COVID-19
ជាតិ
អាជ្ញាធរ កំពុងស្វែងរកម្ចាស់កង់បីម្នាក់ ដែលធ្លាប់ដឹកបុរសជប៉ុនផ្ទុកកូវីដ-១៩
06, Mar 2020 , 1:46 pm        
រូបភាព
ក្រុមគ្រូពេទ្យ ចូលពិនិត្យសុខភាពអ្នកដែលត្រូវបានដាក់ឲ្យស្ថិតក្នុងបន្ទប់ដាច់ដោយឡែកពីគេ
ក្រុមគ្រូពេទ្យ ចូលពិនិត្យសុខភាពអ្នកដែលត្រូវបានដាក់ឲ្យស្ថិតក្នុងបន្ទប់ដាច់ដោយឡែកពីគេ
អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល អះអាងថា អាជ្ញាធរកម្ពុជា កំពុងស្វែងរកម្ចាស់កង់បីម្នាក់ ដែលធ្លាប់ដឹកបុរសជនជាតិជប៉ុនផ្ទុកវីរុសកូវីដ-១៩។ ការអះអាងរបស់អ្នកស្រី ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ជុំវិញករណីបុរសជប៉ុននោះ។



អ្នកស្រី ថ្លែងថា អាជ្ញាធរ នឹងមើលកាមេរ៉ាសុវត្ថិភាពតាមផ្លូវនានា ដែលថតជាប់ម្ចាស់កង់បី ដឹកបុរសជប៉ុននោះ។ ក្នុងកិច្ចប្រជុំ អ្នកស្រី លើកឡើងថា បុរសជប៉ុននោះ បានជិះកង់បីទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជនមួយ ក្នុងខេត្តសៀមរាប។

ម្ចាស់មន្ទីរពេទ្យឯកជន ដែលត្រូវបានកោះហៅឲ្យចូលរួមប្រជុំដែរនោះ បានប្រាប់អ្នកស្រី ឱ វណ្ណឌីន ថា ពេលពិនិត្យ បុរសជប៉ុននោះ ក្តៅខ្លួនលើសពី៣៧អង្សាសេ និង ក្អក។ ម្ចាស់មន្ទីរពេទ្យឯកជន រៀបរាប់ថា ក្រោយពិនិត្យឃើញអាការបែបនេះហើយ គាត់ បានទាក់ទងទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីឲ្យយកបុរសជប៉ុននោះ ទៅពិនិត្យនិងព្យាបាលបន្ត តែដោយសារខាងមន្ទីរបង្អែកខេត្តសៀមរាប មិនលើកទូរស័ព្ទ គាត់ ក៏សម្រេអនុញ្ញាតឲ្យបុរសជប៉ុននោះ ចាកចេញពីមន្ទីរពេទ្យរបស់ខ្លួន។

អ្នកស្រី ឱ វណ្ឌឌីន ចាត់ទុកថា ជាការធ្វេសប្រហែល ដែលម្ចាស់មន្ទីរពេទ្យឯកជន មិនបានរក្សាបុរសជប៉ុននោះទុកនៅកន្លែងខ្លួនសិន ហើយមិនទាក់ទងទៅកាន់ក្រសួងសុខាភិបាល និងមិនព្យាយាមទាក់ទងទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែបែរជាឲ្យអ្នកជំងឺ ចាកចេញទៅវិញ។ 

បុរសជប៉ុននោះ ត្រូវបានរកឃើញថា ឆ្លងវីរុសកូវីដ-១៩ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ពេលទៅដល់ជប៉ុនវិញ។ មានការអះអាងថា គាត់បានចេញពីព្រមានយន្តហោះខេត្តសៀមរាប ទៅកាន់វៀតណាម ហើយបន្តទៅដល់ជប៉ុន នៅថ្ងៃទី៤ ខែមីនា។

បច្ចុប្បន្ន ពលរដ្ឋខ្មែរ៤នាក់ (ស្រី២នាក់) ត្រូវបានដាក់ឲ្យស្ថិតក្នុងបន្ទប់ដាច់ដោយឡែកពីគេ ដើម្បីពិនិត្យសុខភាព បន្ទាប់ពីស្រាវជ្រាវដឹងថា ពួកគេ បានធ្វើការនិងមានទំនាក់ទំនងដោយផ្ទាល់ជាមួយបុរសជប៉ុននោះ ខណៈ៤០នាក់ទៀត (មិនបញ្ជាក់ជនជាតិ) មានទំនាក់ទំនងដោយប្រយោល ហើយត្រូវបានតាមដានសុខភាព ទោះជាមិនដាក់ឲ្យស្ថិតក្នុងបន្ទប់ដោយឡែកក្តី។

យ៉ាងណា អ្នកស្រី ឱ វណ្ឌឌីន បានប្រាប់អ្នកកាសែតក្រោយកិច្ចប្រជុំថា អ្នកស្រី បានចូលទៅសួរសុខទុក្ខពលរដ្ឋខ្មែរទាំង៤នាក់នោះហើយ ដោយពួកគេ នៅមានសុខភាពធម្មតា មិនទាន់មានបញ្ហាអ្វីឡើយ។ បើតាមអ្នកស្រី អាជ្ញាធរ មិនមែនតាមស្វែងរកតែម្ចាស់កង់បីម្នាក់នោះទេ​​ គឺស្វែងរកគ្រប់មនុស្ស ដែលធ្លាប់មានទំនាក់ទំនងជាមួយបុរសជប៉ុននោះ។

មិនទាន់មានព័ត៌មានច្បាស់ការឡើយ ថាបុរសជប៉ុនោះ ឆ្លងវីរុសកូវីដ-១៩ ពេលស្ថិតនៅកម្ពុជា ឬមួយក៏ឆ្លងពេលចេញផុតពីកម្ពុជា។ ក្រសួងសុខាភិបាល ស្នើឲ្យប្រជាពលរដ្ឋ ដែលធ្លាប់មានទំនាក់ទំនងជាមួយបុរសជប៉ុននោះ ទៅពិនិត្យសុខភាព៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com