ជាតិ
សង្គមជាតិ
គណៈកម្មការការពារព្រៃឈើ៖ បើមានបទល្មើសព្រៃឈើ ត្រូវតែបង្ក្រាប ដោយមិនអល់អែកឡើយ សមត្ថកិច្ចកំពុងចុះពិនិត្យ វត្ថុតាងបទល្មើសព្រៃឈើ កាលពីថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២០ នៅខេត្តឧត្តរមានជ័យ (រូបភាពីរដ្ឋបាលព្រៃឈើ)
× ភ្នំពេញ៖ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបកស្រាយប្រាប់សាធារណជនថា ក្រុមការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើសធនធានធម្មជាតិ គឺអនុវត្តតួនាទី ភារកិច្ចទៅតាមច្បាប់ បើមានបទល្មើសត្រូវតែបង្ក្រាប មិនអល់អែកឡើយ។
ការបកស្រាយរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្រាបបទល្មើសធនធានធម្មជាតិ ធ្វើឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យខ្លួន ដែលចេញនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ក្រោយសង្កេតឃើញនៅលើបណ្ដាញព័ត៌មានសង្គម មានការផ្សព្វផ្សាយនូវព័ត៌មានដដែលៗ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅតំបន់កន្ទុយនាគ ស្ថិតនៅតំបន់ឧទ្យានជាតិវីរៈជ័យ ស្រុកតាវែង ខេត្តរតនគិរី។
មានព័ត៌មានមួយបានចុះផ្សាយ ថារកឃើញឈើល្មើសច្បាប់ជាង១៨០០កំណាត់ ស្មើនឹងរាប់ពាន់ម៉ែត្រគូបនៅតំបន់កន្ទុយនាគ ដោយសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស អល់អែកអនុវត្តច្បាប់។
អ្នកនាំពាក្យ បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រុមការងារបង្ក្រាបបទល្មើស បានចុះដល់តំបន់កន្ទុយនាគ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ហើយបានបញ្ចប់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ អ្នកនាំពាក្យបន្តថា ការចុះបង្ក្រាបនេះ គឺបានចាប់យកឈើល្មើសច្បាប់ជាង២០០០កំណាត់ ក្នុងនោះឆេះជាង១៨០កំណាត់។ អ្នកនាំពាក្យ បន្ថែមថា ឈើដែលចាប់បានទាំងនោះ ក្រុមការងារបានប្រគល់ឲ្យអាជ្ញាធរថ្នាក់ខេត្តជាអ្នកគ្រប់គ្រង និងដោះស្រាយសំណុំរឿងតាមនីតិវិធី។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យខាងលើ អះអាងថា អនុផលព្រៃឈើដែលជាវត្ថុតាងនៃបទល្មើស គឺសម្រាប់ដាក់ឲ្យដេញថ្លៃ ឬពិគ្រោះថ្លៃ ជាបន្តបន្ទាប់ ដើម្បីប្រមូលថវិកាជូនជាតិ។ ជាក់ស្ដែង មានឈើជាង៧,៣លានម៉ែត្រត្រីគុណ នៅខេត្តមណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ ត្រូវបានដេញថ្លៃរួចរាល់៕
© រក្សាសិទ្ធិដោយ thmeythmey.com