ជាតិ
ឆ្នាំ២០២០ សង្ក្រាន្តសៀមរាបនឹងត្រូវរៀបចំ ដើម្បីទាក់ទាញភ្ញៀវទេសចរ
× ភ្នំពេញ៖ ព្រឹត្តិការណ៍សង្ក្រាន្តក្នុងទឹកដីខេត្តសៀមរាប នឹងប្រារព្ធក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៤ដល់១៦ ខែមេសា ឆ្នាំ២០២០។ នេះបើតាមប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។
សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា៖«ឆ្នាំនេះ យើងត្រូវធ្វើអង្គរសង្ក្រាន្តឡើងវិញ (សង្ក្រានសៀមរាប) នៅខេត្តសៀមរាម ដើម្បីឱ្យមនុស្សទៅលេង»។ សម្តេច បន្តថា ការរៀបចំព្រឹត្តការណ៍នេះឡើងវិញ គឺដើម្បីឱ្យប្រជាពលរដ្ឋកម្សាន្តសប្បាយក្នុងស្រុក និងចំណាយក្នុងស្រុក ឱ្យបានច្រើន។ សម្តេច រម្លឹកថា កន្លងមក ប្រជាពលរដ្ឋកម្ពុជាជាង១លាននាក់យកប្រាក់ទៅចំណាយនៅក្រៅប្រទេស ក្នុងដំណើរកម្សាន្តនៅតាមបណ្តាប្រទេសនានា។
ប្រមុខរដ្ឋាភិបាល បន្តថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត (សង្ក្រានសៀមរាប) ឆ្នាំ២០២០ឡើងវិញ ក្នុងគោលបំណងទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍នានាក្នុងខេត្តសៀមរាបឱ្យបានប្រសើរឡើងវិញ បន្ទាប់ពីខេត្តនេះមានចំនួនភ្ញៀវទេសចរថយចុះខ្លាំង នាពាក់កណ្តាលឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន។
កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ក្រសួងទេសចរណ៍បានចេញសេចក្តីថ្លែងការណ៍ថា ឧទ្យានបុរាណវិទ្យាអង្គរសៀមរាប ទទួលភ្ញៀវទេសចរបរទេសបានចំនួន២,២លាននាក់ ក្នុងឆ្នាំ២០១៩។ ចំនួននេះ ធា្លក់ចុះជិត១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៨។
សូមរម្លឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តខេត្តសៀមរាប បានរៀបចំឡើងដំបូងក្នុងរយៈពេល៦ឆ្នាំជាប់គ្នា ពោលគឺចាប់ពីឆ្នាំ២០១៣ដល់២០១៨។ លុះឆ្នាំ២០១៩ ព្រឹត្តិការណ៍នេះ មិនត្រូវបានប្រារព្ធឡើយ ប៉ុន្តែមានរៀបចំបុណ្យសង្ក្រាន្តនានានៅតាមខេត្តផ្សេងៗពីគ្នា នារដូវបុណ្យចូលឆ្នាំខ្មែរ កន្លងមក៕
Tag:
អង្គរសង្ក្រាន្ត
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com