ជាតិ
សង្គមជាតិ
សិល្បះ
សមាគម​សិល្បៈ ត្រូវសុំ​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌​សិន មុន​យក​របាំ​ព្រះរាជ​ទ្រព្យ​ទៅ​សម្តែង​នៅក្រៅ​ប្រទេស​
05, Mar 2020 , 9:19 pm        
រូបភាព
សិល្បករខ្មែរដែលសម្តែង​របាំ​ព្រះរាជទ្រព្យខ្មែរ នៅពីក្រោយគ្រូហុង​ស៊ុយ ជនជាតិម៉ាឡេស៊ី សញ្ជាតិសិង្ហបុរី ដែល​ជា​ការសម្តែង​មួយ​ដែលអាក់អោនតម្លៃសិល្បៈខ្មែរ​
សិល្បករខ្មែរដែលសម្តែង​របាំ​ព្រះរាជទ្រព្យខ្មែរ នៅពីក្រោយគ្រូហុង​ស៊ុយ ជនជាតិម៉ាឡេស៊ី សញ្ជាតិសិង្ហបុរី ដែល​ជា​ការសម្តែង​មួយ​ដែលអាក់អោនតម្លៃសិល្បៈខ្មែរ​
ដោយ:
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រាប់​ឲ្យ​បណ្តា​សមាគម អង្គការ និង​ក្រុម​សិល្បករ​ខ្មែរ ដែល​ចង់យក​របាំ​ព្រះរាជ​ទ្រព្យ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ទៅ​សម្ដែង​នៅ​ប្រទេស​នានា គឺ​ត្រូវសុំ​ការអនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សិន ដើម្បី​កុំ​ឲ្យ​ការសម្តែង​ខុសពី​ទម្រង់​សិល្បៈ​ខ្មែរ ដែល​នាំ​ឲ្យ​អាប់ឱន​តម្លៃ​វប្បធម៌​។ ការប្រកាស​របស់​ក្រសួង​វប្បធម៌​នេះ ធ្វើឡើង​ក្រោយពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​នឹង​ជនជាតិ​សិង្ហ​បុរី​ម្នាក់ ដែល​យក​របាំ​ព្រះរាជ​ទ្រព្យ​ទៅ​សម្ដែង​នៅ​ពីក្រោយ​ខ្លួន កាលពី​ថ្ងៃទី​៣ មីនា​។​


 
​ក្រសួង​វប្បធម៌ បាន​សង្កត់ធ្ងន់ថា មាន​អង្គការ សមាគម​ក្រុម​សិល្បករ ឬ​បុគ្គល​មួយចំនួន បាន​ប្រើប្រាស់​ទម្រង់​របាំ​ព្រះរាជ​ទ្រព្យ​ក្នុង​រូប​ភាពមិន​សមរម្យ នៅ​ទីកន្លែង​ដែល​មិន​សមរម្យ ទាំង​ចេតនា​ក្តី ឬ​មិន​ចេតនា​ក្តី គឺ​សុទ្ធតែ​បង្ហាញ​ឲ្យ​សិល្បៈ​ខ្មែរ​អាប់ឱន ឬ​ជាការ​បន្ទាបបន្ថោក​ដល់​សិល្បៈ​ខ្មែរ និង​ប៉ះពាល់​ដល់​កិត្តិយស​នៃ​អ្នករបាំ​បុរាណ​ខ្មែរ ដែលមាន​មនសិការ និង​វិជ្ជាជីវៈ​ច្បាស់លាស់ ។ 
 
​លោក ព្រឿង ឈាង ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បញ្ជាក់ថា របាំ​ព្រះរាជ​ទ្រព្យ​គឺជា​របាំ​សក្ការៈ សម្រាប់​ថ្វាយ​ទេវៈ ដើម្បី​បួងសួង​សុំ​សេចក្តីសុខ សម្រាប់​សម្តែង​នៅក្នុង​កម្មវិធី​ផ្សេងៗ ដែល​ត្រូវ​សម្តែង​នៅ​ទីតាំង​ដែល​សមរម្យ​ផងដែរ​។ 
 
