អន្តរជាតិ
ហេតុអ្វី​បានជា​គេ​ប្តូរ​បង្អួច​យន្តហោះ​ពី​រាង​ជ្រុង មក​រាង​មូល​វិញ​?
07, Mar 2020 , 9:59 pm        
រូបភាព
​បើ​លោកអ្នក​ធ្លាប់​ធ្វើដំណើរ​នៅក្នុង​យន្តហោះ ឬ​ធ្លាប់​មើលទៅ​កាន់​យន្តហោះ​ពី​ចម្ងាយ អ្នក​ប្រាកដជា​បាន​សង្កេតឃើញថា ប​ង្អូ​ច​ដែល​នៅលើ​តួ​យន្តហោះ​ទាំងនោះ​មាន​រាង​មូល​នៅតាម​គែម ឬ​រាង​ក្បែរ​ពងក្រពើ​។ តើ​អ្នក​ដែលមាន​ចម្ងល់​ទេ​ថា មូលហេតុ​អ្វី​បានជា​បង្អួច​យន្តហោះ​ទាំងនោះ​មិន​ផលិត​មកជា​រាង​ជ្រុង​ដូចជា​បង្អួច​នៅតាម​ផ្ទះ​?

 
​ចម្លើយ​គឺថា វា​មាន​ភាពទាក់ទង​ទៅនឹង​សុវត្ថិភាព​នៃ​យន្តហោះ ជៀស​ជាង​ការ​រចនា​ម៉ូដ​ស្អាត​។ យន្តហោះ​ក្នុងសម័យ​ដើម​ក៏​ធ្លាប់មាន​បង្អួច​រាង​ជ្រុង​ដូច​បង្អួច​នៅតាម​ផ្ទះ​ដែរ​។ គេហទំព័រ Aerotime.aero បាន​ពន្យល់ថា ក្នុង​រយៈពេល​ជាង​១០០​ឆ្នាំ​ចុងក្រោយ​នៃ​បច្ចេកវិទ្យា​ហោះហើរ​នេះ យន្តហោះ​ត្រូវបាន​ទទួលរង​ការផ្លាស់ប្តូរ​ជាច្រើន​។ វា​មាន​លក្ខណៈ​លឿន​ជាង​មុន ផ្ទុក​មនុស្ស​បាន​ច្រើន​ជាមុន ទំនើប​ជាង​មុន និង​មាន​សុវត្ថិភាព​ជាង​មុន​។ 
 
​មូលហេតុ​គឺ​នៅត្រង់ថា ក្នុងការ​សន្សំសំចៃ​ប្រេង និង​ដើម្បី​ហោះ​ឲ្យ​បាន​កាន់តែ​ឆ្ងាយ យន្តហោះ​ទាមទារ​ឲ្យ​ហោះ​កាន់តែ​ខ្ពស់ ទើប​វា​ទទួលរង​ការ​កកិត​ជាមួយនឹង​ខ្យល់​កាន់តែ​តិច​។ ប៉ុន្តែ​នៅពេលដែល​យន្តហោះ​ហោះ​ក្នុង​រយៈកម្ពស់​ឆ្ងាយ បរិមាណ​ខ្យល់ និង​សម្ពាធ​បរិយាកាស​នៅ​ទីនោះ​មិន​គ្រប់គ្រាន់​សម្រាប់​មនុ​ស្សដ​ក​ដង្ហើម​នោះទេ​។ ក្នុងការ​ឆ្លើយតប​ជាមួយនឹង​បញ្ហា​នេះ យន្តហោះ​ត្រូវបង្កើត​បរិយាកាស​រប​ស់​ខ្លួន​ផ្ទាល់​នៅ​ខាងក្នុង​តួ​យន្តហោះ នៅពេល​ហោះហើរ​ក្នុង​កម្ពស់​ខ្ពស់​លើ​អាកាស​។ 
 
​នេះ​បានន័យថា នៅ​ខាងក្នុង​តួ​របស់​យន្តហោះ សម្ពាធ​បរិយាកាស​មាន​លក្ខ​ណៈស​ម​រម្យ​សម្រាប់​មនុស្ស​ធ្វើដំណើរ បើ​ប្រៀបធៀប​ជាមួយនឹង​សម្ពាធ​បរិយាកាស​ដែល​ខ្សោយ​នៅ​ខាងក្រៅ​។ ហេតុដូចនេះ តួ​យន្តហោះ​ត្រូវមាន​រាង​ជា​បំពង់ (​រាង​ស៊ីឡាំង​) ក្នុង​ការញែក​កម្លាំង​សម្ពាធ​បរិយាកាស​នៅ​ខាងក្នុង​នោះ​ឲ្យ​បាន​ស្មើៗ​គ្នា និង​ចៀសវាង​ការ​ពុកផុយ​នៃ​តួ​យន្តហោះ នៅពេល​ហោះហើរ​ច្រើនដង​។ ប៉ុន្តែ​អ្នកជំនាញ​មិនទាន់បាន​ប្តូរ​បង្អួច​ដែលមាន​រាង​ជ្រុង​នោះ​នៅឡើយ​ទេ​។ 
 
​នៅក្នុង​ឆ្នាំ​១៩៥៣ យន្តហោះ​ទំនើប​ក្នុងសម័យ​កាលនោះ​ដែលមាន​ឈ្មោះថា de Havilland Comet ចំនួន​បី​គ្រឿង​បាន​ធ្លាក់​ពីលើ​អាកាស​នៅក្នុង​ឆ្នាំ​តែមួយ​។ មូលហេតុ​គឺ​ដោយសារតែ​បង្អួច​ដែលមាន​រាង​ជ្រុង​ទាំងនោះ​។ នេះ​គឺ​ដោយសារ នៅពេលដែល​យន្តហោះ​ឡើង​ហោះហើរ សម្ពាធ​បរិយាកាស​ខាងក្នុង​យន្តហោះ​ត្រូវបាន​គេ​បង្កើត​ឡើងជា​រៀងរាល់​ជើង​។ 
 
​សម្ពាធ​ខាងក្នុង​នេះហើយ ដែល​បានធ្វើ​ឲ្យ​គែម​ជ្រុងៗ​នៃ​បង្អួច​មាន​ភាព​ពុកផុយ​បន្តិច​ម្តងៗ បង្ក​ទៅជា​គ្រោះថ្នាក់​។ ក្រោយមក អ្នក​វិស្វករ​ជំនាញ​បាន​រកឃើញ​អំពី​បញ្ហា​នេះ និង​បាន​ផ្លាស់ប្តូរ​រូបរាង​បង្អួច​ពី​រាង​ជ្រុង មក​រាង​មូល​វិញ​។ នេះ​គឺ​ដោយសារតែ​វត្ថុ​ដែលមាន​រាង​មូល​អាច​ទទួលរង​ការផ្លាស់ប្តូរ​នៃ​កម្លាំង​សម្ពាធ​បានល្អ​ជាង​វត្ថុ​ដែលមាន​រាង​ជ្រុង​។ ការផ្លាស់ប្តូរ​នៃ​បង្អួច​យន្តហោះ​នេះ បាន​ជួយ​ជីវិត​អ្នកដំណើរ​ជាច្រើន​លាន​នាក់ ក្រោយពី​ឧ​ប​ទេវ​ហេតុ​ធ្លាក់​យន្តហោះ​ដែល​បាន​រៀបរាប់​ពី​ខាងលើ​៕

© រក្សាសិទ្ធិដោយ thmeythmey.com