COVID-19
អន្តរជាតិ
ជប៉ុន លើក​ពេល​ទស្សនកិច្ច​ផ្លូវរដ្ឋ​ប្រធានាធិបតី​ចិន ដើម្បី​ទុកពេល​ទប់ទល់ COVID-19
05, Mar 2020 , 8:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង មុនជំនួបនៅទីក្រុងអូសាកា ឆ្នាំ២០១៩។ រូបភាព Xinhua
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង មុនជំនួបនៅទីក្រុងអូសាកា ឆ្នាំ២០១៩។ រូបភាព Xinhua
​ទីក្រុង​តូ​ក្យូ នៅ​ថ្ងៃទី​៥ ខែមីនា បានប្រកាស​លើក​ពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដោយ​លើកឡើង​ហេតុផល​ថា បារម្ភ​ពី​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជប៉ុន​បញ្ជាក់ថា កាលបរិច្ឆេទ​ថ្មី​ដែល​សមស្រប​សម្រាប់​ប្រទេស​ទាំងពីរ នឹងត្រូវ​ប្រកាស​នៅពេល​ក្រោយ ព្រោះ​បញ្ហា​អាទិភាព​សម្រាប់​ភាគី​ទាំងពីរ​នៅពេល​បច្ចុប្បន្ន គឺ​ការទប់ស្កាត់​ការ​សាយភាយ​វីរុស​ប្រភេទ​ថ្មី​នេះ​។

 
«​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រធានាធិបតី ស៊ី ទៅកាន់​ជប៉ុន នឹងត្រូវ​រៀបចំ​នៅពេល​សមស្រប​សម្រាប់​ភាគី​ទាំងពីរ​។​» ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា (Yoshihide Suga) លើកឡើង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៥ ខែមីនា​។ 
 
​តាម​គម្រោង លោក ស៊ី នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ជប៉ុន​អំឡុង​រដូវ​ផ្កា​រីក​ឆ្នាំ​២០២០​នេះ បន្ទាប់ពី​ទទួលបាន​ការអញ្ជើញ​ពី​សំណាក់​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ នៅ​ជំនួប​មហាអំណាច​សេដ្ឋកិច្ច​ទាំង​២០ ដែល​ទៅ​ក្រុង​អូ​សា​កា​ជា​ម្ចាស់ផ្ទះ​។ ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​ចិន​ចុងក្រោយ​នៅ​ជប៉ុន មាន​តាំងពី​ឆ្នាំ​២០០៨ ឯណោះ​។ ដូចនេះ​ទើប​គម្រោង​ទស្សនកិច្ច​របស់លោក ស៊ី ត្រូវបាន​រំពឹងថា នឹង​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​នៃ​ទំនាក់ទំនង​ទ្វេភាគី​។​
 
​យ៉ាងណាមិញ លោក ស៊ូ​ហ្កា បញ្ជាក់ថា ការផ្ទុះ​ឡើង​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) បង្ក​ឲ្យ​ការលំបាក​សម្រាប់​ដំណើរ​ទស្សនកិច្ច​លោក ស៊ី ។ បើតាម​មន្ត្រីជាន់ខ្ពស់​រូបនេះ វីរុស​ប្រភេទ​ថ្មី ក្លាយជា​បញ្ហា​ប្រឈម​សម្រាប់​ភាគី​ទាំងពីរ ហើយ​អ្វីដែល​ត្រូវធ្វើ​នៅពេល​បច្ចុប្បន្ន គឺ​ការទប់ស្កាត់​ការ​រាលដាល​វីរុស​ថ្មី​នេះ​។ លោក​បន្តថា វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ផ្ដល់​អាទិភាព​ដល់​ការងារ​ទប់ស្កាត់​នេះ​មុន​អ្វី​ផ្សេងទៀត​។​
 
​ជប៉ុន ជា​ប្រទេសមួយ​ដែល​រង​ការ​រាតត្បាត​ដោយសារ COVID-19 ខ្លាំង​គួរសម​។ គិត​ត្រឹម​ថ្ងៃទី​៥ ខែមីនា ជប៉ុន​មាន​ករណី​ឆ្លង​វីរុស​ចំនួន​៣៣១ ដោយ​ស្លាប់​៦​នាក់​។ ដោយឡែក​ករណី​ឆ្លង​លើ​នាវា Diamond Princess វិញ មានការ​ឆ្លង​ចំនួន​៧០៦​ករណី និង​ស្លាប់​៣៤​នាក់​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន BNO News ៕

Tag:
 COVID-19
  ជប៉ុន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com