ONE Championship
កីឡាជាតិ
ជាតិ
វីរនារី​គុន​ចម្រុះ Tate និង​ម្ចាស់​ខ្សែក្រវាត់ Vera ទៅ​ទស្សនកិច្ច​កងទ័ព​អាមេរិក
08, Mar 2020 , 10:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​វីរនារី Miesha Tate អតីត​ម្ចាស់​ខ្សែក្រវាត់ UFC women’s bantamweight Champion និង​បច្ចុប្បន្ន​ជា​អនុប្រធាន ONE Championship  រួម​ដំណើរ​ជាមួយ​ម្ចាស់​ខ្សែក្រវាត់ ONE Heavyweight World Champion កីឡាករ Brandon Vera បានធ្វើ​ទស្សនកិច្ច​មូលដ្ឋាន​កង​ទ័ព​អាមេរិក នៅ​មូលដ្ឋាន​ទ័ពអាកាស Andersen ឬ  Andersen Air Force Base នា​កោះ​ហ្គា​ម (Guam)​។ 


 
​ទស្សនកិច្ច​នេះ​បាន​កើតឡើង បន្ទាប់ពី​មានការ​សម្របសម្រួល​ពី​អង្គភាព United Service Organizations (USO) ដែល​អនុញ្ញាត​ឲ្យ​អនុប្រធាន ONE និង​តារា​ឆ្នើម ចូលរួម​ក្នុង​សកម្មភាព​ជាច្រើន​នៅ​ទីនោះ ជាមួយ​សមាជិក​របស់ USO និង ទាហាន​។ 
 
​ទាំង Tate និង Vera ត្រូវបានគេទទួលស្គាល់​ថា ជា​ទូត​សុច្ឆន្ទៈ​ក្នុង​ពិភព​កីឡា​គុន​ចម្រុះ និង តែងតែ​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ផ្សេងៗ​។ «​ដំណើរ​ទស្សនកិច្ច​នេះ ពិតជា​ពិសេស​ណាស់​។ យើង​ស្រលាញ់​ការធ្វើសកម្មភាព​រួមគ្នា ជាមួយ​កងទ័ព​។ វា​ពិតជា​ល្អ​មែនទែន ពេល​បានឃើញ​មុខ​ពួកគេ ទោះបី​មិនបាន​ស្នាក់នៅ​យូរ​។ ហើយ​ពួកគេ​បាន​លះបង់​អ្វី​គ្រប់យ៉ាង​ក្នុង​ជីវិត​។ ខ្ញុំ​បាន​ទៅ​មើល​នាវាមុជទឹក ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​។ ខ្ញុំ​ពិតជា​សម្ដែង​ការគោរព​ដល់​ពួកគេ​។ ពួកគេ​បាន​ស្នាក់នៅ​ទីនោះ ដើម្បី​ការពារ​ប្រទេសជាតិ​។ វា​ពិតជា​រឿង​អស្ចារ្យ​»​។ Tate បាន​ថ្លែង​បែបនេះ​។ 


 
​អ្នក​ទាំងពីរ បានធ្វើ​ដំណើរ​ទៅ​មូលដ្ឋាន​ទ័ពអាកាស និង​មូលដ្ឋាន​ទ័ពជើងទឹក​នៅ Andersen ហើយក៏​បាន​ជួប​ទាហាន និង​បុគ្គលិក​ជាច្រើន  បាន​ថតរូប​ជុំគ្នា ញុំ​ា​អាហារ​រួមគ្នា និង​ទៅលេង​ឆ្នេរសមុទ្រ​ជុំគ្នា​ទៀតផង​។ 
 
Tate គូសបញ្ជាក់ថា ៖«​វា​ជា​លើក​ទី​១​របស់ខ្ញុំ នៅ​កោះ​ហ្គា​ម​។ ដូច្នេះ​វា​ជា​បទពិសោធន៍​ថ្មី​។ ខ្ញុំ​ស្រលាញ់​ទស្សនកិច្ច​នេះ​។ ខ្ញុំ​ចង់​ត្រលប់​ទៅវិញ​ម្ដងទៀត​។ ខ្ញុំ​ស្រលាញ់​ការជួប​កងទ័ព និង​បង្ហាញ​ការគោរព​ដល់​ពួកគេ អស់ពី​បេះដូង​។ សូម​អរគុណ​គ្រប់យ៉ាង សម្រាប់​ការទទួល​រាក់ទាក់​។ នោះ​ជា​ថ្ងៃ​ដ៏​មានន័យ​បំផុត​។ ពួកគេ​មាន​ឆន្ទៈ​លះបង់​គ្រប់យ៉ាង ដើម្បី​ប្រទេសជាតិ​និង រស់នៅ​ដោយ​ពេញចិត្ត​នៅ​ទីនោះ​»​។ 
 
​ចំណែក Vera បាន​រំលឹក​អំពី​រឿង​ពី​អតីតកាល​ថា រូបគេ​បានរស់នៅ​កោះ​ហ្គា​ម​រយៈពេល​៤​ឆ្នាំ ហើយ មូលដ្ឋាន​កងទ័ព​អាមេរិក​នេះ គឺ​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​។ 
 
​ម្ចាស់​ខ្សែក្រវាត់​កម្រិត​ពិភពលោក Vera បាន​សង្កត់ធ្ងន់​៖«​ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ច្រើន​ទេ តែ​ខ្ញុំ​បានរស់នៅ​ទីនេះ​៤​ឆ្នាំ​។ បើសិន​អ្នកដឹង​រឿងនេះ អ្នក​ច្បាស់​ជា​យំ​មិន​ខាន​ព្រោះ​វា​ជា​ក្ដី​ស្រលាញ់ និង​គ្រួសារ និង ទំនាក់ទំនង រួមទាំង​ការជួយ​គ្នា​ទៀតផង​»​។​
 
Vera ក៏​ធ្លាប់​បម្រើ​កងទ័ពអាកាស​អាមេរិក ពី​ឆ្នាំ ១៩៩៧ ដល់ ១៩៩៩ ផងដែរ​។ បន្ទាប់មក បុរស​វ័យ​៤២​ឆ្នាំ​រូបនេះ ក៏បាន​ចូលរួម​ក្រុមកីឡា​ចំបាប់​មួយ និង​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​អូឡាំពិក​របស់​អាមេរិក នារ​ដ្ឋ Colorado​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក រូបគេ​បង្ហាញខ្លួន​ក្នុង​ពិភព​គុន​ចម្រុះ និង​កសាង​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ ដល់​សព្វថ្ងៃ​។ 
 
​គួរ​ដឹងថា​នា ពេលបច្ចុប្បន្ន Vera កូនកាត់​អាមេរិក​-​ហ្វីលីពីន គឺជា​ម្ចាស់​ខ្សែក្រវាត់ ONE Heavyweight World Title និង​គ្រង​ខ្សែក្រវាត់​មួយ​នេះ បានយូរ​ជាងគេ​សម្រាប់​ស្ថាប័ន ONE Championship៕


 

© រក្សាសិទ្ធិដោយ thmeythmey.com