COVID-19
អន្តរជាតិ
តំបន់អឺរ៉ុបមានអ្នកផ្ទុក COVID-19 ជិត៦ពាន់នាក់, អ្នកស្លាប់ ១៥៧ករណី និងអ្នកជាសះស្បើយ ៣២០ករណី រូបពី Euronews
× គិតត្រឹមថ្ងៃទី៦ ខែមីនា តំបន់អឺរ៉ុប ត្រូវបានគេរកឃើញករណីCOVID-19 ចំនួន ៥៨៦៩ករណី។ ក្នុងនោះ មានករណីស្លាប់ចំនួន ១៥៧ករណី និងជាសះស្បើយចំនួន ៣២០ករណី។
មួយរយៈចុងក្រោយនេះ ប្រទេសជាច្រើននៅតំបន់អឺរ៉ុប បានរកឃើញករណី COVID-19 ជាច្រើន។ គ្រាន់តែថ្ងៃទី៦ ខែមីនា អូទ្រីស បានរកឃើញករណីថ្មីចំនួន ១០ករណី ដែលធ្វើឲ្យចំនួនសរុបកើនដល់ ៤៧ករណី។ ក្នុងថ្ងៃដដែលនេះ អាល្លឺម៉ង់ គឺជាប្រទេសរកឃើញអ្នកជំងឺ COVID-19 ច្រើនជាងគេនៅក្នុងតំបន់ ពោលគឺមានរហូត ១៣៤ករណីឯណោះ។ ករណីកូរ៉ូណាវីរុសនៅអាល្លឺម៉ង់ បានកើនដល់ ៥៣៤ករណី និងអ្នកជាសះស្បើយ ១៧ករណី។
ចំណែកនៅន័រវែលវិញ COVID-19 ក៏ត្រូវបានគេរកឃើញច្រើន គួរឲ្យកត់សម្គាល់ផងដែរ។ ក្នុងថ្ងៃដដែល ន័រវែល បានរកឃើញអ្នកជំងឺចំនួន ២៣ករណី ដែលធ្វើឲ្យចំនួនសរុបកើនដល់ ៩៥ករណី។
បើតាមតួលេខរបស់ BNO Tracking Coronavirus អ៊ីតាលីនៅតែជាប្រទេស ដែលមានតួលេខCOVID-19 ច្រើនជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប ដែលមានចំនួន ជិត ៣៩០០ករណី ដែលតាមពីក្រោយអាល្លឺម៉ង់មាន ៥៣៤ករណី បារាំង ៤២៣ករណី និងប្រទេសនៅតំបន់អឺរ៉ុបផ្សេងទៀត។
ក្នុងរយៈពេលចុងក្រោយនេះ COVID-19 ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះនៅក្នុងចិន ប៉ុន្តែបែបជាកើនឡើងខ្លាំងនៅក្រៅប្រទេសចិន ជាពិសេសកូរ៉េខាងត្បូង អ៊ីរ៉ង់ និងតំបន់អឺរ៉ុបនេះតែម្តង៕
© រក្សាសិទ្ធិដោយ thmeythmey.com