COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Premier League ផ្អាក​ឲ្យ​កីឡាករ​ចាប់ដៃគ្នា​មុនពេល​ប្រកួត
06, Mar 2020 , 8:19 pm        
រូបភាព
​ក្របខណ្ឌ Premier League បានប្រកាស​ឲ្យ​ផ្អាក​ការ​ចាប់ដៃគ្នា​មុន​ការប្រកួត​រវាង​ក្រុម​គូប្រជែង និង​មន្ត្រី​អាជ្ញាក​ណ្តា​ល ដើម្បី​ការពារ​រោគ​ឆ្លង COVID-19 ដែល​កំពុង​រាលដាល​ខ្លាំង​ស្ទើ​ជុំវិញ​ពិភពលោក​។ ការប្រកាស​នេះ នឹងដាក់​ឲ្យ​អនុវត្តន៍​ចាប់ពីពេលនេះ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មីទៀត​។​


 
«​ការ​ចាប់ដៃគ្នា​មុន​ការប្រកួត​ដើម្បី​ជាការ​គោរព​ក្នុង​ក្របខណ្ឌ Premier League រវាង​កីឡាករ និង​មន្ត្រី​នឹងត្រូវ​ហាម ចាប់ពី​ចុង​សប្តាហ៍​នេះ​រហូតដល់​មានការ​ជូនដំណឹង​បន្ថែម​ដោយ​ផ្អែកលើ​ការណែនាំ​ពី​វេជ្ជសាស្ត្រ​»​។ នេះ​ជា​សេចក្តីប្រកាស​លើ​វេ​ប​សាយ​ផ្លូវការ​របស់ Premier League​។​
 
​ក្រុម​អ្នកជំនាញ​បង្ហាញថា មេរោគ COVID-19 នេះ អាច​ចម្លង​តាមរយៈ​តំណក់​តូចៗ​ចេញពី​ច្រមុះ និង​មាត់ ព្រមទាំង​អាច​ឆ្លងតាម​ដៃ​តាមរយៈ​ការ​ចាប់ដៃគ្នា​ផង​។​
​វិធានការណ៍​នេះ​ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​រដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស​បានស្នើ​សុំ​លី​គ​កីឡាបាល់ទាត់​ទាំងអស់​នៅ​អង់គ្លេស​បង្កើន​ការទប់ស្កាត់​ការឆ្លង​នៃ​មេរោគ​ដ៏​កាច​សាហាវ​ដែលបានសម្លាប់​មនុស្ស​ជាង​៣០០០​នាក់ និង​ឆ្លង​ជិត​មួយ​ម៉ឺន​នាក់​។​
 
​បើទោះជា​គ្មាន​ការ​ចាប់ដៃ​ក៏ដោយ តែ​ក្រុម​ទាំងពី​នឹង​ឈរ​តម្រង់​ជួរ​ដូច​ធម្មតា ដោយ​ក្រុម​ម្ចាស់ផ្ទះ​នឹង​ដើរកាត់​មុខ​ក្រុម​ភ្ញៀវ​ដែលមាន​គម្លាត​ឆ្ងាយ​ពីគ្នា​។​
 
​យ៉ាងណាក៏ដោយ ការប្រកួត​កីឡាបាល់ទាត់​គ្រប់​កម្រិត​លី​គ​នៅ​អង់គ្លេស​នៅ​មិនមាន​ការប្រកាស​ឲ្យ​ផ្អាក ឬ​ពន្យារពេល​ដូច​នៅ​ក្របខណ្ឌ​ក្នុងប្រទេស​អ៊ីតាលី Serie A នោះទេ​។​
 
​ចក្រភព​អង់គ្លេស គិត​ត្រឹម​ថ្ងៃទី​៦ ខែមីនា​នេះ មាន​តួលេខ​អ្នក​ឆ្លង​សរុប​១១៦​នាក់ ស្លាប់​ម្នាក់ និង​ជាសះស្បើយ​វិញ​ចំនួន​៨​ករណី ខណៈ​អ៊ីតាលី​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ច្រើនជាងគេ​នៅ​តំបន់​អឺរ៉ុប ក្នុងនោះ​មាន​នាក់​ឆ្លង​៣៨៥៨ ស្លាប់​១៤៨ និង​ជា​វិញ​ចំនួន​៤១៤​នាក់​៕

Tag:
 Premier League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com