COVID-19
អន្តរជាតិ
COVID-19៖ ម៉ាឡេស៊ី​មាន​ករណី​ឆ្លង​២៨​ថែម​, សិង្ហ​បុរី​១៣, ឥណ្ឌូណេស៊ី​២, ថៃ​និង​វៀតណាម​ម្នាក់​មួយ​
07, Mar 2020 , 11:27 am        
រូបភាព
​នៅ​ថ្ងៃទី​៦ ខែមីនា​ម្សិលមិញ រដ្ឋ​អាស៊ាន​ចំនួន​៥ បាន​រាយការណ៍​ពី​ការកើនឡើង​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ ម៉ាឡេស៊ី មាន​តួលេខ​ឆ្លង​ថ្មីៗ​ច្រើនជាងគេ បន្ទាប់មក​សិង្ហ​បុរី​។ ឥណ្ឌូណេស៊ី ដែលមាន​ករណី​ឆ្លង​ចំនួន​ពីរ​នៅពេល​ថ្មីៗ​នេះ ក៏​រកឃើញ​ពីរ​ករណី​ទៀត ឯ​វៀតណាម​ដែល​ស្ងាត់​មួយរយៈ ក៏​រកឃើញ​មួយ​ករណី​ដែរ ខណៈ​ថៃ​ក៏បាន​ប្រកាស​ករណី​ឆ្លង​ថ្មី​លើ​ជនជាតិ​អង់គ្លេស​ម្នាក់​។

   
 
​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៦ ខែមីនា បានបញ្ជាក់​ពី​ករណី​ឆ្លង COVID-19 ចំនួន​២៨​ករណី​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​តួលេខ​ការឆ្លង​សរុប​ឡើងដល់​៨៣​។ មនុស្ស​៥៣​នាក់​ក្នុងចំណោម​៨៣​នាក់ ស្ថិតក្នុង​ការព្យាបាល ហើយ​អាជ្ញាធរ​កំពុងបើក​ប្រតិបត្តិ​ការស្វែងរក​អ្នក​ដែលមាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​ថ្មីៗ​នេះ​។ អគ្គនាយក​សុខាភិបាល​ម៉ាឡេស៊ី Noor Hisham Abdullah និយាយថា ក្នុង​តួលេខ​ទាំង​៨៣ មាន​ជនជាតិ​ម៉ាឡេស៊ី​៥៥​នាក់ ជនជាតិ​ចិន​១៥​នាក់ និង​៣​នាក់​ទៀត ជា​ជនជាតិ​អាមេរិក អ៊ីតាលី និង​ជប៉ុន​។ 
 
​នៅ​ថ្ងៃ​ដដែល សិង្ហ​បុរី ក៏បាន​ប្រកាស​ពី​ករណី​ឆ្លង​ចំនួន​១៣ ដែលជា​កើនឡើង​ករណី​ឆ្លង​ដ៏​ច្រើន​បំផុត​មួយ ក្នុង​រយៈពេល​ត្រឹម​មួយថ្ងៃ​។ តួលេខ​ចុងក្រោយ ការឆ្លង COVID-19 នៅ​សិង្ហ​បុរី​មាន​១៣០​ករណី​។ ជា​ដំណឹង​ល្អ អ្នកជំងឺ​ម្នាក់ទៀត ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​សះស្បើយ​មាន​ដល់​៨៣​នាក់​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ Channel NewsAsia ។​
 
​ឥណ្ឌូណេស៊ី ដែល​កន្លងទៅ​មិនមាន​ករណី​ឆ្លង​ណាមួយ​សោះ ក៏​ប្រកាស​ពី​ការរកឃើញ​បន្តបន្ទាប់​។ ក្រោយ​ប្រកាស​ពីរ​ករណី​នៅពេល​ថ្មី​នេះ នៅ​ថ្ងៃទី​៦ ខែមីនា​ដែរ ឥណ្ឌូណេស៊ី ក៏​បញ្ជាក់​ពី​ករណី​ឆ្លង COVID-19 ចំនួន​២​ករណី​ថែមទៀត​។ មន្ត្រី​សុខាភិបាល​ឥណ្ឌូណេស៊ី Achmad Yurianto ប្រាប់​អ្នកកាសែត​ថា ករណី​ថ្មី​២​ចុងក្រោយ​នេះ មាន​លទ្ធផល​ធ្វើតេស្ត​វិជ្ជមាន ក្រោយ​មាន​ទំនាក់ទំនង​ជាមួយ​ករ​ណី​ឆ្លង​លើក​មុន​។ ឥណ្ឌូណេស៊ី មាន​ករណី​ឆ្លង​សរុប​៤​។ 
 
​វៀតណាម​វិញ ក៏បាន​បញ្ជាក់​ពី​ករណី​ឆ្លង​ថ្មី​មួយទៀត​ដែរ នៅ​រដ្ឋធានី​ហាណូយ​។ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ហាណូយ លោក Nguyen Duc Chung បាន​បញ្ចេញ​អត្តសញ្ញាណ​អ្នក​ឆ្លង​ថ្មី​ដែលជា​ស្ត្រី​អាយុ​២៦​ឆ្នាំ ឈ្មោះថា Nguyen Hong Nhung​។ ស្ត្រី​រូបនេះ បាន​ធ្លាក់ខ្លួន​ឈឺ​ក្រោយ​ត្រឡប់​ពី​តំបន់​អឺរ៉ុប​វិញ ដោយបាន​ទៅដល់​ទីក្រុង​ឡុង​ដ៍ មី​ឡាន និង​ប៉ារីស​។ លោក Nguyen ប្រាប់​ឲ្យ​ប្រជាជន​កុំ​ស្លន់ស្លោរ និង​ត្រូវ​ប្រយ័ត្ន​ជានិច្ច ព្រោះ​ហានិភ័យ​នៃ​ការឆ្លង​មាន​ខ្ពស់​។​
 
​ដូចគ្នា​នឹង​វៀតណាម​ដែរ ថៃ​មាន​ករណី​ឆ្លង​ថ្មី​ដែរ គឺមាន​លើ​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ដែល​ធ្វើដំណើរ​ទៅកាន់​ថៃ​ដោយ​ឆ្លងកាត់​ហុងកុង​។ ក្រៅពី​ប្រទេស​ខាងលើ ស្ថានភាព​ឆ្លង​នៅ​ប្រទេស​តំបន់​អាស៊ាន មិនមាន​អ្វី​ប្រែប្រួល​ឡើយ លើកលែង​ហ្វីលីពីន ដែលមាន​ប្រកាស​ករណី​ឆ្លង​ថ្មី​មួយ​ដែរ​៕  
 
 
 

Tag:
 COVD-19
  ម៉ាឡេស៊ី​
  សិង្ហ​បុរី​
  ថៃ​
  វៀតណាម​
  ឥណ្ឌូណេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com