប់​៩២​នាក់​។ វត្តមាន COVID-19 បាន​រាលដាល​ដល់​ប្រទេស​ក្បែរ​មួយចំនួនទៀត​ដូចជា​អ៊ីរ៉ាក់ ប៉ា​គី​ស្ថាន និង​អា​មេ​នី​ជាដើម​។​

​តួលេខ​សរុប​នៃ​ការឆ្លង​ក្នុងប្រទេស​ទាំងបី​មាន​ចំនួន​១១៧៧៧​ករណី​។ ចំនួន​អ្នក​ស្លាប់មាន​២៣៤​នាក់​។ សម្រាប់​ចិន​វិញ ករណី​ឆ្លង​មាន​ជាង​៨​ម៉ឺន ឯ​អ្នក​ស្លាប់មាន​ចំនួន​៣០១២​នាក់​ដែល​ភាគច្រើន​នៅ​ខេត្ត​ហ៊ូ​ប៉ី​។ អេ​ស្ប៉ា​ញ និង​អ៊ីរ៉ាក់ ជា​ប្រទេស​មាន​ករណី​ថ្មីៗ គឺ​មួយ​ករណី​ម្នាក់​ថែមទៀត ហើយ​សរុប​មាន​ពីរ​ករណី ដូចគ្នា​នឹង​អូស្ត្រាលី​ដែរ​។

​បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែមីនា​នេះ ចំនួន​ប្រទេស​ដែល​ឆ្លង COVID-19 ឡើងដល់​ជាង​៨០​ហើយ (​ក្នុងករណី​រួមបញ្ចូល​ទាំង​តំបន់​ស្វយ័ត​នានា​)​។ ហុង​គ្រី ស្លូ​វេ​នី និង​កោះ​ហ្វា​រ៉ូ ទើប​តេស្ត​ឃើញ​ករណី​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នៅ​ទឹកដី​រៀងៗ​ខ្លួន​៕






Tag:
 COVID-19
  កូរ៉េខាងត្បូង​
  អ៊ីរ៉ង់​
  អ៊ីតាលី
© រក្សាសិទ្ធិដោយ thmeythmey.com