COVID-19
ជាតិ
លោក កឹម សុខា ៖ ខ្មែរ​ត្រូវ​រួមគ្នា​ទប់ស្កាត់​បញ្ហា​ប្រឈម ដោយ​មិនត្រូវ​ប្រើប្រាស់ COVID-19 ដើម្បី​ចំណេញ​នយោបាយ​ឡើយ​
06, Mar 2020 , 10:23 am        
រូបភាព
រូបពីហ្វេសប៊ុកលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ
រូបពីហ្វេសប៊ុកលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ
​ភ្នំពេញ​៖ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ស្នើឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ រួមគ្នា​ទប់ស្កាត់​នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ ដោយសារ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 ប្រសើរ​ជាង​យក​បញ្ហា​វីរុស​នេះ មក​វាយប្រហារ​គ្នា ដើម្បី​កេងចំណេញ​នយោបាយ​។


 
​លោក កឹម សុខា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា ពេលនេះ​ពិភពលោក​កំពុងតែ​ប្រឈម​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​Covid-19 ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​មនុស្សលោក​នោះទេ តែ​វា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេសជាតិ និង​ជីវភាព​រស់នៅ​របស់​ម​នុស្ស​ជាច្រើន​ទៀតផង ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ​។ 
 
​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលា​ការបន្ត​ដំណើរការ​នីតិវិធីរឿងក្តី «​គប់គិត​ជាមួយ​បរទេស​»​នេះ បាន​បរិយាយ​ដូច្នេះ​៖«​ខ្ញុំ​យល់ឃើញថា ក្នុង​កាលៈទេសៈ​នេះ យើង​ជា​ខ្មែរ​ត្រូវ​រួបរួមគ្នា ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រឈម​ទាំងពីរ​ខាងលើ​(​ជំងឺ​និង​សេដ្ឋកិច្ច​) ដែល​ប៉ះពាល់​ដល់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​យើង ដោយ​កុំ​ប្រកាន់​និន្នាការ​នយោបាយ កុំ​ប្រើប្រាស់​បញ្ហា​នេះ​បំផ្លើស​បំភ្លៃ ដើម្បី​កេងចំណេញ​នយោបាយ វាយប្រហារ​គ្នា ដោយ​អសីលធម៌​»​។​
 
​សម្រាប់​លោក កឹម សុខា កម្ពុជា​ត្រូវ​រួមគ្នា ហើយ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​វីរុស​COVID-19 នេះ ។ «​ខ្ញុំ​សូម​គាំទ្រ​ចំពោះ​កម្ពុជា​យើង ដែល​ពេលនេះ​ផ្តល់​អាទិភាព ដើម្បី​រួមគ្នា​ប្រ​យុ​ទ្ឋ​ប្រឆាំង​ជម្ងឺ Covid-19 និង​សូម​លើកទឹកចិត្ត​ដល់​សមត្ថកិច្ច​ជំនាញ បំពេញបេសកកម្ម​បាន​ជោគជ័យ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​។ ជាពិសេស​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា សូម​ថែរក្សា​អនាម័យ ការពារ​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដោយ​ប្រុង​ប្រ​យ​ត្ន័​ទប់ស្កាត់​នូវ​ជំងឺ​រាតត្បាត​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក កឹម សុខា​។​
 
​កាលពី​ថ្ងៃទី​៤ មីនា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ដាក់​ការប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​COVID-19 ជា​កិច្ចការ​អាទិភាព​ទីមួយ​របស់​ប្រទេស​កម្ពុជា​ទាំងមូល​នាពេលនេះ ដោយ​ចាប់ផ្តើម​ចូលរួម​ពី​ប្រជាជន​គ្រប់រូប​។ ជាមួយគ្នានេះ​សម្តេច ហ៊ុន សែន ក៏បាន​ចេញ​បញ្ជា​ឱ្យ​គ្រប់​ក្រសួង និង​ស្ថាប័នរដ្ឋ កាត់បន្ថយ​ការចំណាយ​ឱ្យបាន​រហូត​ទៅដល់​៥០​ភាគរយ នៅតាម​អង្គភាព​ខ្លួន​នីមួយៗ ដើម្បី​ជួយសង្គ្រោះ​សេដ្ឋកិច្ចកម្ពុជា ដែល​រង​ផលប៉ះពាល់​ដោយសារ​វីរុស​នេះ​។ ដោយឡែក​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងពាណិជ្ជកម្ម និង ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវ​កាត់បន្ថយ​ចំណាយ​ត្រឹម​២៥​ភាគរយ​ប៉ុណ្ណោះ​៕

Tag:
 កឹម សុខា​
  COVID-19
  Coronavirus
© រក្សាសិទ្ធិដោយ thmeythmey.com