ONE Championship
កីឡាជាតិ
ជាតិ
ចាន់ រតនា ប្រឹងរៀន​ភាសា​បារាំង ទំនង​អាច​នឹង​ទៅ​រស់នៅ​ប្រទេស​បារាំង​មួយរយៈ​
07, Mar 2020 , 5:49 pm        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​

​អ្នកលេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា ដែល​ទើប​ឈានចូល​វ័យ ៣៤ ឆ្នាំ បាន​បង្ហើប​ថា​ខ្លួន​អាច​នឹង​ទៅ​រស់នៅ​ប្រទេស​បារាំង​មួយរយៈ​នាពេល​ខាងមុខនេះ​។ ការលើកឡើង​បែបនេះ បន្ទាប់ពី​ម្ចាស់​ក្លិប​ប្រដាល់ «​សិល្បៈ​» រូបនេះ​បាន​ចូលរៀន​ភាសា​បារាំង​នៅ​មជ្ឈមណ្ឌល​ភាសា​បារាំង​ក្បែរ​វត្ត​កោះ​ប្រហែលជា​កន្លះ​ខែ​មកហើយ​។


 
​ចាន់ រតនា​បាន​គូសបញ្ជាក់ថា​៖«​ខ្ញុំ​រៀន​ភាសា​បារាំង​ព្រោះ​ប្រពន្ធ​ខ្ញុំ​ជា​ជនជាតិ​បារាំង​។ ខ្ញុំ​មិន​ធ្លាប់​រៀន​បារាំង​ទេពី​មុន​ទេ​។ ខ្ញុំ​ចង់​ចេះ​ដើម្បី​ទំនាក់ទំនង​ផង ហើយ​នៅ​ថ្ងៃ​អនាគត​ខាងមុខ ខ្ញុំ​អាច​ទៅ​រស់នៅ​ប្រទេស​បារាំង​មួយរយៈ​ជាមួយ​គ្រួសារ​របស់ខ្ញុំ​»​។ 
 
​ក្រៅពី​បង្ហាត់​កូនសិស្ស​ជាច្រើន​នាក់ និង ហ្វឹកហាត់​ខ្លួនឯង​ដើម្បី​ឡើង​រេញ​នៅ ONE Championship ម្ចាស់​ក្លិប​សិល្បៈ​ឆ្លៀតពេល​រៀន​ភាសា​បារាំង​នាពេល​រសៀល​ចាប់ពី​ម៉ោង​១២:០០ ដល់​ម៉ោង ១:០០ រសៀល​ជា​រៀងរាល់ថ្ងៃ​។ ក្រោយ​ខកខាន​ឡើង​រេញ​រយៈពេល​ប្រមាណ​ជា​៥ ខែ ONE Championship បន្ទាប់ពី​ឈ្នះ​កីឡាករ​ចំបាប់​សញ្ជាតិ​គុយបា Gustavo Balart កាល​ខែ សីហា ឆ្នាំ ២០១៩ កីឡាករ​វ័យ​៣៤ ឆ្នាំមាន​តម្រុយ​អាច​នឹង​ឡើង​រេញ​នា​ដើមខែ មេសា ខាងមុខ ដោយ​ទំនង​ជួប​ជើង​ខ្លាំង​សញ្ជាតិ​ជប៉ុន Yuya Wakamatsu​។ 


 
​បែបណា​ក្ដី រតនា មិនបាន​បង្ហាញ​អំពី​ភាពប្រាកដប្រជា​នោះឡើយ​ពោល​ត្រូវ​រងចាំ​សិន​។ កីឡាករ​គុន​ចម្រុះ​ដដែល​សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​ប្រហែល​ជួប Yuya Wakamatsu មែន ព្រោះ​ខ្ញុំ​ត្រូវ​ជួប​គាត់​តាំង​ខែ តុលា ម្ល៉េះ ប៉ុន្តែ​បែរ​ខកខាន​ទៅវិញ​»​។ 
 
​ទោះបី ចាន់ រតនា មិនទាន់បាន​បង្ហើប​អំពី​ព័ត៌មាន​ពិត ប៉ុន្តែ បណ្ដាញ​សង្គម ឬ វិ​ប​សាយ​ក្នុងស្រុក​ជាច្រើន​បាន​ចុះផ្សាយ​ជា​ហូរហែ​រួចទៅហើយ​ថា ចាន់ រតនា ទំនង​ជួប​កីឡាករ​វ័យ​២៥​ឆ្នាំ​របស់​ជប៉ុន​ខាងលើ​។ កីឡាករ​ដែល​ជាប់កិច្ចសន្យា​ប្រកួត​នៅ​ស្ថាប័ន​អន្តរជាតិ ONE Championship មិនដែល​ភ្លេចខ្លួន​រឿង​ហ្វឹកហាត់​នោះទេ​ទោះបីជា រងចាំ​យូរ​ដើម្បី​ឡើង​ប្រកួត​ក្ដី​។ រតនា ហ្វឹកហាត់​ជាប្រចាំ​ទាំង​គុន​ខ្មែរ ប្រដាល់សកល ជឺ​ជិត​ស៊ូ ហាត់​កម្លាំង និង គុន​ចម្រុះ​ជាដើម ក្រោម​ការ​បង្វឹក​ដោយ​គ្រូ​ផ្សេងគ្នា​។ 
 
​ឯក​មកកាន់​ដំណើរ​ឆ្ពោះទៅ​ប្រទេស​បារាំង​វិញ ត្រូវបាន រតនា បន្ថែមថា​៖«​ក្នុង​រយៈពេល ៦ ឬ ៧ ខែ​ទៀត​ប្រពន្ធ​ខ្ញុំ​អាច​នឹង​ទៅ​រស់នៅ​ប្រទេស​បារាំង​មុន ប៉ុន្តែ​ខ្ញុំ​បែប​ទៅតាម​ក្រោយ​។ ហើយ​កូន​របស់ខ្ញុំ​ក៏​យកទៅ​រៀន​នៅ​ទីនោះ​ដែរ​។ ឥឡូវ​ខ្ញុំ​មិនទាន់​ច្បាស់​ថា​ខ្ញុំ​ត្រូវ​ទៅ​ពេលណា ប៉ុន្តែ​ខ្ញុំ​នឹង​ទៅ​រស់នៅ​ទីនោះ​ក្នុងអំឡុងពេល​មួយ ហើយ​ត្រលប់មក​ស្រុក​ខ្មែរ​វិញ​»​។​
 
​ចាន់ រតនា ជា​កីឡាករ​គុន​ចម្រុះ​ម្នាក់​ជំនាញ​ដោះ​ឃ្លេ​គូ​ពេល​ប៉ុនប៉ង​ពី​គូបដិបក្ខ ហើយ​បំបាក់​ដៃគូ ឬ បញ្ចប់​គូប្រជែង​ដោយ​ប្រើ​ក្បាច់គុន​ខ្មែរ​។ ពី​ជ័យជម្នះ ៧ លើក​កន្លងមក​ក្នុងចំណោម ១០ លើក​លើស​ង្វៀន​គុន​ចម្រុះ ចាន់ រតនា តែងតែ​យកឈ្នះ និង ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ដោយ​កណ្ដាប់​មហា​ទម្ងន់រ​បស់​គេ​ទាំងពីរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com