COVID-19
អន្តរជាតិ
មហាសេដ្ឋី​ថៃ ប្រកាស​បង្កើត​រោងចក្រ​ផលិត​ម៉ាស់ ដើម្បី​បំពេញតម្រូវការ​នៅក្នុង​ប្រទេស​
06, Mar 2020 , 7:19 pm        
រូបភាព
លោកមហាសេដ្ឋីថៃ Dhanin Chearavanont។ រូបភាព៖ CP E-News
លោកមហាសេដ្ឋីថៃ Dhanin Chearavanont។ រូបភាព៖ CP E-News
​លោក Dhanin Chearavanont មហាសេដ្ឋី​ថៃ និង​ជា​ប្រធាន​ក្រុមហ៊ុន CP Group បានប្រកាស​នៅ​ថ្ងៃទី​៥ ខែមីនា​ថា ក្រុមហ៊ុន​លោក នឹង​វិនិយោគ​លើ​រោងចក្រ​ផលិត​ម៉ាស់​ប្រមាណ​ជា ៣,១៩​លាន​ដុល្លារ ឬ ១០០​លាន​បាត ដើម្បី​ជួយ​កាត់បន្ថយ​បញ្ហា​ខ្វះ​ម៉ាស់​ប្រើប្រាស់​នៅក្នុង​ប្រទេស​។ ការប្រកាស​របស់​មហា​សេដ្ឋី​រូបនេះ ធ្វើឡើង​បន្ទាប់ពី​ថៃ​កំពុង​ប្រឈម​បញ្ហា​ខ្វះ​ម៉ាស់​ការពារ​យ៉ាងខ្លាំង បន្ទាប់ពី​រកឃើញ COVID-19 ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​។


 
​ចាប់តាំងពី​ថៃ​បាន​រកឃើញ​ករណី​ឆ្លង COVID-19 ជា​បន្តបន្ទាប់ ម៉ាស់ គឺមាន​តម្រូវការ​ម៉ាស់​យ៉ាងខ្លាំង ហើយ​ទីតាំង​មួយចំនួន បាន​កែច្នៃ​ម៉ាស់​មួយ​ទឹក​យកមកប្រើ​ប្រាស់​ឡើងវិញ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុមហ៊ុន CP Group នឹង​វិនិយោគ​លើ​រោងចក្រ​ផលិត​ម៉ាស់ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៣​លាន​ដុល្លារ​។ 
 
​ជា​ក្រុមហ៊ុន​ចំណីអាហារ កសិកម្ម ប្រព័ន្ធ​ទូរគមនាគមន៍ CP Group បែរជា​ងាក​មក​វិនិយោគ​លើ​ម៉ាស់​វិញ ដើម្បី​បំពេញតម្រូវការ​នៅក្នុង​ប្រទេស និង​ផលប្រយោជន៍​ជាតិ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ម៉ាស់​មួយចំនួន ដែល​ផលិត​បាន នឹងត្រូវ​ក្រុមហ៊ុន​CP បរិច្ចាគ​ឲ្យ​បុគ្គលិក​សុខាភិបាល និង​ប្រជាជន​ក្រីក្រ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Nation​។ 
​បើតាម​ការកំណត់ រោងចក្រ​ផលិត​ម៉ាស់ ដែលមាន​សមត្ថភាព​ផលិត​ម៉ាស់ ៣​លាន​សន្លឹក​ក្នុង​មួយខែ​នេះ ត្រូវការ​រយៈពេល​ត្រឹមតែ ៥​សប្តាហ៍​ប៉ុណ្ណោះ ដើម្បី​សាងសង់​។ 
 
​ក្រៅពី​ក្រុមហ៊ុន​ឯកជន ខាង​រដ្ឋាភិបាល​ថៃ​ឯណោះ​វិញ ក៏បាន​សិក្សា​ពី​គម្រោង​ផ្តល់​ម៉ាស់​ចំនួន ៣០​លាន​សន្លឹក ដល់​ប្រជាជន​ចំនួន ១០​លាន​នាក់​ផងដែរ​។ ជា​ម៉ាស់ ដែល​អាច​ប្រើប្រាស់​បាន​ច្រើនដង និង​បោក​ទឹកបាន រដ្ឋាភិបាល​បានស្នើរ​ឲ្យ​មាន​សហការ​ពី​សហព័ន្ធ​រោងចក្រ​របស់​ថៃ ដើម្បី​គាំទ្រ​គម្រោង​មួយ​នេះ​។ យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹង​ច្បាស់​ថា គម្រោង​នេះ​អាច​លេចចេញ​ជា​រូបរាង​ពិតប្រាកដ​នោះទេ ព្រោះ​វា​ត្រូវ​កាត់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថៃ​នៅពេល​ខាង​មុន​ជាមុនសិន​។ 
 
​សូមបញ្ជាក់ថា ក្នុង​រយៈពេល​ជាង ២​ខែ​មកនេះ ម៉ាស់ និង​ទឹក​លាងដៃ គឺមាន​តម្រូវការ​យ៉ាងខ្លាំង​។ ដោយសារតែ​តម្រូវការ​ខ្ពស់ មាន​ឈ្មួញ​មួយចំនួន បាន​ស្តុក​ម៉ាស់ និង​លក់​ចេញ​ក្នុងតម្លៃ​ថ្លៃ​។ ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​ប្រទេសមួយ​ចំនួន បាន​ព្រមាន​ឈ្មួញ ឬ​អ្នក​ស្តុក​ម៉ាស់​ទាំងអស់ អាច​ប្រឈមមុខ​នៅ​ចំពោះ​មុន​ច្បាប់ ប្រសិនបើ​ហ៊ាន​បំពាន​ក្នុង​កាលៈទេសៈ​បែបនេះ​៕ 

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com