ជាតិ
សង្គមជាតិ
កម្ពុជា​ត្រៀម​៣០​លាន​ដុល្លារ សម្រាប់​ចំណាយ​លើ​បញ្ហា​កូ​វីដ​-១៩
05, Mar 2020 , 9:59 pm        
រូបភាព
រូបភាពពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ
រូបភាពពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ
ដោយ:
​ភ្នំពេញ​៖ កម្ពុជា ត្រៀម​ថវិកា​៣០​លាន​ដុល្លារ តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ដោយ​សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​បន្ត​រៀបចំ​ឧបករណ៍​តាមដាន ត្រួតពិនិត្យ និង​រៀបចំ​ទីកន្លែង​សម្រាប់​ព្យាបាល​វីរុស​កូ​វីដ​-១៩ (COVID-19 ) ត្រឹម​រយៈពេល​៦​ខែ​ទៅមុខ គឺ​ចាប់ពី​ខែមីនា រហូតដល់​ខែសីហា​។


 
​ក្រសួងសុខាភិបាល កំពុងតែ​សហការ​ជាមួយនឹង​បណ្តា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ តាមរយៈ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អំពី វិធានការ​ឆ្លើយតប​ជាបន្ទាន់ ចុះ​ផ្សព្វផ្សាយ និង អប់រំ​ពលរដ្ឋ​ឲ្យ​ការពារ​សុខភាព ដើម្បី​ទប់ស្កាត់​វីរុស​កូ​វីដ​-១៩​។ 
 
​តាមរយៈ​ថវិកា​៣០​លាន​ដុល្លារ​នោះ ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ នឹង​សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​ដៃគូ​ពាក់ព័ន្ធ ទៅលើ​ការបង្កើត​ប្រព័ន្ធ​ការពារ និង​ឧបករណ៍​តាមដាន​។ ជាពិសេស បន្ត​ពង្រឹង និង​បង្កើន​សមត្ថភាព​ផ្នែក​គ្រូពេទ្យ សម្ភារ​ពេទ្យ រៀបចំ​ឧបករណ៍​ស្កេ​នក​ម្កៅ ប្រព័ន្ធគ្រប់គ្រង និង​ភ្នាក់ងារ​ចាំ​ទទួល​ព័ត៌មាន ព្រមទាំង​ពង្រឹង​កិច្ចសហការ​ជាមួយនឹង​អង្គការ​សុខភាព​ពិភពលោក​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២០ វីរុស​កូ​វីដ​-១៩ បាន​រាលដាល​ដល់​៨០​ប្រទេស​ហើយ ដែល​បានសម្លាប់​មនុស្ស​ចំនួន​៣២៨៥​នាក់ ក្នុងនោះ​មាន​អ្នក​ឆ្លង​កើន​ដល់​ជាង​៩៥០០០​នាក់​។ មនុស្ស​ចំនួន​ជាង​៥៣០០០​នាក់​បានជា​សះស្បើយ​៕  

Tag:
 COVID-19
 ​ថវិកា​
 ​សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com