កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldinho ត្រូវ​ប៉ូលិស​ប៉ា​រ៉ា​ហ្គា​យ​ឃាត់ខ្លួន ជុំវិញ​ការប្រើ​លិខិតឆ្លងដែន​ក្លែងក្លាយ​
05, Mar 2020 , 10:19 pm        
រូបភាព
​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Ronaldinho កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​នៅក្នុង​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ ជុំវិញ​ការប្រើ​លិខិតឆ្លងដែន​ក្លែងក្លាយ​។ ហេតុ​ការ​នេះ កើតឡើង​ក្រោយ​ប៉ូលីស​ប៉ា​រ៉ា​ហ្គា​យ​បាន​លួច​ចូល​បន្ទប់​សណ្ឋាគារ​រប​ស់ Ronaldinho ហើយ​រក​ឯកសារ​ក្លែប​ន្លំ​មួយចំនួន​។​


 
Ronaldinho នឹងត្រូវ​បង្ហាញខ្លួន​នៅ​ចំពោះមុខ​រដ្ឋអាជ្ញា​នៅ​ថ្ងៃទី​៥ ខែមីនា​នេះ បន្ទាប់ពី​មានការ​ចោទប្រកាន់ថា​រូបគេ​បាន​ចូល​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​ដោយ​ប្រើប្រាស់​ឯកសារ​ក្លែងបន្លំ​។ អតីត​សមាជិក​ក្រុម Barcelona រូបនេះ ក៏ត្រូវ​បាន​ហាម​មិន​ឲ្យ​ចេញពី​សណ្ឋាគារ​ប្រណីត​របស់ខ្លួន​ដែរ ខណៈ​កំពុង​ស្ថិតក្រោម​ការសាកសួ​រ​នៅឡើយ​។​
 
​ប៉ូលីស​ប៉ា​រ៉ា​ហ្គា​យ បាន​ទៅ​សណ្ឋាគារ​ដែល Ronaldinho ស្នាក់នៅ​នា​ថ្ងៃទី​៤ ខែមីនា បន្ទាប់ពី​ត្រូវបាន​គេ​ជូនដំណឹង​ថា​ឯកសារ​របស់​អ​តី​សមាជិក​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ត្រូវបាន​រកឃើញថា​មាន​បញ្ហា​។​


 
​លិខិតឆ្លងដែន​ប៉ា​រ៉ា​ហ្គា​យ​ដែលមាន​ឈ្មោះ​ពេញ Ronaldo de Assis Moreira (Ronaldinho) ត្រូវ​បានចេញ​នៅ​ថ្ងៃទី​៧ ខែមករា​ឆ្នាំនេះ ដោយ​បញ្ជាក់ថា​នេះ​ជា​ជនជាតិ​ប្រេ​ស៊ី​ល ប៉ុន្តែ​មានការ​ពិពណ៌នា​បន្ថែមថា​ឈ្មោះ​នេះ​ជា​ជនជាតិដើម​ប៉ា​រ៉ា​ហ្គា​យ​ផងដែរ​។ ប៉ូលីស ក៏បាន​រឹបអូស​អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ប៉ា​រ៉ា​ហ្គា​យ​ដែល​ត្រូវបាន​ចោទថា​ក្លែងបន្លំ​ផងដែរ​។​
 
​ក្រៅពី Ronaldinho បងប្រុស​របស់គេ​ឈ្មោះ Roberto ក៏មាន​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​នេះដែរ ហើយ​តម្រូវ​ឲ្យ​ចូលខ្លួន​បង្ហាញមុខ​ចំពោះមុខ​រដ្ឋអាជ្ញា​ប៉ា​រ៉ា​ហ្គា​យ នៅ​ថ្ងៃទី​៥ មីនា​នេះ​។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់​សារព័ត៌មាន La Nacion សមាជិក​ដែល​ជួយ​ប្រេ​ស៊ី​ល​លើក​ពាន World Cup ឆ្នាំ​២០០២ វ័យ​៣៩​ឆ្នាំ​រូបនេះ រួមជាមួយ​បក្ខពួក​ខ្លួន​បានធ្វើ​ដំណើរ​ទៅកាន់​ប៉ា​រ៉ា​ហ្គា​យ ក្រោម​ការអញ្ជើញ​ពី​ម្ចាស់​កាស៊ីណូ​លោក Nelson Belotti ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​ប៉ា​រ៉ា​ហ្គា​យ​នេះ​៕



Tag:
 Ronaldinho
© រក្សាសិទ្ធិដោយ thmeythmey.com