កញ្ញា សុជាតា បង្កើត​សមាគម​ស្ត្រី​មេផ្ទះ ផលិត​ម៉ាស់​ក្រមា​លក់​ក្នុងតម្លៃ​សមរម្យ
COVID-19
ជាតិ
សង្គមជាតិ
កញ្ញា សុជាតា បង្កើត​សមាគម​ស្ត្រី​មេផ្ទះ ផលិត​ម៉ាស់​ក្រមា​លក់​ក្នុងតម្លៃ​សមរម្យ
06, Mar 2020 , 10:29 pm        
រូបភាព
ភ្នំពេញ​៖ កញ្ញា ពិន សុជាតា ជា​អ្នក​ផលិត​សម្ភារ​ប្រើប្រាស់​ដែល​ច្នៃ​ពី​ស្លឹកត្នោត និង​ក្រមា មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ឆ្នាំង បាន​ផលិត​ម៉ាស់​ក្រមា​សម្រាប់​លក់​ឲ្យ​ពលរដ្ឋ ដើម្បី​ការពារ​ជំងឺ​ផ្តាសាយ ក្អក ជាពិសេស​ជំងឺ​កូ​វីដ​-១៩ (COVID-19) ក្រោយពី​កញ្ញា សង្កេតឃើញ​ម៉ាស់​ឡើងថ្លៃ​នៅ​ទីផ្សារ​កម្ពុជា​។ មាន​វ័យ​២៦​ឆ្នាំ កញ្ញា សុជាតា បាន​ជួយ​ឲ្យ​ស្ត្រី​មេផ្ទះ​ជាច្រើន​នាក់​មានការ​ងារ​ធ្វើ ដូចជា​ការផលិត​សម្ភារ​ដែល​ច្នៃ​ពី​ក្រមា និង​ស្លឹកត្នោត ដើម្បី​បង្កើន​ចំណូល​ដល់​ស្ត្រី​មេផ្ទះ​។



​កញ្ញា ពិន សុជាតា មាន​ជំនាញ និង​បើក​ជា​សិប្បកម្ម​ផលិត​សម្ភារ​ប្រើប្រាស់​ដែល​ច្នៃ​ពី​ក្រមា អស់​រយៈពេល​៣​ឆ្នាំ​មកហើយ ដែលមាន​ជា កាបូប​លុយ កាបូប​ដាក់​ប៊ិក បន្តោង​សោ បូ​ចង​សក់ និង​កាដូ​សម្រាប់​ថ្ងៃ​អាពាហ៍ពិពាហ៍​។ មុននឹង​កញ្ញា​មាន​សិប្បកម្ម​ផលិត​សម្ភារ​ដែល​ច្នៃ​ពី​ក្រមា​នេះ កញ្ញា សុជាតា ក៏បាន​បង្កើតជា​សហគម​ន៍​ស្ត្រី​មេផ្ទះ​ចំនួន​៣០០ ទៅ​៥០០​គ្រួសារ​ដែរ ដែល​ស្ថិតនៅ​ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ និង​សៀមរាប​។ ផលិតផល​ដែល​ច្នៃ​ពី​ក្រមា មានដូចជា កាបូប​លុយ កាបូប​ដាក់​ប៊ិក បន្តោង​សោ បូ​ចង​សក់ និង​កាដូ​សម្រាប់​ថ្ងៃ​អាពាហ៍ពិពាហ៍ ដែល​ផលិតផល​ទាំងនោះ កញ្ញា ដាក់លក់​នៅក្បែរ​សារមន្ទីរ​ជាតិ​ក្នុង​ភ្នំពេញ នៅតាម​បណ្តា​ស្តង់​ពិព័រណ៍​ពាណិជ្ជកម្ម​នានា​និង​នាំ​ចេញទៅ​ក្រៅប្រទេស​ដូចជា​បារាំង​និង​វៀតណាម​ជាដើម​។ 
 
​ក្រៅពី​ផលិត​សម្ភារ​ប្រើប្រាស់​ដែល​ច្នៃ​ពី​ក្រមា កញ្ញា សុជាតា ក៏​បន្ត​ចាប់ផ្តើម​ផលិត​ម៉ាស់​ក្រមា​តាំងពី​អំឡុងពេល​ជំងឺ​កូ​វីដ​-១៩ ផ្ទុះ​ដំបូង​មកម្ល៉េះ សម្រាប់​ទុក​ប្រើ​ខ្លួនឯង ដោយ​កញ្ញា​យល់ឃើញថា ពេល​ប្រើ​ទៅ​អាច​ការពារ និង​ទប់ស្កាត់​ពី​ជំងឺឆ្លង​ផ្សេងៗ​បាន ហើយ​កញ្ញា​ក៏​បន្ត​ផលិត​ម៉ាស់​ក្រមា​៥០០​ម៉ាស់​ក្នុង​មួយថ្ងៃ សម្រាប់​លក់​ទៅ​ឲ្យ​អតិថិជន​ដែល​នៅតាម​បណ្តា​ខេត្ត ដើម្បី​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ដោយ​តម្លៃ​សមរម្យ​ដែល​អាច​ទទួលយកបាន​។ កញ្ញា ប្រាប់ថា បើ​ទិញ​រាយ ម៉ាស់​មួយ មានតម្លៃ​៣០០០​រៀល ហើយ​បើ​ទិញ​ដុំ​វី​ញ (​ចាប់ពី​១០០​ឡើងទៅ​) នឹងមាន​បញ្ចុះតម្លៃ​។ 
​នារី​វ័យ​២៦​ឆ្នាំ​រូបនេះ មិន​ត្រឹមតែ​គិតពី​ការចំណាយ​របស់​ពលរ​ដ្ឋ​លើ​ការទិញ​ម៉ាស់​ថ្លៃ​ទេ កញ្ញា​ក៏​ចង់​ឲ្យ​ស្ត្រី​ខ្មែរ​មានការ​ងារ​មួយ​សមរម្យ ដែល​អាច​រក​ចំណូល​ដើម្បី​ចិញ្ចឹម​គ្រួសារ​ផងដែរ​។ សុជាតា និយាយថា​៖«​រាល់​ផលិតផល​របស់ខ្ញុំ​ទាំងអស់ គឺ​ជួយ​សហគមន៍​ផង ទីមួយ​យើង​កាត់បន្ថយ​ចំណាកស្រុក​ខុសច្បាប់ ទី​ពីរ​យើង​ជួយ​បង្កើន​ប្រាក់ចំណូល​ដល់​ពួកគេ​ក្នុង​មួយថ្ងៃ​អាច​រកចំណូលបាន​ចាប់ពី​៣​ម៉ឺន​រៀល​ឡើងទៅ​។ បើ​យើង​ប្រៀបធៀប​ពី​ការងារ​ដេរ​ម៉ាស់​នេះ វា​មិន​ចាញ់​ការងារ​រោងចក្រ​ប៉ុន្មាន​ទេ​»៕​

Tag:
 ម៉ាស់​
 ​ស្ត្រី​មេផ្ទះ​
 ​ជំងឺ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com