COVID-19
អន្តរជាតិ
COVID-19៖ មន្ត្រីនិងអ្នកនយោបាយអ៊ីរ៉ង់៦នាក់ស្លាប់ ឯខ្លះទៀតសម្រាកនៅមន្ទីរពេទ្យ លោក Hossein Sheikholeslam អតីតទូតអ៊ីរ៉ង់ប្រចាំស៊ីរី ស្លាប់ដោយសារ COVID-19 ។ រូបភាព AFP
× អ៊ីរ៉ង់ ស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេដោយសារការរាដាលជំងឺផ្លូវដង្ហើមបង្កដោយកូរ៉ូណាវីរុស (COVID-19)។ គិតត្រឹមថ្ងៃទី៧ ខែមីនា ករណីឆ្លងវីរុសនៅរដ្ឋមជ្ឈិមបូព៌ាមួយនេះ មានចំនួន៤៧៤៧នាក់ ហើយសម្លាប់១២៤នាក់ ដែលជាតួលេខខ្ពស់លំដាប់ទីបីបន្ទាប់ពីចិន និងអ៊ីតាលី។ ក្នុងចំណោមអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ទាំងអស់ ក៏មានអ្នកនយោបាយ និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលអ៊ីរ៉ង់ផងដែរ។
អ៊ីរ៉ង់ ទំនងជាប្រទេសតែមួយគត់ដែលមានមន្ត្រីឆ្លងវីរុស និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេ។ មកដល់ពេលនេះ អ្នកនយោបាយ និងមន្ត្រីអ៊ីរ៉ង់ចំនួន៦ហើយ បានស្លាប់ដោយសារជំងឺ COVID-19 ដែលផ្ទុះឡើងដំបូងក្នុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូបីរបស់ចិន។ ការឆ្លងជំងឺនេះនៅអ៊ីរ៉ង់ បានកើនឡើងក្នុងល្បឿនយ៉ាងឆាប់រហ័សបំផុត ដោយបានចម្លងដល់មនុស្ស៤៧៤៧នាក់ទៅហើយ។
លោក Hossein Sheikholeslam អតីតសមាជិកសភា និងជាអតីតឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំស៊ីរី បានទទួលមរណភាពដោយសារកូរ៉ូណាវីរុសប្រចាំថ្មី (COVID-19) ក្នុងអាយុ៦៧ឆ្នាំកាលពីថ្ងៃទី៥ ខែមីនាកន្លងទៅ។ លោក ក៏ជាទីប្រឹក្សារដ្ឋមន្ត្រីការបរទេស និងមានអតីតភាពជាយុវជនម្នាក់ដែលអុកឡុកស្ថានទូតអាមេរិកនៅឆ្នាំ១៩៧៩ ផងដែរ។
ក្រៅពីនេះ មន្ត្រីជាន់ខ្ពស់ដែលស្លាប់ដោយសារវីរុសនេះមាន លោក Mohammad Mirmohammadi សមាជិកក្រុមប្រឹក្សាផ្ដល់យោបល់ឲ្យមេដឹកនាំកំពូល, សមាជិកសភា Mohammad Ali Ramezani, មន្ត្រីក្រសួងកសិកម្ម Mojtaba Pourkhanali ដែលអ្នកទាំងពីរមកពីខេត្ត Gilan ដែលរាតត្បាតដោយ COVID-19 ។ ករណីស្លាប់ផ្សេងទៀតមាន Ahmad Toyserkani ជំនួយការប្រធានតុលាការកំពូល, លោក Hadi Khosroshahi អតីតទូតនៅវ៉ាទីកង់ និងលោក Mojtaba Fazeli ទីប្រឹក្សាមេដឹកនាំសាសនាម្នាក់។
បន្ថែមពីលើករណីស្លាប់ មន្ត្រីអ៊ីរ៉ង់ជាច្រើនទៀត ក៏កំពុងសម្រាកក្នុងមន្ទីរពេទ្យព្យាបាលមេរោគផងដែរ។ សមាជិកសភារបស់ទីក្រុងតេហេរ៉ង់ Fatemeh Rahbar ស្ថិតក្នុងសភាពសន្លប់ក្រោយឆ្លង COVID-19 ។ អនុប្រធានាធិបតីអ៊ីរ៉ង់ Masoumeh Ebtekar, អនុរដ្ឋមន្ត្រីសុខាភិបាលដែលដឹកនាំកិច្ចការប្រយុទ្ធប្រឆាំងវីរុស Iraj Harirchi និងបព្វជិតសាសនាជាន់ខ្ពស់ Musa Shobairi Zanjani ក៏ស្ថិតក្រោមការព្យាបាលផងដែរ។
© រក្សាសិទ្ធិដោយ thmeythmey.com