COVID-19
អន្តរជាតិ
អ៊ីតាលី បិទ​តំបន់​ភាគ​ខាងជើង​ដែលមាន​ករណី​ឆ្លង COVID-19 ខ្លាំងក្លា​
08, Mar 2020 , 11:15 am        
រូបភាព
​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) និង​អ៊ីតាលី ដែលជា​មានការ​ឆ្លង​ខ្លាំង បាន​បន្ត​កើនឡើង​ថែមទៀត​។ នៅ​អ៊ីតាលី​របស់​អឺរ៉ុប​វិញ ករណី​ឆ្លង​បាន​ឡើងដល់​ក្បែរ​៦​ពាន់​នាក់ ហើយ​ទីក្រុង​មួយចំនួន ត្រូវដាក់​ឲ្យ​ស្ថិតនៅក្រោម​ការ​រឹតបន្តឹង ឬក៏​បិទ​តែម្ដង​ដើម្បី​ទប់ស្កាត់​ការឆ្លង​ថែមទៀត​។ ដោយឡែក​ករណី​ឆ្លង​កូរ៉េខាងត្បូង នៅបាន​កើន​លើស​៧​ពាន់​ទៅហើយ ដោយ​ភាគច្រើន​ទីក្រុង Daegu ។

 
​ស្ថានភាព COVID-19 នៅ​អ៊ីតាលី កាន់តែ​យ៉ាប់យ៉ឺន​ផង ដោយ​តំបន់​ទាំង​២២ សុទ្ធ​តែមាន​ករណី​ឆ្លង​ទាំងអស់​។ ករណី​ឆ្លង​នៅ​ប្រទេស​អឺរ៉ុប​មួយ​នេះ​កើន​ក្បែរ​៦​ពាន់​នាក់​ទៅហើយ ខណៈ​ចំនួន​អ្នក​ស្លាប់មាន​២៣៣ ដែលជា​ចំនួន​ខ្ពស់​ជាងគេ​បន្ទាប់ពី​ចិន​។ ត្រឹម​ថ្ងៃទី​៧ ខែមីនា​មួយ​ប៉ុណ្ណោះ ករណី​ឆ្លង​មាន​ដល់​ទៅ​១២៤៧​នាក់ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​មាន​៥៨៨៣​នាក់​។ តំបន់ Lombardia, Emilia Romagna និង Veneto ដែល​នៅ​ភាគ​ខាងជើង រងគ្រោះ​ខ្លាំងជាងគេ​។​
 
​ដ្បិត COVID-19 វាយលុក​ខ្លាំង​បែបនេះ រដ្ឋាភិបាល​អ៊ីតាលី សម្រេច​បិទ​តំបន់​សម្បូរ​ប្រជាជន​ជាងគេ​របស់​ប្រទេស​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អាជ្ញាធរ​អ៊ីតាលី បិទ​ការចេញចូល​ទីក្រុង Lombardia ដែលមាន​ប្រជាជន​ប្រមាណ​១០​លាន​នាក់ ក៏ដូចជា​ខេត្ត​ចំនួន​១១​ក្នុង​តំបន់​ចំនួន​៤​ទៀត​។ ជាមួយគ្នានេះ កន្លែង​ដែលមាន​ការប្រមូលផ្ដុំ​ដូចជា កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក និង​កន្លែង​ជិះ​ស្គី​ទឹកកក​ជាដើម ក៏ត្រូវ​បិទ​ផងដែរ​។​
 
​សាលារៀន​គ្រប់​កម្រិត​នៅ Lombardia និង​ខេត្ត​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី នឹង​ត្រ​វ​បិទ​ដល់​ថ្ងៃទី​៣​ខែមេសា ខណៈ​សាលារៀន​នៅ​តំបន់​ឯទៀត នឹង​បិទ​ដល់​ថ្ងៃទី​១៥ ខែមីនា​។ អាជ្ញាធរ បាន​ណែនាំ​ឲ្យ​ប្រជាជន​កុំ​ធ្វើដំណើរ​ចូល​តំបន់​មុខសញ្ញា​ឲ្យ​សោះ បើ​គ្មាន​ការងារ​ចាំបាច់​ទេនោះ​។ ដោយឡែក ភោជនីយដ្ឋាន និង​ហាង​កាហ្វេ អាច​បន្ត​ដំណើរការបាន បើ​អាច​ធានា​គម្លាត​មួយ​រវាង​អតិថិជន​ទាំងអស់​។
 
​ចំណែក​នៅ​កូរ៉េខាងត្បូង​វិញ​នៅ​ថ្ងៃទី​៨ ខែមីនា អាជ្ញាធរ​សុខាភិបាល​បានបញ្ជាក់​ការឆ្លង COVID-19 ចំនួន​៣៦៧​ករណី​ថែមទៀត ដែល​នាំ​ឲ្យ​តួលេខ​ឆ្លង​សរុប​ឡើងដល់​៧១៣៤​។ ទីក្រុង Daegu និង​ខេត្ត North Gyeongsang នៅតែមាន​តួលេខ​ឆ្លង​ច្រើនជាងគេ​ដដែល​។ នៅ Daegu ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ​២,៥​លាន​នាក់ អាគារ​អា​ផាត​មិន​មួយ ត្រូវដាក់​ឲ្យ​នៅ​ដោយឡែក​ទាំងស្រុង ក្រោយ​រកឃើញ​ករណី​ឆ្លង​ក្នុង​អាគារ​។​
 
​ជាមួយ​តួលេខ​នេះ កូរ៉េខាងត្បូង បន្ត​ឈរ​លេខ​ពីរ​ជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើន​ជា​បន្ទាប់ពី​ចិន​។ បើតាម​វេ​ប​សាយ BNO News ចំនួន​អ្នកស្លាប់​នៅ​កូរ៉េខាងត្បូង​មាន​៥០​នាក់ គិត​ត្រឹម​ថ្ងៃទី​៧ ខែមីនា​៕
 
 

Tag:
 COVID-19
 កូរ៉េខាងត្បូង​
 អ៊ីតាលី
© រក្សាសិទ្ធិដោយ thmeythmey.com