ជាតិ
រូបសំណាក​យាយ​យ៉ា​ត ចេតិយ​បុរាណ និង​ត្បូង ជា​និមិត្តសញ្ញា​ខេត្ត​ប៉ៃលិន​
07, Mar 2020 , 9:29 pm        
រូបភាព
និមិត្តសញ្ញាខេត្តប៉ៃលិន
និមិត្តសញ្ញាខេត្តប៉ៃលិន
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ សម្រេច​ដាក់ឱ្យ​ប្រើប្រាស់​និមិត្តសញ្ញា​ខេត្ត​ប៉ៃលិន ដែលមាន​រូបសំណាក​លោក​យាយ​យ៉ា​ត ចេតិយ​បុរាណ និង​ត្បូង ជា​និមិត្តសញ្ញា​ផ្លូវការ សម្រាប់​ប្រើប្រាស់​លើ​ក្បាល​លិខិត ឯកសារ កន្លែង​ការងារ និង​ពិធីការ​នានា​របស់​រដ្ឋ​បាល​ខេត្ត​។​


 
​សេចក្ដីប្រកាស​របស់​ក្រសួងមហាផ្ទៃ បាន​ចុះ​នៅ​ថ្ងៃទី​១៨​កុម្ភៈ ឆ្នាំ​២០២០​ថា និមិត្តសញ្ញា​ខេត្ត​ប៉ៃលិន​មាន​រាង​មូល វ័​ណ្ណ​មូល​ពីរ​ហ៊ុមព័ទ្ធ រូប​ត្បូង រូប​ភ្នំ រូប​ចេតិយ​បុរាណ រូបសំណាក​លោកយាយ​យ៉ា​ត រូប​ទម្រ​ស្ពឺ​កងចក្រ និង​កួរស្រូវ​ចង​ដោយ​ក្បាច់​ផ្ការំដួល រួមមាន​ផ្ទៃ​ពណ៌​ខៀវ​ខ្លី​។ 
 
​វ័​ណ្ណ​មូល​ពីរ​ហ៊ុមព័ទ្ធ តំណាង​ភាពត្រជាក់ត្រជុំ សម្បូរ​រុងរឿង ក្នុង​ព្រំដែន​នៃ​ដែនដី​រដ្ឋបាលខេត្ត​ប៉ៃលិន​។ រូប​ភេ​ទ្រ​ត្បូង តំណាង​ឲ្យ​ប្រវត្តិ​នៃ​ការកកើត​នៃ​ឈ្មោះ​ប៉ៃលិន ដែល​ក្លាយ​មកពី​ពាក្យ ភេ​លេន ជា​ភាសា​និយាយ​នៃ​ជនជាតិ​កូ​ឡា​រស់នៅក្នុង​តំបន់​នេះ តាំងពី​យូរលង់​ណាស់​មកហើយ​។ រូប​ភ្នំ រួមមាន ភ្នំ​ខៀវ ភ្នំ​យ៉ា​ត និង​ត្បូង តំណាងឱ្យ​ធនធានធម្មជាតិ រ៉ែ ត្បូង ព្រៃឈើ និង​សត្វចតុប្បាទ ដែលជា​ធនធាន​ដ៏​សំខាន់​ក្នុង​ខេត្ត​ប៉ៃលិន​។ រូប​ចេតិយ​បុរាណ និង​សំណាក​លោកយាយ​យ៉ា​ត អមដោយ​សត្វ​ក្ងោក​មួយគូ តំណាងឱ្យ​ការរស់នៅ​ដោយ​ក្ដី​សប្បាយរីករាយ និង​ការគោរព​ប្រពៃណី វប្បធម៌​រូបិយ និង​អ​រូបិយ អរិយធម៌​ដ៏​ចំណាស​របស់​ខេត្ត​។ ចំណែក​រូប​ទម្រ​ស្ពឺ​កងចក្រ និង​កួរស្រូវ​ចង​ដោយ​ក្បាច់​ផ្ការំដួល តំណាងឱ្យ​មូលដ្ឋាន​អភិវឌ្ឍ​សេដ្ឋកិច្ច​រីកចម្រើន​រប​ស់​ខេត្ត លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម សិប្បកម្ម និង​សហគ្រាស​។ រីឯ រូប​ដែលមាន​ផ្ទៃ​ពណ៌​ខៀវខ្ចី តំណាងឱ្យ​ភាពអំណោយ​ផល​នៃ​ធម្មជាតិ​៕ 

Tag:
 និមិត្តសញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com