Brondby ក្រុមកីឡាបាល់ទាត់នៃលីគលំដាប់ទី ៤ ដាណឺម៉ាក បានដាក់មនុស្សចំនួន១៣នាក់ ដែលក្នុងនោះមានកីឡាករ និងគ្រូជំនួយរបស់ពួកគេម្នាក់ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីអតីតជម្រើសជាតិដាណឺម៉ាក Thomas Kahlenberg ធ្វើតេស្តរកឃើញថាមានជំងឺ COVID-19។
នាយកផ្នែកទំនាក់ទំនងក្រុម Brondby លោក Christian Schultz អះអាងថាលោក Kahlenberg បានឆ្លងវីរុសនេះនៅទីក្រុង Amsterdam ប្រទេសហូឡង់កាលពីចុងសប្តាហ៍មុន ព្រមទាំងបានបង្ហាញខ្លួនក្នុងការប្រកួតរវាង Brondby ទល់ Lyngby នៅថ្ងៃទី១ ខែមីនា។
Joel Kabongo ខ្សែការពារ Brondby វ័យ ២១ ឆ្នាំកំពុងស្ថិតនៅដាច់ដោយឡែកជាមួយជំនួយការគ្រូបង្វឹកលោក Martin Retov ខណៈដែលក្រុម Lyngby ក៏មានកីឡាករ៣នាក់ត្រូវដាក់ចត្តាឡីស័កផងដែរ។
Schultz បានរៀរាប់ដំណើររឿងប្រាប់ BBC Radio 5 ថា Kabongo បានជួបលោក Kahlenberg ដែលមានផ្ទុក COVID-19 និងបានចាប់ដៃគ្នាថែមទៀត បន្ទាប់ពីការប្រកួតចប់ ដ្បិតអ្នកទាំងពីរជាអតីតមិត្តរួមក្រុមជាមួយគ្នា។
នាយកផ្នែកទំនាក់ទំនងក្រុម Brondby រូបនេះបន្ថែមថាអ្នកវិភាគទិន្នន័យ អ្នកចិត្តវិទូ និងបុគ្គលិកចំនួន ៩ នាក់រួមទាំងនាយកប្រតិបត្តិលោក Ole Palma ដែលជាសមាជិកលោកទាំងអស់កំពុងស្ថិតក្នុងចត្តាឡីស័ក។
ដោយឡែក ខ្សែបម្រើ Martin Ornskov ខ្សែការពារ Kasper Jorgensen និងខ្សែការពារស្លាបឆ្វេង Patrick da Silva របស់ក្រុម Lyngby ក៏ត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃផងដែរ បន្ទាប់ពីអ្នកទាំង៣ បានជួបជាមួយ Kahlenberg ដែរនោះ។
Kahlenberg អតីតក្រុមជ្រើសជាតិដាណឺម៉ាក វ័យ៣៦ឆ្នាំ ដែលសព្វថ្ងៃជាគ្រូបង្វឹកក្រុមយុវជនក្រុម Hellerup IK បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះភាពច្របូកច្របល់ដែលខ្លួនបានបង្កឡើងដោយមិននឹកស្មានដល់នេះ។
ចំណែក អតីតខ្សែបម្រើក្រុមហង្សក្រហម Liverpool លោក Christianax Poulsen ដែលបច្ចុប្បន្នជាជំនួយការគ្រូបង្វឹករបស់ក្លិប Ajax ក៏ត្រូវដាក់ដាច់ដោយឡែកពីគេដែ បន្ទាប់ពីជួបលោក Kahlenberg នៅក្នុង Amsterdam។
គិតត្រឹមថ្ងៃទី៦ ខែមីនានេះ ដាណឺម៉ាកមានឆ្លង COVID-19 សរុបចំនួន១៥ករណី ប៉ុន្តែគ្មានអ្នកស្លាប់នោះទេ៕