​ទីប្រឹក្សា​ក្រសួង​វប្បធម៌ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ការសម្តែង​របាំ​ព្រះរាជ​ទ្រព្យ ប្រៀប​ដូច​យើង​គោរព​ព្រះសង្ឃ​អ៊ីចឹង​ដែរ​។ អ៊ីចឹង​យើង​ដាក់​ម៉េច​ឲ្យ​ខ្ពស់ជាង​អ្នក​ស្តាប់ រូ​ច​ហើយ​កន្លែង​ក៏ត្រូវ​សមរម្យ មិនមែន​តែ​នៅ​ចង្ក្រាន​បាយ​អាច​សូត្រ​បានទេ​។ អ៊ីចឹង​របាំ​ហ្នឹង​បើ​យើង​មិន​យល់​ទេ គឺ​យើង​ឲ្យ​យល់​ដូចជា​ការធ្វើ​បុណ្យ​ព្រះសង្ឃ គោរព​ព្រះសង្ឃ​បែប​ម៉េច ឲ្យ​លោក​មក​សម្តែងធម៌​យ៉ាងម៉េច គឺ​ដូចគ្នា​នឹង​ការសម្តែង​របាំ​ដែរ​»​។ 
 
​ត្រង់ចំណុច​នេះ ក្រសួង​វប្បធម៌​ក៏​សម្តែង​សេចក្តី​រីករាយ​ដែល​ក្រុម​អ្នក​សិល្បករ​ខ្មែរ តែងតែ​យក​ទម្រង់​របាំ​ព្រះរាជ​ទ្រព្យ​ទៅ​សម្តែង​នៅក្នុង​កម្មវិធី​ផ្សេងៗ ជាពិសេស​នៅក្រៅ​ប្រទេស ដែល​នេះ​បង្ហាញ​ពី​ការថែរក្សា ផ្សព្វផ្សាយ​បំផុសបំផុល និង​លើកតម្កើង​ដល់​សិល្បៈ​ខ្មែរ​ពី​បុរាណ​។ ទន្ទឹមនឹងនេះ ក្រសួង​ក៏​ស្នើ​ឲ្យ​បណ្តា​សមាគម​សិល្បៈ​ខ្មែរ អង្គការ ស្ថាប័ន ត្រូវតែ​ជម្រាបជូន​ក្រសួង​វប្បធម៌​ជាមុនសិន ពី​គោលបំណង និង​ទីកន្លែង​នៃ​ការសម្តែង​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ ដើម្បី​ជៀសវាង​ការសម្តែង​ខុស​ទម្រង់​ដែល​ប៉ះពាល់​ដល់​សិល្បៈ​ខ្មែរ​។  
 
​កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ការសម្តែង​របាំ​ព្រះរាជ​ទ្រព្យ​នៅ​ពីក្រោយ គ្រូ​ហុងស៊ុយ​ដែលជា​ជនជាតិ​ម៉ាឡេស៊ី ចូលសញ្ជាតិ​សិង្ហ​បុរី​។ នាយករដ្ឋមន្ត្រី​ចាត់ទុក​ទង្វើ​នេះ​ថា ជាការ​អាប់អោន​ដល់​តម្លៃ​សិល្បៈ​ខ្មែរ ហើយ​សម្តេច​បានប្រកាស​មិន​ឲ្យ​បុរស​ជនជាតិ​ម៉ាស៊ីន​សញ្ជាតិ​សិង្ហ​បុរី​ចូលក្នុង​ទឹកដី​កម្ពុជា​ឡើយ​៕

Tag:
 ​ក្រសួង​វប្បធម៌​
 ​សិល្បករ​ខ្មែរ​
 ​របាំ​ព្រះរាជ​ទ្រព្យ​
 ​សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com