អន្តរជាតិ
វៀតណាម អះអាងពីការធានាសុវត្ថិភាព និងសុខភាពសម្រាប់ប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅខែមេសាខាងមុខ រូបភាព៖ Reuters
× ស្របពេលពិភពលោក ក៏ដូចជាតំបន់ កំពុងតែជួបវិបត្តិនៃការរីករាលនៃវីរុស COVID-19 មន្ត្រីជាន់ខ្ពស់អាស៊ាន បានមានការជួបជុំមួយក្នុងខេត្តដាណាង របស់វៀតណាម ដែលដឹកនាំដោយប្រធានអាស៊ានវិលជុំវៀតណាម ដើម្បីបន្តរៀបចំផែនការអភិវឌ្ឍន៍ និងកសាងតំបន់។ សមាជិកអាស៊ានទាំងអស់ បានវាយតម្លៃខ្ពស់ពីការរៀបចំ និងគំនិតផ្តួចផ្តើមថ្មីរបស់វៀតណាម ក្នុងនាមជាប្រធានវិលជុំប្រចាំឆ្នាំ។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung នៅថ្ងៃ៦ មីនា បានឲ្យដឹងថា វៀតណាម បានរៀបចំផែនការជាជំហានៗ និងគោលដៅជាច្រើនសម្រាប់ប្រទេសសមាជិកទាំងអស់របស់អាស៊ានក្នុងការកសាងសហគមន៍អាស៊ាន និងចក្ខុវិស័យ ២០២៥ និងក្រោយ២០២៥ ដែលវៀតណាម ជឿជាក់ថា នឹងអាចទទួលយកបានពីគ្រប់បណ្តាសមាជិកទាំងអស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
តាមប្រភពព័ត៌មានដដែល ក្នុងកិច្ចសម្ភាសន៍ក្រៅនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន លោកអនុរដ្ឋមន្ត្រី Dung ថ្លែងថា វៀតណាម នឹងបង្ហាញការនាំមុខក្នុងការកសាងគំនិតផ្តួចផ្តើម ក៏ដូចជាសំណើពាក់ព័ន្ធដើម្បីលើកកម្ពស់សហគមន៍អាស៊ានក្នុងចំណោមបណ្តាសមាជិកទាំងអស់។ លោកអនុរដ្ឋមន្ត្រី បានអះអាងថា គំនិតផ្តួចផ្តើមនេះ ក៏ទទួលបានការគាំទ្រពីសមាជិកអាស៊ានជាបន្តបន្ទាប់ផងដែរ។
នាឱកាសដដែលនោះ លោក បានគូសបញ្ជាក់ផងដែរថា វៀតណាម ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃ៨-៩ មេសា ខាងមុខដ៏ខ្លីនេះ។ ខណៈពិភពលោក និងតំបន់កំពុងតែមានការបារម្ភខ្លាំងពីវីរុសថ្មី COVID-19ផងនោះ លោក បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ សូមកុំបារម្ភ វៀតណាម បានមានការៀបចំជាស្រេចសម្រាប់ធានាសុវត្ថិភាព និងសុខភាពអ្នកចូលរួមទាំងអស់ នៃកិច្ចប្រជុំ។
ជុំវិញ COVID-19 នេះដែរ លោក Ade Padmo Sarwono មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសឥណ្ឌូណេស៊ី ដែលបានចូលរួមកិច្ចប្រជុំដដែលនេះ ក៏បានបង្ហាញពីជំនឿចិត្តលើវិធានទប់ស្កាត់វីរុសរបស់រដ្ឋាភិបាលវៀតណាម ដែលបានធ្វើឲ្យលោក មានអារម្មណ៍សុវត្ថិភាព ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំក្នុងខេត្ត ដាណាងនេះ។
គួរជម្រាបថា វៀតណាម គឺជាប្រធានវិលជុំអាស៊ានសម្រាប់ឆ្នាំ២០២០នេះ។ ការធ្វើជាម្ចាស់អាស៊ានស្របពេល ដែលមានការរីករាលដាលនៃវីរុស COVID-19 គឺជាបន្ទុកធ្ងន់មួយសម្រាប់វៀតណាម ដ្បិតកិច្ចប្រជុំនេះ នឹងត្រូវមានការចូលរួមពីបណ្តាប្រតិភូជាច្រើនរូប ដែលមិនត្រឹមតែមកពីប្រទេសអាស៊ាននោះទេ។ ប្រតិភូមកពីអាស៊ីបូព៌ា និងអឺរ៉ុប ជាដើមនោះ ក៏នឹងវត្តមានផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com