COVID-19
អន្តរជាតិ
ប្រមុខ WHO ចង់​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ដឹកនាំ​កិច្ចការ​ប្រយុទ្ធ COVID-19 ជាជាង​រដ្ឋមន្ត្រី​សុខាភិបាល​
06, Mar 2020 , 4:09 pm        
រូបភាព
ប្រមុខ WHO ចង់ឲ្យប្រមុខរដ្ឋាភិបាលដឹកនាំកិច្ចការប្រយុទ្ធ COVID-19 ជាជាងរដ្ឋមន្រ្តីសុខាភិបាល។ រូបភាព Xinhua
ប្រមុខ WHO ចង់ឲ្យប្រមុខរដ្ឋាភិបាលដឹកនាំកិច្ចការប្រយុទ្ធ COVID-19 ជាជាងរដ្ឋមន្រ្តីសុខាភិបាល។ រូបភាព Xinhua
​ខណៈដែល​កូ​រ៉ូ​ណាវី​រុស បាន​រាលដាល​ឥតឈប់ឈរ​នោះ អង្គការ​សុខភាព​ពិភពលោក (WHO) បានបង្ហាញ​ក្ដីបារម្ភ​លើ​ការត្រៀម​លក្ខណៈ​របស់​ជាច្រើន ដែល​មិនបាន​បង្ហាញ​ការប្ដេជ្ញាចិត្ត​ផ្នែក​នយោបាយ​ខ្លាំងក្លា​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​វីរុស​នេះ​។ ប្រមុខ WHO លោក Tedros Adhanom Ghebreyesus នៅ​ថ្ងៃទី​៥ ខែមីនា បានស្នើ​ឲ្យ​មេដឹកនាំ​ប្រទេស​ទាំងអស់ ដឹកនាំ​ការងារ​ប្រយុទ្ធប្រឆាំង​វីរុស ជាជាង​ផ្ទេរសិទ្ធិ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​។​

 
​ពី​អាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា​រហូតដល់​អាមេរិក ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) កំពុង​បង្ក​ការឈឺ​ក្បាល និង​ក្ដីបារម្ភ​យ៉ាងខ្លាំង​។ អ្វីដែល​បារម្ភ​ក្រោយ​ការ​រាតត្បាត​នេះ គឺ​ការខ្វះខាត​ការយកចិត្តទុកដាក់​ឲ្យ​បាន​គ្រប់គ្រាន់​លើ​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​នេះ​។ ករណី​ឆ្លង​ថ្មីៗ​ត្រូវបាន​រាយការណ៍​នៅតាម​ប្រទេស​ជាច្រើន បន្ថែម​ពីលើ​ការឆ្លង​នៅ​ប្រទេស​ដែលមាន​ករណី​ឆ្លង​ស្រាប់​ហើយ​ដូចជា​នៅ​កូរ៉េខាងត្បូង អ៊ីតាលី និង​អ៊ីរ៉ង់​ជាដើម​។ 
 
​អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ក៏បាន​ព្រមាន​ពី​ករណី​ប្រទេស​ជាច្រើន​ដែល​មិន​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​នយោបាយ​ឲ្យ​បាន​ខ្លាំង​ស្មើនឹង​ការគំរាមកំហែង​វីរុស​នេះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Tedros អះអាងថា ការផ្ទុះ​ឡើង​កូ​រ៉ូ​ណាវី​រុស មិនមែនជា​សមយុទ្ធ​អ្វី​ឡើយ តែ​ជា​វីរុស​ដែល​បង្ក​ការ​គំរាម​ទាំង​ប្រទេស​អ្នកមាន និង​ប្រទេស​អ្នកក្រ​។ 
 
​ដើម្បី​ដោះស្រាយ​បញ្ហា​ជា​សាកល​នេះ លោក Tedros ក៏​អំពាវនាវ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​គ្រប់​ប្រទេស​ដឹកនាំ​ការងារ​ឆ្លើយតប និង​សម្របសម្រួល​ជាមួយ​គ្រប់​វិស័យ​ទាំងអស់ ជាជាង​ទុក​ឲ្យ​រដ្ឋមន្ត្រី​ការ​សុខាភិបាល​ធ្វើ​កិច្ចការ​នេះ​។ បើតាម​អគ្គនាយក​រូបនេះ អ្វីដែល​ត្រូវការ​ចាំបាច់ គឺ​ការត្រៀមខ្លួន​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។ 
 
​នៅតាម​ប្រទេស​ជាច្រើន ការងារ​ដឹកនាំ​ប្រតិបត្តិ​ការប្រឆាំង COVID-19 រដ្ឋមន្ត្រី​សុខាភិបាល ជា​អ្នកទទួលខុសត្រូវ ហើយ​គេ​ក៏​តែង​ឃើញ​រដ្ឋមន្ត្រី​សុខាភិបាល​ចេញប្រកាស​ព័ត៌មាន​ផ្សេងៗ​។ ចំណែក​ប្រទេស​ខ្លះ​វិញ ក៏មាន​ថ្នាក់ដឹកនាំ​គ្រាក់ៗ​ដឹកនាំ​ដែរ​តួយ៉ាង នៅ​អាមេរិក អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន ជា​អ្នក​ក្ដាប់​ការងារ​នេះ​, នាយករដ្ឋមន្ត្រី​ចិន លី ឃឹ​ឈាំ​ង ក៏​ដឹកនាំ​ក្រុមការងារ​ដោះស្រាយ COVID-19 ខណៈ​នៅ​ថៃ ឧបនាយករដ្ឋមន្ត្រី Anutin Charnvirakul តែង​ឃើញ​ចេញមុខ​និយាយ​ពី​វីរុស​នេះ​។​
 
​បន្ទាប់ពី​ផ្ទុះឡើង​នៅ​ខែធ្នូ ឆ្នាំ​២០១៩ វីរុស​ដែល​រាយការណ៍​ពីដំបូង​នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ពិតជា​បង្កបញ្ហា​ច្រើន​សម្រាប់​ពិភពលោក​។ ទីផ្សារ​សាកល បាន​ឡើង​ចុះ​ជា​បន្តបន្ទាប់​។ ខ្សែចង្វាក់​ផលិតកម្ម ក៏​រាំងស្ទះ​ដោយសារ​ការខ្វះខាត​រូបធាតុ​បណ្ដាលមកពី​ការ​រឹតត្បិត​ការធ្វើដំណើរ ឬ​ការដឹកជញ្ជូន​។ ព្រឹត្តិការណ៍​កីឡា​ធំៗ និង​កម្មវិធី​ពិព័រណ៍​ជាច្រើន ក៏ត្រូវ​បាន​លុបចោល ឬ​ពន្យារពេល ស្រប​ពេលដែល​វិស័យ​ទេសចរណ៍​ក៏​ធ្លាក់ចុះ​ខ្លាំងក្លា​ដែរ​៕

Tag:
 WHO
  COVID-19
  Tedros Adhanom Ghebreyesus
© រក្សាសិទ្ធិដោយ thmeythmey.com